ប្រទេសវៀតណាម បដិសេធមិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍អឺរ៉ុប មានមនុស្សជាង១,១០០នាក់ចូលចត

20200214.5

ប្រទេសវៀតណាម ៖ កប៉ាល់ទេសចរណ៍មួយគ្រឿង មានដឹកភ្ញៀវទេសចរណ៍អឺរ៉ុបជាង ១,១០០នាក់ ត្រូវបានអាជ្ញា​ធ​រ​វៀតណា​ម​ប​ដិ​​​​​​​សេធមិនទទួលឲ្យចូលចតឡើយ ដោ​យ​សា​រតែការភ័យខ្លាចចំពោះវីរុស COVID-19 ឬកូរ៉ូណាថ្មី ។ នេះបើតាមការដកស្រង់ ការផ្សា​​​​​យចេញពីសារព័ត៌មាន VN Express នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២​០​។​

កប៉ាល់ខាងលើឈ្មោះថា អេដា វីតា (Aida Vita) ដែលប្រើទង់ជាតិអ៊ីតាលី និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises បា​​​នគ្រោងនឹងចូលចតនៅកំពង់ផែ កៃ​ឡេ​ន (Cai Lan) ក្នុងក្រុង ហាឡុង (Ha Long) នៃខេត្តក្វាងនិញ (Quang Ninh) ភាគ​ខា​ងជើងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។ ប៉ុន្តែអាជ្ញាធរខេត្ត Q​ua​ng Ninh បានសម្រេចមិនអនុញ្ញាត ឲ្យកប៉ាល់ទេសចរណ៍នោះចូលចតឡើយ ។

កប៉ាល់ Aida Vita បានចាកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយកន្លងមកនេះបានចូលចតនៅកំពង់ផែសរុបចំនួន ០៩ ប៉ុ​ន្តែ​វា​មិនធ្លាប់ទៅប្រទេសចិនឡើយ ហើយថ្ងៃទី២៧-២៨ ខែមករាកន្លងមក កប៉ាល់ទេ​ស​ច​រណ៍មួយនេះក៏ធ្លាប់បានចូលចតនៅកំពង់ផែ ចាន់ម៉ាយ (Chan May) ក្នុងខេត្ត ធួ​ធា​នហឺ (Thua Thien-Hue) និងនៅកំ​ព​ង់​ផែ​ទេសចរណ៍អន្តរជាតិ Ha Long ក្នុងខេត្ត Quang Ninh របស់វៀតណាម រួចមកហើយផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅក្នុងប្រទេសវៀតណាមបានកើនដល់១៦ករណី ។ មូលហេតុដែ​ល​នាំវៀតណាមឲ្យមានការភ័យខ្លាច ចំ​ពោះ​កប៉ាល់ទេសចរណ៍ធំៗបែបនេះ គឺដោយសារតែករណីកប៉ាល់ទេសចរណ៍ខ្នាតយក្ស ឈ្មោះ​​​​​​ថា Diamond Princess នៅឯប្រទេសជប៉ុន ត្រូវបានគេរកឃើញថា មានអ្ន​ក​​ឆ្លងវីរុសកើនដល់ជាង ២០០នាក់ហើយ ខណៈកប៉ាល់ផ្ទុកមនុស្ស ៣,៧០០នាក់នោះកំពុងស្ថិតក្រោមការតាមដាននៅក្បែរទីក្រុង យ៉ូកូហាម៉ា (Yokohama) នៅឡើយ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1512 នាក់

ម្សិលមិញ 991 នាក់

សរុប 679204 នាក់