លោក ជា ហួតនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង  ប្រហែលជាសប្បាយចិត្ត​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ហើយមើលទៅ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត នៅតែ​អាចធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​២​នាក់​ទៀត​ឈ្មោះ ចែ​អូន និង​ឈ្មោះ សីហា ក៏មាន​សិទ្ធិអំណាច​ធំធេង​ក្នុង​ការប្រមូលទិញ​ឈើ​បកសម្បក​ដឹក​ចេញពី​ស្រុក​វាលវែង យ៉ាង​គឃ្លើន​ផងដែរ​ព្រោះ​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ព្រោះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ជា ហួត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​អូន មាន​រថយន្ត​៣​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​បកសម្បក​រួច ចេញពី​ស្រុក​វាលវែង ចូលមក​រាជធានី​ភ្នំពេញ ហើយ​ឈ្មួញ​ឈ្មោះ សីហា មាន​រថយន្ត​២​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វាលវែង ចូលមក​រាជធានី​ភ្នំពេញ ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​៣​ថ្ងៃ​ទើប​ឈ្មួញ​ឈ្មោះ ចែ​អូន និង​ឈ្មួញ​ឈ្មោះ សីហា ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ម្តង​ដោយមាន​ការសម្របសម្រួល​ពី​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង​។ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ជាដើម ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចែ​អូន និង​ឈ្មួញ​ឈ្មោះ សីហា យ៉ាង​ត្រជាក់ចិត្ត​ហើយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឈ្មួញ​ទាំង​២​នាក់​នេះឡើយ​។

ចំណែក​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ ណុប ឌី ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ដឹក​ចូលមក​ខេត្តកំពង់ស្ពឺ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត យ៉ាង​រលូន​។ ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ជា ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​វាលវែង ហើយ​ឈ្មួញ​រូបនេះ​ក៏​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ផងដែរ​ដើម្បី​អាជីវកម្ម​របស់ខ្លួន​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​អនាធិបតេយ្យ​បំផុត​៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 860 នាក់

ម្សិលមិញ 1105 នាក់

សរុប 490897 នាក់