រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតច្បាប់ស្តីពីកិច្ចការពារកុមារ សំដៅធានានូវកិច្ចការពារពិសេស សម្រាប់កុមារឲ្យបានគ្រប់ជ្រុងជ្រោយ

20200219.4

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់​ចំពោះការលើកកម្ពស់ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធនានា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរ​ប​ស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីអាចឲ្យកុមាររស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញវិធានការជាច្រើនរួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋាននានាជាច្រើ​ន​ដើម្បីធានាដល់កិច្ចការការពារកុមារ ឲ្យកាន់តែប្រសើរឡើង ។

ជារួមជាការឆ្លើយតបទៅនឹងស្ថានភាពថ្មីៗ នៃការងារកិច្ចការការពារកុមារ រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតច្បាប់ស្តីពីកិច្ចការ​ពា​រកុមារ សំដៅធានានូវកិច្ចការពារពិសេស សម្រាប់កុមារឲ្យ បានគ្រប់ជ្រុងជ្រោយ។ នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋ​ម​ន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងនៅក្នុងពិធីប្រកាសប់កយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់​អំ​ពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។​

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា អំពើហិង្សាលើកុមារ គឺជាបញ្ហាសាកល ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ស្ទើពេញមួយជីវិតដល់ស​ង្គ​ម​ជាតិ។ អំពើហិង្សាលើកុមារ គឺជាសកម្មភាពដែល មិនអាចអត់ឱនឲ្យបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថា អំពើហិ​ង្សា​ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។ ប​ន្ថែ​​មពីលើនេះ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែចំណាយពេលវេលាចុះសួរសុខទុក្ខកុមារកំព្រា ក្រីក្រ និងពិការ នៅ​តា​មមណ្ឌលថែទាំជាប្រចាំផងដែរ ។

ជាមួយគ្នានោះ ក្រសួងគ្រោងដាក់ឲ្យដំណើរការសាងសង់មជ្ឈមណ្ឌលស្តារយុវនីតិសម្បទា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សំដៅធា​នា​ការពារសិទ្ធិ និងឧត្តមប្រយោជន៍ របស់អនីតិជន ដែលប្រព្រឹត្តបទល្មើស ដើម្បីទទួលបានការអប់រំ បណ្តុះបណ្តាល និងស្តារនីតិ​ស​ម្បទា មុននឹងធ្វើសមាងរណកម្ម ទៅក្នុងសហគមន៍ និងគ្រួសារវិញ ស្រប់តាមច្បាប់ស្តីពី យុត្តិធម៌អនីតិជន។ ជាពិសេសគឺដើ​ម្បី​ជួយចែករំលែកបន្ទុករបស់ពន្ធនាគារ និងចែកឲ្យដាច់ពីគ្នារវាងមនុស្សពេញវ័យ និងអនីតិជន ដែលបាននិងកំពុងរស់នៅ​លា​យឡំជាមួយមនុស្សពេញវ័យ នៅក្នុងពន្ធនាគារ។

លោក វង សូត បានបន្តឲ្យដឹងថា យុទ្ធនាការ «Cambodia Protect» ដែលផ្តួចផ្តើមសហការរៀបចំ ដោយអង្គការយូនីសេហ្វ គឺជា​យុ​ទ្ធ​សាស្រ្ត ប្រាស្រ័យទាក់ទងលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួ​សារ ដោយមិនចាំបាច់ ដោយធានាថា គ្រួសារគឺជាទីកន្លែងទីមួយ ដែលមានបរិយាកាសប្រកបដោយសុវត្ថិភាព ដ៏ល្អប្រសើរបំ​ផុ​តសម្រាប់ការលូតលាស់ និងអភិវឌ្ឍន៍កុមារ ដែលជាសកម្មភាពមួយនៃយុទ្ធសាស្រ្ត «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើ​កុ​មា​​​រ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ នៅកម្ពុជា

លោកស្រី ខៀវ បូរី រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា យុទ្ធសាស្រ្ត «គ្រួសាររឹង​មាំ» ផ្សព្វផ្សាយតាមវិធីសាស្រ្តចម្រុះជាច្រើនដូចជា ផលិតជារូបសញ្ញាយុទ្ធនាការ អាវយឺត មួក ផ្ទាំងបដារូបភាព ប៉ានណូ រឿងខ្លី​ផ្សាយតាមទូរទស្សន៍ និងវិទ្យុ ផ្សព្វផ្សាយសារអប់រំ តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា តាមសហគមន៍ និងការស្វែងរកមតិគាំទ្រ ជាដើម។

លោកស្រី ខៀវ បូរី បានបន្ដែមថា ព្រឹត្តិការណ៍នេះ ជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេ​សកម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គ្រប់រូបភាព និងការបំបែកកុមារចេញពីគ្រួសារ ដោយមិនចាំបាច់នៅកម្ពុជា ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 171 នាក់

ម្សិលមិញ 1253 នាក់

សរុប 891630 នាក់