ប្រវត្ដិស្មុគស្មាញរបស់លោកបណ្ឌិត កេង វ៉ាន់សាក់

download (15)

លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥) លោក​បណ្ឌិត កេង វ៉ាន់សាក់ (ឆ្នាំ​២០០៥)

តាម​ប្រវត្ដិ​ដ៏​ស្មុគស្មាញ​ថ្លែងប្រាប់​ផ្ទាល់​ដោយ​បណ្ឌិត​ ​កេង វ៉ាន់សាក់ ​ជាមួយ ​វិទ្យុ​អាស៊ី​សេរី​នៅ​មុន​មរណភាព​របស់​លោក​ ​ក៏​ដូច​ជា​ប្រភព​នានា​ទៀត​នោះ​ ​បណ្ឌិត​អក្សរសាស្ដ្រ​ដែល​មិន​ខ្វះ​សត្រូវ​ក្នុង​ជីវិត​របស់​លោក​ជា​ជីវិត​ នយោបាយ​ក្ដី​ ​និង​ក្នុង​ជម្លោះ​ផ្នែក​អក្សរសាស្ដ្រ​ក្ដី​ ​មិន​ថា​តែ​គូរ​ទំនាស់​ជា​ជនជាតិ​ខ្មែរ​ ​ឬ​ជា​ជនបរទេស​នោះ​ ​លោក​គឺជា​កូន​ទី​៣​របស់​អ្នក​ម្នាង​មួយ​រូប​នៃ​សែ​ស៊ីសុវត្ថិ ។​

បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​ដែល​ទើប​បាន​អនិច្ចកម្ម​កាលពី​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៨ មុន​ក្នុង​ជន្មាយុ​៨៤​ឆ្នាំ គឺជា​កូន​ប្រុស​ទី​៣​របស់​លោកស្រី​ ​ហម​ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ដ​ពោធិ៍សាត់​ហើយ​ក៏​ជា​ញាតិ​នៃ​សែ​ក្សត្រីយ៍​ ម៉ូនីកា​ ​ជា​មហេសី​របស់​ព្រះ​អង្គ​ម្ចាស់​ ​នរោត្ដម​ ​យុគន្ធរ​ ​ដែល​ជា​ព្រះរាជ​បុត្រ​​របស់​ព្រះបាទ​នរោត្ដម ។​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​មាន​ឪពុក​ឈ្មោះ​ ​កេង ស៊ីផាន់​ ​ រស់​នៅ​កំពង់ចាម​ ​ថ្វីបើ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ផ្ទាល់​ ​ក៏​ដូច​ជា​ប្រភព​នានា​បាន​បញ្ជាក់​ថា​ ​លោក​ ​កេង​ ​ស៊ីផាន់​ ​គ្រាន់​តែ​ជា​ឪពុក​ចម្លង​ ​និង​មិន​មែន​ជា​ឪពុក​ដែល​បង្កើត​ខ្លួន​លោក​ក៏​ដោយ​នោះ ។​

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ក៏​ដូច​​ជា​ឪពុក​ចិញ្ចឹម​របស់​គាត់ ​កេង ស៊ីផាន់​ ធ្លាប់​បាន​ប្រាប់​គេឯង​ថា​ គាត់​បាន​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត ។​ បណ្ឌិត​កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​ថា​ ​លោក​ ​កេង​ ​ស៊ី​ផា​ន់​ ​គ្រាន់តែ​ជា​មនុស្ស​ដែល​គេ​ឧបកិច្ច​ថា​ជា​ឪពុក​ ជា​កិច្ច​ចម្លង​ប៉ុណ្ណោះ ​ហើយ​ដែល​ឪពុក​ចម្លង​រូប​នេះ​តែងតែ​តាម​ធ្វើ​ទុក្ខ​បុកម្នេញ​លោក​តាំង​ពី​ កុមារភាព​រហូត​រៀង​មក ។​

