រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេញលិខិតផ្លូវការឲ្យពន្ធដារអនុវត្តន៍ការសម្រេចរបស់សម្តេចតេជោ លើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

20200225.10

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនា​យ​កដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀ​ម​រាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ។

ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺខូវីដ-១៩ (C​O​VI​D-19) និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA ។

ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាល លើវិស័យទាំង៣នោះរួមមាន ៖

+ ១៖ វិស័យទេសចរណ៍

-  លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានស​ក​ម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ ។

-  អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀង​រា​ល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ ។

-  មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណា​ក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និ​ងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។

+ ២៖ វិស័យកាត់ដេរ

-   លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់​ស្ដែ​ងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្រប់សម្រួលរៀបចំរូបមន្ដ និងគោ​ល​កា​រណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្ដល់ការលើកលែងពន្ធនេះ។

+ ៣៖ អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

-   លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង៧០០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ស​ម្រា​ប់​ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 995 នាក់

ម្សិលមិញ 1127 នាក់

សរុប 743101 នាក់