សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស្នើសុំភាគីពាក់ព័ន្ធ ទាំងស្ថាប័នអនុវត្តច្បាប់ ពិចារណាប្រើប្រាស់ច្បាប់ស្តីពីរបបសារព័តមាន ករណីគយប្តឹងអ្នកសារព័ត៌មាន

រាជធានីភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានសូមស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នអនុវត្តច្បាប់ ពិចារណាប្រើប្រាស់ច្បាប់ស្តីពីរបបសារព័តមាន ដើម្បីអនុវត្តលើបណ្តឹងដែលពាក់ព័ន្ធអ្នកសារព័ត៌មាន ចំពោះករណីមន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ប្តឹងអ្នកសារព័ត៌មាន Online ចំនួន៨រូប ទៅតុលាការ។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក បានដាក់ពាក្យប្តឹង អ្នកកាសែតទាំងនេះ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណី ជេរប្រមាថ និងជ្រៀតជ្រែកកិច្ចការងាររបស់អ្នករាជការសាធារណៈ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះដែរ បានលើកឡើងថា៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលព័ត៌មានថា៖ អ្នកសារព័ត៌មាន Online ចំនួន៨រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតពី៖ បទជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ» ដោយទាមទារសំណងជាប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ករណីប្តឹងផ្តល់នេះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍កើតឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកំពត រវាងមន្ដ្រីគយ និងអ្នកសារព័ត៌មាន Online មួយក្រុម ដែលបានចុះយកព័ត៌មានពាក់ព័ន្ធការដឹកទំនិញឆ្លងកាត់ប៉ុស្ដិ៍គយព្រែកចាក ខេត្តកំពត។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នអនុវត្តច្បាប់ ពិចារណាប្រើប្រាស់ច្បាប់ស្តីពីរបបសារព័តមាន ដើម្បីអនុវត្តលើបណ្តឹង ដែលពាក់ព័ន្ធអ្នកសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ស្វាគមន៍ផងដែរ ប្រសិនបើភាគីទាំងសង្ខាង ឈានដល់ការព្រមព្រៀងផ្សះផ្សា និងទម្លាក់ចោលពាក្យបណ្តឹង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសនេះ ធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយកព័ត៌មាន ដោយគប្បីជៀសវាងនូវ៖ ការគំរាមកំហែង ការបំពាន ការរារាំងតួនាទីសមត្ថកិច្ចមន្ត្រីរាជការសាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមយកឱកាសនេះស្នើសុំដល់ផ្នែកពាក់ព័ន្ធ រួមទាំងមន្ត្រីអង្គភាពរដ្ឋ សូមមេត្តាជៀសវាងការប្រើពាក្យសម្តីប្រមាថ ការប៉ះពាល់រាងកាយ ការឆក់យកសម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌មាន ដោយសូមមេត្តាសហការពេញលេញផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាលើកកម្ពស់ «សិទ្ធិទទួលបានព័ត៌មាន» និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណប្រយោជន៍ដល់សាធារណៈជន។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1049 នាក់

ម្សិលមិញ 1127 នាក់

សរុប 743155 នាក់