ដោយ​បាន​ចាប់កំណើត​នៅ​ថ្ងៃ​សៅរ៍​ ​២​កើត ខែ​អស្សុជ​ ​ឆ្នាំ​ឆ្លូវ​ ​សប្ត​ស័ក​ ​ព.ស​២៤៦៨​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​១៩២៥​ នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់ ​បាន​​ធំ​ចម្រើន​វ័យ​នៅ​ឃុំ​កំពង់បឹង​ ស្រុក​កំពង់លែង​ ខេត្ដកំពង់ឆ្នាំង ។​ ហើយ​ក្នុង​ជីវិត​របស់​លោក​ លោក​បាន​ឆ្លងកាត់​ប្រវត្ដិសាស្ដ្រ​នានា​នៃ​កម្ពុជា​ក៏​ដូច​ជា​ការ​ប្រែ​ ប្រួល​របស់​ប្រទេស​នេះ​ ​ទាំង​ចលនា​នយោបាយ​ ​ទាំង​ចលនា​ទាមទារ​ឯករាជ្យ​ ​ក៏​ដូចជា​​​ការ​តតាំង​គ្នា​ផ្នែក​អក្សរសាស្ដ្រ​ជាមួយ​អ្នកប្រាជ្ញ​ធំៗ ​រួម​មាន​សម្ដេច​ព្រះសង្ឃរាជ​ ​ជួន​ ​ណាត​ ផង​ដែរ ។​

លោក​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​ បាន​ចូលរួម​ក្នុង​ចលនា​នយោ​បាយ​ចម្រើន​ ​ដែល​ជា​ការ​សម្ដៅ​ដល់​ក្រុម​ឆ្វេង​និយម​ខ្មែរ​នៃ​​បក្ខ​​ពួក​ ​ប៉ុ​ល​ ​ពត​, អៀង​ ​សារី​ ​ដែល​ជា​មេដឹកនាំ​នៃ​របប​វាល​ពិឃាត​សម្លាប់​មនុស្ស​ប្រមាណ​ជាង​១​លាន​៧​សែន​ នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង ។​ បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ក៏​បាន​មាន​ចំណែក​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុម​ឆ្វេងនិយម​ជ្រុល​នេះ​ ​ហើយ​បើ​តាម​សៀវភៅ​រៀបរៀង​ឡើង​ដោយ​លោកស្រី​ឡូរ៉ា​សាម័​រ​ សម្រាប់​ជា​ឯកសារ​សិក្សា​នៅ​សកល​វិទ្យាល័យ​ឃុននែល​ ​នៃ​សហរដ្ឋអាមេរិក ​ភ្ជាប់​នឹង​ស្នាដៃ​របស់​លោក​ ​ខៀវ​ សំ​ផ​ន​ បក​ប្រែជា​ភាសា​អង់គ្លេស​នោះ​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នៃ​ការ​តាម​រក​សម្លាប់​ របស់​ក្រុម​លោក​ ​លន់​ ​នល់ ​កាល​ជំនាន់​មុន​ឆ្នាំ​១៩៧០ ​។​

អំពី​ទំនាក់ទំនង​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជាមួយនឹង​ពួក​មេដឹកនាំ​ខ្មែរក្រហម​នោះ​ លោក ​នួន ​ជា​ ​អតីត​ប្រធាន​សភា​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បងធំ​ទី​២​នៃ​របប​នោះ​បាន​និយាយ​ថា​ កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេ​ខ្មែរក្រហម​ទេ ។​

លោក នួន​ ​ជា​ ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​កាល​មុនគេ​ចាប់​ខ្លួន​ថា​ ​«ទស្សនៈ ​របស់​ ​កេង​ ​វ៉ាន់សាក់​ ​និង​ទស្សនៈ​របស់​ ​សា​ឡុ​ត​ ស​ ​ឱ្យ​ជ្រៅ​ទៅ​មិន​ដូច​គ្នា​ទេ​ ពីព្រោះ​ ​កេង​ ​វ៉ាន់សាក់​ជា​បញ្ញា​ ​ជន​ជាន់ខ្ពស់​ ខុស​ពី​សាឡុត​ ស, សាឡុត ស​ជា​បញ្ញាវ័ន​មែន​តែ​ខាង​បច្ចេកទេស» ។

