ហុងកុងអនុញ្ញាតឲ្យមនុស្សទាំងអស់នៅលើកប៉ាល់ World Dream ចាកចេញ ខណៈជប៉ុនបន្តពិនិត្យលើកប៉ាល់ Diamond Princess ដើម្បីរកអ្នកឆ្លងកូរ៉ូណាបន្តទៀត

20200210.18

ប្រទេសចិន ៖ ខណៈចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្សនៅប្រទេសជប៉ុន បានកើនដល់ ៧​០​នាក់ អ្នកដំណើរទាំងអស់នៅលើកប៉ាល់ទេសចណ៍ខ្នាតធំដូចគ្នាមួយទៀត នៅទីក្រុងហុងកុងនៃប្រទេសចិន ត្រូវបានអ​នុ​ញ្ញា​ត​​​ឲ្យចុះពីលើកប៉ាល់ ក្រោយការធ្វើតេស្តរកឃើញថា ពុំមានអ្នកឆ្លងវីរុសកូរ៉ូណាឡើយ ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័​ត៌​មាន Business Insider នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធរហុងកុងបានអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ ចុះពីលើប៉ាល់ទេសចរណ៍ វើលដ៍ឌ្រីម (World D​r​e​​am) ក្រោយការធ្វើតេស្តលើ បុគ្គលិកបម្រើការរបស់កប៉ាល់ទេសចរណ៍នោះបានបង្ហាញថា មិនមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីឡើយ ។​ រីឯកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលនៅទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុនវិញ នៅ​តែបន្តរកឃើញករណីអ្នកឆ្លងវីរុសដោយគិតត្រឹមថ្ងៃអាទិត្យ គឺបានកើនដល់ ៧០នាក់ហើយ ។

អ្នកដំណើរនៃកប៉ាល់ទេសចរណ៍ខ្នាតធំទាំងពីរគ្រឿងខាងលើ ត្រូវបានហាមមិនឲ្យចុះពីលើកប៉ាល់ទាំងនោះ បន្ទាប់ពីមានការរកឃើញថា កប៉ាល់ទេសចរណ៍ទាំងពីរធ្លាប់ដឹងអតីតអ្នកដំណើរ ដែលឆ្លងវីរុសកូរ៉ូណាថ្មី ។ កប៉ាល់ទាំងពីរមានផ្ទុកមនុស្សប្រហាក់ប្រ​ហែ​ល​គ្នាគឺចន្លោះ ៣,៦០០-៣,៧០០នាក់ រាប់ទាំងអ្នកដំណើរ និងបុគ្គលិកកប៉ាល់ ។ ស្របពេលដែលអ្នកដំណើរកប៉ាល់ World Dr​e​a​​​m ទទួលបានសេរីភាពវិញ អ្នកដំណើរកប៉ាល់ Diamond Princess កំពុងតែមានភាពតានតឹង ព្រោះពួកគេទាំងអស់អាចនឹងត្រូវស្ថិតនៅលើនោះ រហូតដល់ទៅពីរសប្តាហ៍ ។

គួរជម្រាបថា កប៉ាល់ទេសចរណ៍ធំៗមួយចំនួនទៀត ដូចជាកប៉ាល់ ខូស្តា ស្មែរ៉ាល់ដា (Costa Smeralda) របស់ក្រុមហ៊ុន ខូស្តា ក្រូ​ស៊ី​រ៉េ (Costa Crociere) នៅអ៉ីតាលី និងកប៉ាល់ មួយទៀតនៅទីក្រុង បាយ៉ុនណេ (Bayonne) នៃរដ្ឋ ញូជែស៊ី (New Jersey) របស់អាមេរិក ក៏មានករណីសង្ស័យអំពីការឆ្លងវីរុសកូរ៉ូណាថ្មីដែរ តែការធ្វើតេស្តចេញមកបង្ហាញថា ពុំមានអ្នកឆ្លងនៅលើប៉ាល់ទាំងនោះ​ឡើយ ហើយកប៉ាល់ទាំងពីរបានជួបភាពរាំងស្ទះ ចំពោះការធ្វើដំណើររបស់ពួកវាក្នុងពេល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1527 នាក់

ម្សិលមិញ 991 នាក់

សរុប 679219 នាក់