រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកា​ស​រុប៧២៩.៥០៩ដុល្លារអាមេរិក ស​ម្រា​ប់គាំទ្រដល់សកម្មភាពបោស​ស​ម្អាតមីននៅកម្ពុជា

20200226.6

រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកាសរុប៧២៩.៥០៩ដុល្លារអាមេរិក សម្រាប់គាំទ្រដល់ស​ក​ម្មភាពបោសសម្អាតមីននៅកម្ពុជា ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើជំនួយឧបត្ថម្ភ សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧ​ត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា នេះជាជំនួយសម្រាប់ឆ្នាំទី៣ សម្រាប់ការអនុវត្តគម្រោងផ្ទេ​រ​​បច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយ ក្នុងការបោសសម្អាតមីននៅក្នុងខេត្តកំពង់ធំ ។
ឯ​កឧត្តម មានប្រសាសន៍ថា ប្រជាជនក្នុងតំបន់នេះ នឹងរួចផុតពីការភ័យខ្លាចដោយសារកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយគម្រោងនេះ នឹងរួមចំណែកក្នុងការកែលម្អប​រិ​ស្ថា​ន ដើម្បីឲ្យការរស់នៅរបស់ប្រជាជនអាចប្រព្រឹត្តទៅបានប្រកប ដោ​យ​ស្ថិ​រភាព និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេបន្តទៀត។
តាមការឲ្យដឹងរបស់លោក ស៊ុអេណាហ្កា ណូរិយូស៊ី ប្រធានតំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ JMAS បានបញ្ជាក់ថា គម្រោងនេះ នឹងធ្វើការអភិវឌ្ឍលើប​ច្ចេ​កទេសមេកានិច ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីនដោះគ្រាប់បែកចង្កោម និង ដ្រូន(Drone)នៅក្នុងតំបន់ដែលសម្បូរទៅដោយគ្រាប់មីន និងគ្រា​ប់បែកចង្កោមនៅ​លា​យបញ្ចូលគ្នា ។ គម្រោងនេះ ក៏បង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះរបស់មជ្ឈមណ្ឌលសក​ម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ C​M​​​​AC ក្នុងកិច្ចពន្លឿនការបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ។

សូមបញ្ជាក់ថា នៅក្នុងពិធីចុះហត្ថលេខាលើជំនួយឧបត្ថម្ភនៅថ្ងៃដដែលនេះដែរ ក៏មានការផ្តល់ថវិកាសម្រាប់គម្រោងស​ន្តិ​សុខស្បៀង និងអាហារូបត្ថម្ភ ក្នុងខេត្តកំពង់ឆ្នាំង ស​ម្រាប់ឆ្នាំទី៣ ក្នុងទឹកប្រាក់សរុប ២៦៥.៥៥២ដុល្លារ និងគម្រោ​ង​លើ​កកម្ពស់ស្ថានភាពកសិកម្មប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកំពង់ចាម ក្នុងទឹកប្រាក់សរុប៤៣៦.៧៩១ដុល្លារផងដែរ ។


ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវ​បា​នដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជ​ន​​​ដូចជា៖ ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គម រួមទាំងបរិស្ថាន សុខាភិបា​ល និងការអប់រំ។
យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅកម្ពុជា ចា​ប់ពីឆ្នាំ២០០២ ដើម្បីជួយដល់ការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន ដោយមកដល់បច្ចុប្បន្ន ជំនួយនេះមានទឹកប្រាក់ជាង៤០លានដុល្លារ លើគម្រោងចំនួន១២៨ ដោយផ្តោតលើការលើកកម្ពស់វិស័យអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន ជាដើម ៕ 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1072 នាក់

ម្សិលមិញ 1127 នាក់

សរុប 743178 នាក់