លោក នួន​ ​ជា​ ​បាន​និយាយ​ទៀត​អំពី​ភាព​ខុស​គ្នា​ថា​ ​«និយាយ ​រួម​ទៅ​ ​ដល់ទី​ចុង​បំផុត​ ​កេង​ ​វ៉ាន់សាក់​ ​គាត់​គេច​រត់​ចេញពី​ស្រុក​ទៅ ។​ ​ឯ​ ​សាឡុត​ ​ស​ ​អត់​ចេញ​ពី​ស្រុក​ទេ ។​ ​គាត់​នៅ​ស្រុក​ខ្មែរ​បន្ដ​ការ​ដឹកនាំ​តទៅ​ទៀត ។​ នេះ​ជា​គោល​ជំហរ​មួយ​ធំ​ណាស់» ។

លោក នួន​ ​ជា​បាន​អធិប្បាយ​ទៀត​ថា​ ​កេង​ ​វ៉ាន់សាក់​ ​មិនមែន​ជា​មេដឹកនាំ​នៃ​ចលនា​ចម្រើន​និយម​នៃ​ក្រុម​ ​ប៉ុល​ ​ពត, អៀង​ ​សារី ​ទេ ។​ ​តាម​សម្ដី​ ​ លោក នួន​ ​ជា​ «អត់ ​ទេ​ជា​រូបភាព​ ​គាត់​ ​កេង​ ​វ៉ាន់សាក់​ចេញ ។​ ​ប៉ុន្ដែ​ស៊ីជម្រៅ​ក្នុង​បក្ស​គេ​មិន​ដែល​យក​អ្នក​ចំហ​​អញ្ចឹ​ង​ទៅ​ដឹកនាំ​ ទេ ​បក្ស​ណា​ក៏​ដោយ» ។

ភាព​ស្មុគស្មាញ​នៃ​​ដំណើរ​ជីវិត​របស់​ បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ដែល​មាន​ទំនាស់​នឹង​គេ​ស្ទើរតែ​គ្រប់​គ្នា​ក្នុង​ជួរ​អ្នកចេះ​ដឹង​ជាន់​ ខ្ពស់​ ​និង​អ្នកមាន​អំណាច​ ​ក៏​ដូច​ជា​ពួក​មន្ដ្រី​អាណា​និគម​និយម​បារាំង​នោះ​ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​ជាប់​ទុក្ខ​កង្វល់​ច្រើន​លើក​ ច្រើន​សារ ។​ ​កាលពី​អាយុ​បាន​៣០​ឆ្នាំ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​បាន​ជាប់គុក​ច្រើន​ខែ​នៅ​ឆ្នាំ​១៩៥៥​ ​ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​រូប​គាត់​ជា​អគ្គលេខាធិការ​រង​ ​នោះ​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ទល់​នឹង​គណបក្ស​សង្គម​រាស្ត្រ​​និយម​ ដឹកនាំ​ដោយ​ព្រះ​ ​នរោត្ដម សីហនុ ។

បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែនការ​ប៉ុនប៉ង​បាញ់​សម្លាប់​មេ​ ដឹកនាំ​ ​និង​ឥស្សរជន​នៃ​គណ​បក្ស​សង្គម​រាស្ដ្រ​និយម​តាម​ការ​ឆ្លើយ​ដាក់​របស់​ បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រសួង​ចារកម្ម​ឈ្មោះ​ ​ជ័យ​ សុផល ។

ក្នុង​វ័យ​៣៧​ឆ្នាំ​ បណ្ឌិត​កេង ​វ៉ាន់សាក់​ ​ក៏​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​ម្ដងទៀត​នៅ​ឆ្នាំ​១៩៦៨​ ពី​បទ​សង្ស័យ​ថា​ ​បង្កើត​ភាព​ច្របូក​ច្របល់​រំជើប​រំជួល​ក្នុង​ការ​ចាត់ចែង​អក្សរ​សាស្ដ្រ​ ជាតិ​កាល​គាត់​ធ្វើ​ជា​សាស្ដ្រាចារ្យ​នៅ​ពុទ្ធិក​សកល​វិទ្យាល័យ​ សីហនុរាជ្យ ។​

គឺជា​ដំណាក់កាល​នៃ​សង្គ្រាម​ អក្សរសាស្ដ្រ​ដែល​ក្រុម​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​មាន​កម្លាំង​តិច​ជាង​ ​និង​អ្នកគាំទ្រ​តិច​ជាង​ ​បាន​ប្រឈម​តទល់​ ​ថ្វីបើ​មិន​ចំហ​ និង​ចំពោះ​មុខ​ផ្ទាល់​ ​ជាមួយ​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត ។​

