លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

2021-05-17-02

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំ គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយ អត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។

លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និង មាន ប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាតជាដើម ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្កបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូរធាជាងមុន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។

ជាការឆ្លើយតប ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានទទួលអំណោយ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលា ហើយសូមជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សា ផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះក្រុមការងារទាំងអស់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងបានប្រកបដោយពុទ្ធពរ សូមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធវីតាល់ ១កេស ត្រីខ ១យួ ពងទា ១ថែប សាប៊ូ Protex ១ដុំធំ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 107 នាក់

ម្សិលមិញ 671 នាក់

សរុប 1337526 នាក់