កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ទៅតុលាការបន្ទាប់ពីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់

photo_2019-06-17_14-39-21

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ទៅតុលាការបន្ទាប់ពីចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ប្រព្រិត្តនៅក្នុងក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននិយាយថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ដែលបានធ្វើការបង្ខាំងជនជាតិចិនដូចគ្នាចំនួនបីនាក់នៅក្នុងផ្ទះសំណាក់ពីរកន្លែងគឺផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ដើម្បីជំរិតទារប្រាក់ដោយខុសច្បាប់។ប្រតិបត្តិការឆ្មក់ឃាត់ចាប់ជនសង្ស័យនិងរំដោះជនរងគ្រោះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រាប់ឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើអនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។
លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិនត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់និងធ្វើទារុណកម្មហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន ក្រោយពីក្រុមជនសង្ស័យឱ្យប្រាក់ទៅជនរងគ្រោះខ្ចីលេងល្បែងចាញ់អស់ប្រាក់និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះវិញ។ជនរងគ្រោះរងការធ្វើទារុណកម្មបង្កឱ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះ១,ឈ្មោះ ឌូ ស៊ីងយុន ភេទប្រុស អាយុ២៩ឆ្នាំ ២,ធូលី ជូល ភេទប្រុស អាយុ១៨ឆ្នាំ និង៣,ធៀន ចាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តកាន់ ស៊ូ ប្រទេសចិន ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 105 នាក់

ម្សិលមិញ 671 នាក់

សរុប 1337524 នាក់