កាលនោះ​យោង​តាម​មន្ដ្រី​បុគ្គលិក​ សិក្សា​ប្រទេស​កម្ពុជា​ថា​ ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​គឺជា​បុគ្គលិក​សិក្សា​ដើម​ខ្សែ​ថ្នាក់​ទី​១ ​ហើយ​ដែល​គេ​ស្គាល់​ថា​ ​ជា​អ្នក​ដែល​ពុំ​មាន​យោបល់​ស្រប​នឹង​បញ្ញា​ជន ​និង​អ្នកដឹកនាំ​ដទៃ​ណា​ទៀត​ឡើយ ។​ លោក​មើលឃើញ​ថា ​អ្នកដឹកនាំ​ទាំងនោះ​​​ពុំ​មាន​ឆន្ទៈ​ដឹកនាំ​ប្រទេស​ខ្មែរ​ឱ្យ​រួច​ចាក​ផុត​ ពី​ការ​លេប​ត្របាក់​យក​របស់​បរទេស​ជិតខាង​ ​ជា​ពិសេស ​បារាំង​ ​និង​វៀតណាម​​នោះ​ទេ ​។​

អំពី​រឿង​នេះ​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​បាន​និយាយ​ប្រាប់​ថា​ «កើតមក​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​ជាតិ ​ស្រឡាញ់​ស្រុក​ ​ស្រឡាញ់​ខ្មែរ​ប៉ុណ្ណឹង​ទេ ។​ ​ហើយ​ដឹង​ថា​ ​ខ្មែរ​ហ្នឹង​គង់តែ​ភ្លាត់​ដោយសារ​បារាំង​ដោយសារ​ចិន​ ​ដោយសារ​យួន​ និង​ដោយសារ​មេដឹកនាំ​ខ្មែរ​ពុក​រលួយ​ ​ដោយសារ​ស្ដេច​យើង​ ដោយសារ​រាស្ដ្រ​យើង​ល្ងង់ខ្លៅ​ ខ្មែរ​ទាំងអស់​ឱន​ក្បាល​ក្រាប​តាម​តែ​គេ ។​ ​ដឹង​អាហ្នឹង​វា​ទៅ​ជា​ឈឺ​ចាប់​រហូត​រៀង​មក​ ហើយ​ទទួល​រឿង​ឪពុក​ម្ដាយ​ខ្ញុំ​អីហ្នឹង​វា​ពិបាក​ថែម​ទៀត​ ​មានចិត្ដ​ក្នុង​ខ្លួន​ថា​ធ្វើ​ម៉េច​ខំរៀន​ឱ្យ​បាន​ចេះ​ដឹង» ។

លោក​បាន​និយាយ​រៀបរាប់​អ្វី​ដែល​ជា​ កង្វល់​ធំ​ជាងគេ​គឺ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​នោះ​ទាល់តែ​ ខ្មែរ​មាន​ពុម្ព​​អក្សរ​ប្រើ​ ​ព្រោះ​មិន​អាច​ពឹងពាក់​លើ​ការ​សរសេរ​អក្សរ​នឹង​ដៃ​ក្នុង​កិច្ច​ការ​រដ្ឋ​ នោះ​ទេ​ ហេតុ​ដូច្នេះ​ហើយ​ជា​លទ្ធផល​នោះ​ ​បណ្ឌិត​ ​កេង​ វ៉ាន់សាក់​ ​គឺជា​អ្នក​ដែល​បាន​បង្កើត​អង្គុលី​លេខ​ប្រើ​ភាសា​ខ្មែរ​មុនគេ ។​ លោក​បាន​និយាយ​ថា​ ​«ខ្ញុំ​ខំ​ធ្វើ​ម៉េច​ឱ្យ​ប្រើ​ភាសា​ខ្មែរ​បាន​ សរសេរ​អក្សរ​ជា​អក្សរ​ពុម្ព​​បាន​ ​ហើយ​យក​មក​ប្រើ​ផង​ដើម្បី​ឱ្យ​យើង​អាច​ឯករាជ្យ​បាន ។​ នេះ​ជា​បញ្ហា​ធំ​ជំនាន់​ហ្នឹង​ ​ព្រោះ​ថា​ឯករាជ្យ​ម៉េច​កើត​បើ​យើង​អត់​មាន​ពុម្ព​សរសេរ ។​ ​សរសេរ​ដៃ​កិច្ចការរដ្ឋ​ទៅ​មិន​ទាន់​ទេ ។​ ជំនាន់​នោះ​មិន​ទាន់​មាន​ម៉ាស៊ីន​សរសេរ» ។

