រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេមេគង្គ

2021-05-17-04

រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេមេគង្គ របស់ស្ថាប័ននេះសំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។

ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ក៏ត្រូវបានចុះសហហត្ថលេខីដោយលោកជំទាវ ហ្វ្លរឺនស៍ ហ្សង់ប្លង់-រីស្លឺរ៍ (Florence Jeanblanc-Risler) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំប្រទេសឡាវ លោកស្រី Julie Gabet-Ouahioune) នាយកAFDប្រចាំប្រទេសឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា ទន្លេមេគង្គ គឺជាអាយុជីវិតនៃប្រជាជនរាប់លាននាក់ ដែលពឹងអាស្រ័យលើវាសម្រាប់ការចិញ្ចឹមជីវិត។ ប៉ុន្តែដោយសារការអភិវឌ្ឍកើនឡើងយ៉ាងលឿន និងអាកាសធាតុប្រែប្រួលកាន់តែខ្លាំង កង្វះទិន្នន័យ និងព័ត៌មានពីហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងអាងទន្លេ និងវិធីប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបង្កឱ្យមានការលំបាកដល់ការព្យាករពីផលប៉ះពាល់នានា។ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានគូសបញ្ជាក់ថា “យើងនឹងពង្រឹងប្រព័ន្ធតាមដានទន្លេបច្ចុប្បន្ននេះ ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការប្រមូល និងបញ្ជូនទិន្នន័យទឹកភ្លៀង កម្រិតទឹកតាមពេលវេលាជាក់ស្តែង និងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានផ្សេងៗ ដើម្បីជំរុញដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទន្លេប្រកបដោយទំនួលខុសត្រូវ”។ លោកបណ្ឌិតបានបន្ដថា មូលនិធិនេះ ត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

ជំនួយនេះ មានគោលបំណងបង្កើនសមត្ថភាពរបស់MRC និងប្រទេសជាសមាជិក រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីតាមដានរំហូរទន្លេ និងបរិមាណទឹកភ្លៀង ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែប្រសើរពីបម្រែបម្រួលរំហូរ និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោងអភិវឌ្ឍន៍និងការប្រែប្រួលអាកាសធាតុទៅលើសហគមន៍តាមអាងទន្លេ និងបរិស្ថាន ជាពិសេសលើគុណភាពទឹក កំណកកករ និងជលផល។ មូលនិធិថ្មីនេះ គឺជាជំនួយបន្តពីជំនួយចំនួនពីរផ្សេងទៀតដែលមានទឹកប្រាក់ចំនួន ៤លានអឺរ៉ូពីប្រទេសបារាំង សម្រាប់ពីរដំណាក់កាលដំបូងនៃគម្រោងបណ្តាញតាមដានរំហូរទន្លេ និងបរិមាណទឹកភ្លៀង។ នៅដំណាក់កាលទីមួយ (ពីឆ្នាំ២០០៧ ដល់២០១២) MRC បានបង្កើតបណ្តាញមួយដែលមានស្ថានីយតាមដានរំហូរទន្លេនិងបរិមាណទឹកភ្លៀងចំនួន ៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនានា ដើម្បីប្រមូលទិន្នន័យតាមពេលវេលា ជាក់ ស្តែង នៃកម្រិតទឹក និងបរិមាណទឹកភ្លៀង រៀងរាល់១៥នាទីម្តង សម្រាប់ការព្យាករណ៍កម្ពស់ ទឹក ជំនន់ និងតាមដានស្ថានភាពទន្លេ។ នៅដំណាក់កាលទីពីរ (ពីឆ្នាំ២០១៦ ដល់២០២២)MRC បានពង្រីកបណ្តាញនេះ ដោយបង្កើតស្ថានីយចំនួន ១១ បន្ថែមទៀត នៅតាមដងទន្លេមេ និងធ្វើឱ្យប្រសើរដល់ការយល់ដឹងពីការវិវត្ដទន្លេនេះ និងការប្រើប្រាស់ទិន្នន័យសម្រាប់ វិស័យផ្សេងទៀតនៃការគ្រប់គ្រងធនធានទឹក។

លោកស្រី ជូលី ហ្គាបេត-អ៊ូហ៊ីអូន (Julie Gabet-Ouahioune) នាយកAFDប្រចាំប្រទេសឡាវបានមានប្រសាសន៍ថា ថវិកានេះ នឹងផ្តល់លទ្ធភាពឱ្យ MRC បង្កើនចំណេះដឹងនៃទម្រង់បែបជលសាស្ត្ររបស់ទន្លេមេគង្គ និងដៃទន្លេសំខាន់ៗ ដែលជាលទ្ធផល បង្កើតឱ្យមានប្រព័ន្ធតាមដានរួមមួយ សម្រាប់ការគ្រប់គ្រងទន្លេឱ្យបានកាន់តែប្រសើរ”។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦មក ប្រទេសបារាំងបានផ្តល់ជំនួយថវិកាជាង ១០លានអឺរ៉ូ (ត្រូវជា ១២ លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់កិច្ចការតាមដានទន្លេ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន។ ប្រទេសបារាំង គឺជាដៃគូមួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ជាច្រើន ដែលគាំពារដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីរបស់ MRC ។ ក្នុងនាមជាឧបករណ៍ដ៏ចម្បងមួយ ក្នុងការអនុវត្តយុទ្ធសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍អាងទាំងមូល (២០២១-២០៣០) ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តល់លទ្ធភាពដល់ប្រទេសសមាជិកទាំងបួន ក្នុងការថែរក្សាមុខងារអេកូឡូស៊ីនៃទន្លេ ជំរុញឱ្យមានការវិនិយោគចាំបាច់តាមរយៈការរៀបចំផែនការថ្នាក់តំបន់បែបបរិសកម្ម និងពង្រឹងភាពធន់ ទប់ទល់នឹងគ្រោះអន្តរាយនានា៕ដោយ រិទ្ធី ប្រភព៖ MRC

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 125 នាក់

ម្សិលមិញ 671 នាក់

សរុប 1337544 នាក់