សប្បុរសជន បានបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា បានជិត៥០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប

20200207.17

ភ្នំពេញ ៖ នៅឆ្នាំ២០១៩ មានសប្បុរសជនជាង៥ម៉ឺននាក់ បានបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា បានជិត៥០លានដុល្លារ ដើ​ម្បី​​​​​ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ។

សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុ​ជា​ លើកទី២ ដែលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈនេះ​បា​នឲ្យដឹងថា «នៅក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួនប្រមាណ ៤៧,៦៥០,៤៤១ដុល្លារ ក្នុងនោះ​ប្រាក់រៀលមានចំនួន ១៥០ ៧៤៤ ៩១៧ ២០៧ រៀល និងប្រាក់ដុល្លារមានចំនួន ៩,៩៣៦,៣១២ដុល្លារ។ សប្បុរសជនដែលបាន​ប​រិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនសរុប ៥៤ ៣៨០ នាក់»។

សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ជាបន្តប​ន្ទា​​​​​​​ប់សរុបចំនួនប្រមាណ១១លានដុល្លារ ក្នុងនោះប្រាក់រៀលចំនួន៨ប៊ីលានរៀល និងប្រាក់ដុល្លារចំនួន ៨,៨៩២,៤០៤ដុល្លារ។

នៅឆ្នាំមុននេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការអំពាវនាវឱ្យមានការបំផុសចលនានៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន និងជា​សា​ធារណៈ តាមមធ្យោបាយមួយចំនួនដូចជា ការផលិតវីដេអូ ដែលលបានចាក់បញ្ជាំងនៅតាមទីសាធារណៈ, កិច្ចសហការជា​មួ​យ​​បុគ្គលដែលមានកេរ្តិ៍ឈ្មោះនៅក្នុងបណ្តាញសង្គម, កិច្ចសហការជាមួយស្ថាប័នដែលជាដៃគូផ្សេងៗ, ការប្រគំតន្រ្តីស្នាមញញឹម, កា​រប្រកួតកីឡាបាល់ទាត់, ការរៀបចំស្តង់ក្នុងកម្មវិធីសង្ក្រានសមុទ្រ ព្រមទាំងការធ្វើបទបង្ហាញនៅតាមគ្រឹះស្ថានឧត្តមសិក្សា​នា​នា ជាដើម។

ជាមួយគ្នានេះ ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២០ ដែលនឹងផ្តោតការ​យ​​​កចិត្តទុកដាក់លើចំណុចដូចខាងក្រោម៖
- ការបង្កើនចំនួនសមាជិក នៅតាមបណ្តាគ្រឹះស្ថានសាធារណៈ និងឯកជន និងការរៀបចំកម្មវិធីកៀរគរមូលនិធិសប្បុរសធម៌​នា​នា ឱ្យមានលក្ខណៈទៀងទាត់ និងជាប្រចាំ
- ការបង្កើនការទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្តាញសង្គម និងតាមប្រ​ព័​ន្ធ​ឌី​​​ជី​ថលនានា និង
- ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិករបស់មូលនិធិ ព្រមទាំងការគ្រប់គ្រងមូលនិធិប្រ​ក​​​ប​​​ដោយប្រសិទ្ធភាព និងតម្លាភាព។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុង​កិ​​ច្ចប្រជុំនោះ បានណែនាំឱ្យលេខាធិការដ្ឋាន ខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជន ឱ្យបានយ​ល់​​ដឹងអំពីវត្តមាន និងសារសំខាន់នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីកៀរគរធនធានក្នុងស្រុក ដោយឈរលើស្មា​​​​​​​​រតី «ខ្មែរជួយខ្មែរ» សម្រាប់បម្រើដល់គោលដៅចម្បងតែមួយគត់គឺ «រក្សាឱ្យបាននូវចីរភាពនៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទី​តាំ​​​ង ប្រកបដោយគុណភាព និងកិត្យានុភាពដែលជាមរតកដ៏ថ្លៃថ្លារបស់លោកវេជ្ជបណ្ឌិត Beat Richner»៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 933 នាក់

ម្សិលមិញ 610 នាក់

សរុប 739257 នាក់