ប៉ុន្ដែ​នៅ​ពេល​ដែល​មានការ​លើក​ឡើងជា​សំណួរ​ថា បើ​ទាស់​ជាមួយ​បរទេស​ ​ជា​ពិសេស​ជា​មួយ​អាណានិគម​បារាំង​ប្រហែល​ជា​ពុំ​មាន​បញ្ហា​អ្វី​ធំ​ដំ​ទេ​ ​ប៉ុន្ដែ​តាម​ប្រសាសន៍​លោក​ខាង​ដើម​នោះ​លោក​ទាស់​តាំង​តែ​ជាមួយ​ព្រះករុណា​ ទាស់​ជាមួយ​សម្ដេច​ព្រះ​សង្ឃរាជ​ ទាស់​ជាមួយ​លោក​សេនាប្រមុខ​ ​លន់​ ​ណុ​ល​ ​ទាស់​ជាមួយ​គ្រប់​គ្នា​ទាំងអស់ ។​ នោះ​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​បាន​ផ្ដល់​ការ​ពន្យល់ ។​

បណ្ឌិត​រូប​នេះ​បាន​និយាយ​ថា​ ​នោះ​ក៏​មក​ពី​គេ​ទៅ​សាកសួរ​រូប​គាត់​ ​ហើយ​គាត់​ក៏​ធ្វើការ​វិនិច្ឆ័យ​យល់​ឃើញ​ថា ​ពួក​មនុស្ស​អស់ទាំង​នោះ​សុទ្ធតែ​ជា​មនុស្ស​អន់​ ​គ្មាន​ឧត្ដមគតិ​ជាតិ​អ្វី​ទេ​ ​គិត​តែ​ពី​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ និង​អ្វីៗ ។​ លោក​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ​ក្រៅ​តែ​ពី​ថា​ ​នៅ​ក្នុង​ចិត្ដ​គាត់​គិត​ឃើញ​ថា​ ​ពួក​អស់ហ្នឹង​អត់​បានការ​អ្វី​ទាំងអស់​ ហើយ​បង្ខូច​ស្រុក​ឱ្យ​ធ្លាក់​ដល់​ប៉ុណ្ណឹង​ថែម​ទៀត ។​

នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​គាត់​បាន​លើក ​ពន្យល់​ថា​នាំ​ឱ្យ​គាត់​ងាក​ទៅ​រក​ទាក់ទង​ជាមួយ​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ សម្ដៅ​ដល់​ ​ប៉ុល​ ​ពត, អៀង ​សារី ។ យ៉ាងណា​ក៏​ដោយ​គាត់​បាន​អធិប្បាយ​ថា​ ​គឺ​ពួក​ ​ប៉ុល ​ពត​ ​អៀង​ ​សារី​ ​នោះ​ទេ​ដែល​តាម​ទៅ​រក​គាត់​ ​និង​​​គាត់​មិន​​ដើរ​តាម​ពួក​អស់នោះ​ឡើយ​ដែល​កាលនោះ​គាត់​មើល​ឃើញ​ថា​ ​របប​ក្បួន​ល្ងង់​គិតតែ​អំពើ​ពុក​រលួយ​ឃោរឃៅ ​ហើយ​គាត់​យល់​ថា​ពួកក្មេង​ជំនាន់​ក្រោយ​សម្ដៅ​ដល់​ ​ប៉ុល​ ​ពត,​ ​នួន​ ​ជា,​ អៀង​ ​សារី​, ​ខៀវ​ ​សំផន​ ​ជា​មនុស្ស​ដែល​គាត់​យល់​ថា​ ​ត្រឹម​ត្រូវ​អាច​គិតគូរ​រឿង​ស្រុក​ទេស​បាន ។​

