លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ណាមួយ របស់ជនខិលខូច ដែលនាំឱ្យខាតផលប្រយោជន៍ ខាតពេលវេលា ចូលនាំគ្នាប្រកបរបបរកស៊ីទទួលទាន ដោយសេរី គ្មានការជិះជាន់ ស្មើភាពគ្នា

ខេត្តព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ណាមួយ របស់ជនខិលខូច ដែលនាំឱ្យខាតផលប្រយោជន៍ ខាតពេលវេលា ចូលនាំគ្នាប្រកបរបបរកស៊ីទទួលទាន ដោយសេរី គ្មានការជិះជាន់ ស្មើភាពគ្នា នៅក្រោមម្លប់នៃសន្តិភាព ក្នុងពេលបច្ចុប្បន្ននេះ។


ការក្រើនរម្លឹករបស់ លោក អ៊ុន ចាន់ដា បានធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចុះចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥៧គ្រួសារ នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


លោកអភិបាលខេត្ត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ដែលជួបនូវបញ្ហានានា ត្រូវប្រញាប់រត់រកអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ដើម្បីប្រឹក្សាយោបល់ដោះស្រាយ និងសូមកុំរត់រកក្រុមប្រឆាំង និងស្តាប់តាមការញុះញង់ណាមួយដែលធ្វើឱ្យបងប្អូនខាតផលប្រយោជន៍ផងដែរ។


លោក អ៊ុន ចាន់ដា បានលើកឡើងថា មុនពេលបោះឆ្នោតមានក្រុមខិលខូច មកញុះញង់បងប្អូនឱ្យមានការថ្នាំងថ្នាក់ជាមួយមេឃុំ មានការថ្នាំងថ្នាក់ ជាមួយអាជ្ញាធរស្រុក ខេត្ត ហើយយកបញ្ហាផ្សេងៗ មកញុះញង់បងប្អូនឱ្យស្អប់លើអាជ្ញាធរ។ ល្បិចកលរបស់គេធ្វើវិច្ឆេទកម្មនយោបាយ ដើម្បីកេងចំណេញនយោបាយសម្រាប់ការបោះឆ្នោត ពេលបោះឆ្នោតរួចពួកនេះ បាត់មុខអស់រលីង រីឯរាល់ការឃោសនាម្តងក្រុមនេះ តែងតែបង្កើតឱ្យមានការញុះញង់ ការបំផុសមូលបង្កាច់ណាមួយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល គឺជារឿងមួយដែលមិនអាចទទួលយកបាន ដូច្នេះសូមបងប្អូនកុំជឿឱ្យសោះ។


លោក អ៊ុន ចាន់ដា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូជាជានិច្ចពីបញ្ហាសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងបងប្អូនដែលជួបប្រទះនូវគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ។


អភិបាលខេត្តព្រះវិហារ ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ ដោយសាររដូវនេះ ជារដូវវស្សា ប្រយត្ន័នូវជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ត្រូវសម្អាតបរិស្ថាន អនាមយ័ជុំវិញផ្ទះដោយលុបបំបាត់របស់របរផ្សេងដែលដក់ទឹកនាំឱ្យកើតមុសខ្លា និងត្រូវខិតខំបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 275 នាក់

ម្សិលមិញ 947 នាក់

សរុប 449035 នាក់