ចំណី​ឆ្ងាញ់​កុំ​ទុក​ស្អែក ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ

និយមន័យៈ ការ​ប្រយ័ត្ន​បាត់​បង់ និង​មិន​ពិបាក​គន់ ។

អត្ថាធិប្បាយ

ភាសិត​នេះ​មិន​មែន​ជា​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​អ្វី​ជា​ធំដុំ​ប៉ុន្មាន​ទេ គឺ​គ្រាន់​តែ​ជា​ពាក្យ​លេង​សើច​បែប​លែបខាយ​ប៉ុណ្ណោះ ។

ចំណី​ឆ្ងាញ់​កុំ​ទុក​ស្អែក

ចំណី​ណា​ដែល​មាន​រសជាតិ​ឆ្ងាញ់ លោក​ប្រាប់​ថា​ឲ្យ​ឆាប់​បរិភោគ​ភ្លាមៗ​ទៅ​កុំ​ទុក​ឲ្យ​ដល់​ថ្ងៃ​ស្អែក ក្រែងលោ​មាន​ការ​អន្តរាយ ដូចជា មាន​គេ​លួច​ស៊ី​មុន ឬ​ឆ្មា​ឆ្កែ​ពាំ​យក​បាត់​ទៅ ក៏​នាំ​ឲ្យ​ខាន​ឆី​ដែរ ជា​ហេតុ​នាំ​ឲ្យ​នឹក​ស្ដាយ​ក្រោយ​ជា​ខ្លាំង ។

ប្រពន្ធ​គាប់​ភ្នែក​កុំ​ឲ្យ​ដើរ​ក្រោយ

ការណ៍​ដែល​លោក​ប្រាប់​ថា កុំ​ឲ្យ​ប្រពន្ធ​ដើរ​ក្រោយ​នេះ មិន​មែន​ខ្លាច​មាន​គេ​មក​លួច ឬ​ឆក់​ដណ្ដើម​យក​ទៅ​បាត់​ទេ ។ ការណ៍​ពិត​គឺ​លោក​ចង់​និយាយ​ថា អ្វី​ក៏​ដោយ​ឲ្យ​តែ​ចូលចិត្ត​ស្រលាញ់ គឺ​ចេះ​តែ​ចង់​មើល ចង់​ឃើញ ចង់​គយគន់ ។ ព្រោះ​ចក្ខារម្មណ៍​គាប់​ចិត្ត​តែ​នឹង​រូប​សម្ផស្ស​ដែល​ល្អ​ស្អាត​គួរ​ជាទី​គយគន់ គួរ​ជាទី​ពិតពិល រមិលមើល ។ បើ​ដូច្នោះ មិន​ចាំ​បាច់​ឲ្យ​ប្រពន្ធ​ដើរ​ក្រោយ​ទេ នាំ​ពិបាក​ងាក​មើល​សម្រស់ គឺ​ត្រូវ​ឲ្យ​ប្រពន្ធ​ដើរ​មុខ​តែ​ម្ដង​ទៅ​ស្រណុក​មើល ស្រណុក​គយគន់ តែ​ប្រយ័ត្ន​ជំពប់​ជើង​ដួល​នាំ​ឲ្យ​ខ្មាស​គេ ។