អំពី​ប្រវត្ដិ​របស់​បណ្ឌិត​ ​កេង ​វ៉ាន់សាក់​ ​នេះ​ ​សមាជិក​រាជវង្ស​ខ្មែរ​ម្នាក់​បាន​រៀបរាប់​ថា​ បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​ជា​បុត្រា​ពៅ​បន្ទាប់​ពី​បុត្រីយ៍​ច្បង​ពីរ​នាក់​របស់​អ្នក​ម្នាង ​ហម​ ​ដែល​ជា​អ្នក​ម្នាង​របស់​ព្រះ​អង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​ដួងលក្ខិណា​ ​ជា​ព្រះ​អនុជ​បង្កើត​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ ស៊ីសុវត្ថិ​ ​មុន្នីវង្ស​ ​ព្រះ​ចៅក្រុង​កម្ពុជាធិបតី ។​

ហើយ​តាម​ប្រភព​សមាជិក​រាជវង្ស​ដដែល​ថា​ ​នៅ​ថ្ងៃ​ទារក​ វ៉ាន់សាក់​ ​នេះ​ប្រសូត្រ​ ​ក៏​មាន​កើត​ហេតុ​ដ៏​ប្លែក​មួយ​ ​ដោយ​មាន​ភាព​ងងឹត​ពេញ​ផ្ទៃ​ព្រះ​បរម​រាជវាំង​អស់​ពេញ​មួយ​ថ្ងៃ ។​

យ៉ាងណា​ព្រឹត្ដិការណ៍​នេះ​ក៏​បាន​ធ្វើ​ ឱ្យ​មាន​ភាព​ចលាចល​ ហើយ​មានការ​កាប់​សម្លាប់​គ្នា​នៃ​ក្រុម​រាជវង្ស ។​ ​ហើយ​នេះ​ក៏​បណ្ដាល​ឱ្យ​មាន​ការ​ហៅ​រក​ហោរា​នៃ​ព្រះ​បរមរាជវាំង​មក​ទស្សទាយ​ ឃើញ​ថា​មាន​ទារក​ចង្រៃ​កើត​ចំ​ថ្ងៃ​នោះ​ដែល​ត្រូវ​តែ​យក​ទៅ​ប្រហារជីវិត​ ​ឬ​បំបរបង់​ចោល ។​ ​ត្រង់នេះ​ក៏​ពុំ​មាន​ឯក​សារ​ណាមួយ​ជា​ផ្លូវការ​បញ្ជាក់​បដិសេធ​ ​ឬ​ក៏​ទទួលស្គាល់​នោះ​ឡើយ ។​

រឿងរ៉ាវ​ទាំងនេះ​បើ​ទោះបី​ជា​មិន​ទាន់​ មានការ​អធិប្បាយ​ផ្សាយ​ជា​សាធារណៈ​ទូលំទូលាយ​ក៏​ដោយ​ ​ក៏​បណ្ឌិត​ ​កេង​ ​វ៉ាន់សាក់​ ​ខ្លួនឯង​បាន​សារភាព​អំពី​ការ​ដែល​ម្ដាយ​របស់​លោក​ អ្នក​ម្នាង​ ​ហម​ ​បាន​ជ្រើស​រើស​យក​ការ​ចាក​ចេញពី​ព្រះ​បរមរាជវាំង​ដើម្បី​បន្ដ​រស់នៅ​ថែទាំ​ កូន​រហូត​ដល់​ពេញ​រូប​ពេញ​រាង​ធំ​ ​និង​បន្ដ​ការ​សិក្សា ។ ​ហើយ​ជា​ញឹកញាប់​បណ្ឌិត​ កេង​ ​វ៉ាន់សាក់​ ​បាន​ប្រាប់​គេឯង​អំពី​ការ​ដែល​គាត់​នៅ​តែ​ដឹងគុណ​គ្មាន​ថ្ងៃ​​ភ្លេច​បាន​ នូវ​មហា​ករុណា​ទិ​គុណ​ដ៏​ធំធេង​នៃ​មាតា​របស់​លោក​ដែល​លោក​នៅ​តែ​នឹក​ឃើញ​ ជាមួយ​ពាក្យ​ថ្លែង​ថា​ ពេល​ខ្លះ​លោក​បាន​ទាំង​យំ​ខ្សឹប​ខ្សួល​អស់​ពេញ​មួយ​ថ្ងៃ​ពេល​រំលឹក​ដល់​ សម្ដី​របស់​មាតា​លោក​ដែល​ប្រកបដោយ​ទឹក​ចិត្ដ​មេត្ដា​នោះ ។​

