ក្នុងឆ្នាំ២០១៩ ជនបរទេសដែលមកកម្ពុជា រងគ្រោះ ៥៥៨ករណី, ស្លាប់ ២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ ២១៣នាក់ និងបទល្មើសផ្សេងៗ ១២៣នាក់

20200121.35

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOT​LI​N​E​​​) ជាមួយជនបរទេសប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹ​ក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ រួមជាមួយបណ្ដាស្ថា​ន​ទូ​ត​ និងស្ថានតំណាងបេសកកម្មនានាប្រចាំកម្ពុជា ។

យោងតាមរបាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០១៩ បានឲ្យដឹងថា ជនបរទេស ដែលជាវិនិយោគិន និងទេសចរណ៍បរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះសរុបចំនួន ៥៥៨ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៣១ករណី ស្មើនឹ​ង​ ៥,៥%) មានជនរងគ្រោះ ៦៨១នាក់ (ស្លាប់២៤៥នាក់ របួស១០០នាក់ បាត់បង់ទ្រព្យសម្បត្តិ ២១៣នាក់ បទល្មើសផ្សេងៗ ១​២​៣​នាក់) មាន៤០សញ្ជាតិ លើ២៣រាជធានី-ខេត្ត សញ្ជាតិរងគ្រោះភាគច្រើនគឺ ចិន វៀតណាម បារាំង អង់គ្លេស និងអាមេរិក ហើ​យ​ភូមិសាស្រ្តដែលកើតមានភាគច្រើនគឺនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ។

ក្រៅពីជនបរទេសរងគ្រោះ ក៏នៅមានជនបរទេសប្រព្រឹត្តបទល្មើសសរុបចំនួន ៣២៤ករណី (ប្រៀបធៀបជាមួយឆ្នាំ២០១៨ កើនឡើង ៤៩ករណី ស្មើនឹង ១៥,១២%) ឃាត់ខ្លួន ១៤៣៣នាក់ មាន ៤០សញ្ជាតិ លើ ២២រាជធានី-ខេត្ត លើបទល្មើស ២៣ប្រភេទ ស​ញ្ជា​តិប្រព្រឹត្តបទល្មើសភាគច្រើនគឺ ចិន វៀតណាម ថៃ ឥណ្ឌា កូរ៉េខាងត្បូង ហើយភូមិសាស្រ្តដែលកើតមានភាគច្រើនគឺនៅ ខេ​ត្ត​ព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ដោយឡែក ករណីបណ្ដឹងសុំអន្តរាគមន៍សរុប ៥៧ករណី (មិនទាន់បញ្ចប់មាន ៣៦ករណី ជារបស់ស្ថានទូតចិន ៣២ករណី ស្ថានទូតឥណ្ឌា ០១ករណី និងជនជាតិចិន ០៣ករណី ដោយមូលហេតុកំពុងស្ថិត ក្នុងការស្រាវជ្រាវស៊ើបអង្កេតបន្ត) ប្រៀបធៀបជាមួយឆ្នាំ​២​០​១៨ កើនឡើង ២១ករណី ស្មើនឹង ៣៦,៨៤%)។

ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អជាមួយប​ណ្តា​​​ស្ថានទូត និងស្ថានតំណាងបេសកកម្មនានា រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានា ក្នុងដំណើរទស្ស​ន​កិច្ច និងការចុះបំពេញបេសកកម្មប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសបានប្រតិបត្តិការ អន្តរាគមន៍ដោះស្រាយបញ្ហា និង​ជួ​យ​​សង្គ្រោះវិនិយោគិនបរទេស និងទេសចរណ៍បរទេសបានទាន់ពេលវេលា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋានន​​គ​របាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅកម្ពុជា បានយកចិត្តទុកដាក់អន្តរាគម និងដោះស្រាយបញ្ហាជូនពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរបរទេស មន្ត្រីការ​ទូ​ត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា និងសំណូមពរឲ្យក្រុម HOTLINE ជ​ន​ប​រ​ទេស បន្តដោះស្រាយបញ្ចប់ករណី ដែលនៅសេសសល់។

នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាន នគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទា​ក់​ទាញនិងលើកទឹកចិត្ត វិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 125 នាក់

ម្សិលមិញ 1548 នាក់

សរុប 820884 នាក់