លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ  ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់ខ្លួន

ខេត្តព្រះវិហារ ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើយ​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ និង​ស្រុក​រវៀង ជាដើម​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​។ ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​បណ្ដា​ស្រុក​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នួន សុខុម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា ចូលមក​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ច្រើន​នាក់​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្វាយរៀង ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប និង​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តសៀមរាប ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់ខ្លួន​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​ដូចជា ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ហៅ​ចែ​អូន នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។

តាម​ការកត់សម្គាល់រ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាច​បន្ត​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ យ៉ាង​គឃ្លើន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​រវៀង ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​រាលដាល គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ផងដែរ​។ ដូច្នេះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ នោះទេ​៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 838 នាក់

ម្សិលមិញ 1105 នាក់

សរុប 490875 នាក់