ប្រវត្ដិ​រឿងរ៉ាវ​របស់​បណ្ឌិត ​កេង​ ​វ៉ាន់សាក់​ ​នៅ​មាន​វែង​ឆ្ងាយ​ទៅ​ទៀត ​ប៉ុន្ដែ​អ្វី​ដែល​គាត់​បាន​ប្រកាស​ប្រាប់​គេឯង​ដូច​ដែល​គេ​ដឹង​នោះ​ ​គឺ​គាត់​តាំងចិត្ដ​ថា​ជា​អ្នក​ប្រឆាំង​ដាច់​ខាត​នឹង​របប​រាជា​និយម​ ​ទំនង​ជា​ដោយសារ​ការ​ដែល​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​ទី​កំណើត​ដោយសារ​ការ​ព្យាករណ៍​របស់​ហោរា​ ​ធ្វើ​ឱ្យ​វាសនា​គាត់​ច្របូក​ច្របល់​ដូច​សំពៅ​ឆ្លងកាត់​មហាសមុទ្រ​នោះ ៕​

(ដកស្រង់​ពី​សារព័ត៌មាន​ក្នុង​ស្រុក)

ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់
ទិដ្ឋភាព​ក្នុង​គេហដ្ឋាន​លោក​បណ្ឌិត កេង វ៉ាន់សាក់
(រូប​ថត​លោក និង​ភរិយា​ព្យួរ​នៅ​លើ​ជញ្ជាំង)

 

ពាក្យ​រឭក

ខ្ញុំ​ជា​ប្រិយមិត្ត​គាំ​ទ្រ​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ និង​តាម​ដាន​ជាប់​ជានិច្ច នៅ​ពេល​លោក​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីអំពី អត្តសញ្ញាណ​ជាតិ​ខ្មែរ ។ ប៉ុន្តែ ខ្ញុំ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​អត្ថាធិប្បាយ​ដល់​ចំណុច​ពាក់​ព័ន្ធ​នឹង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ទទួល​នូវ​ចំណេះ​ដឹង​ស្ដី​អំពី​បញ្ហា​ខ្មែរ​យ៉ាង​ច្រើន តាម​រយៈ​បទសម្ភាសន៍​នានា​ដែល​លោក​បាន​ធ្វើ​ជា​មួយ​វិទ្យុ​អាស៊ីសេរី តាំង​​ពី​​ដើម​កំណើត​ជនជាតិ​ខ្មែរ ទឹក​ដី ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​ប្រារព្ធ​ពិធី​បុណ្យ ការ​រៀបចំ​រចនា​សម្ព័ន្ធ​សង្គម សិល្បៈ សំណង់ ជំនឿ​សាសនា អក្សរ​សាស្ត្រ និង​ភាសា​សាស្ត្រ រហូត​ដល់​ការ​វិវត្ត​ស្ថានភាព​នយោបាយ​ក្នុង​​ស្រុក​ខ្មែរ​នៅ​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ។ រីឯ​បញ្ហា​អវិជ្ជមាន​នានា​ដែល​លោក​បាន​លើក​ឡើង​ទាក់​ទិន​ទៅ​នឹង​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧ ខ្ញុំ​យល់​ឃើញ​ថា យើង​ពុំ​គួរ​ច្រាន​ចោល​គំនិត​ទស្សនៈ​នេះ​ទាំង​ស្រុង​ទេ យើង​គួរ​ចាត់​ទុក​ទស្សនៈ​នេះ​ជា​សម្មតិកម្ម​មួយ​សម្រាប់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ស្វែង​រក​ហេតុ​ផល និង​ភស្តុតាង​ជាក់​ស្ដែង​មក​បញ្ជាក់​ថា ទស្សនៈ​ដែល​លើក​ឡើង​នេះ ត្រឹម​ត្រូវ  ឬ ត្រូវ​ដោយ​ភាគ  ឬ ខុស​ទាំង​ស្រុង ៕