យោងតាមរបាយការណ៍មួយអះអាងថា អ្នកបើកយន្តហោះ MH370 ដែលបានបាត់ខ្លួនក្នុងឆ្នាំ ២០១៤ បានហោះនៅកម្ពស់ ១២ គីឡូម៉ែត្រ ដូច្នេះទើបយន្តហោះអស់អុកស៊ីសែន ហើយអ្នកដំណើរនឹងស្លាប់ មុនពេលយន្តហោះធ្លាក់ចូលទៅក្នុងមហាសមុទ្រ។

ការរួមបញ្ជូលគ្នានៃទិន្នន័យរ៉ាដា ការវិភាគរបស់អ្នកជំនាញ និងការវិភាគទស្សន៍ទាយ បានសន្និដ្ឋានថា អ្នកបើកយន្តហោះ លោក Zaharie Ahmad Shah គឺជាបុរសឯកាពោរពេញដោយបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (Despression) ដែលមានចេតនាសម្លាប់អ្នកដំណើរទាំង ២៣៨ នាក់ និងមិត្តរួមការងារលើយន្តហោះ Malaysian Airline។

យោងតាម William Langewiesche ដែលសរសេរនៅលើសារព័ត៌មាន The Atlantic បានឱ្យដឹងថា លោក Shah អសមត្ថភាពបើកបរ ឬ បានសម្លាប់ដៃគូបើកយន្តហោះ ដើម្បីយកមកគ្រប់គ្រង ហើយធ្វើឱ្យកាបីនយន្តហោះអស់អុកស៊ីសែន ដើម្បីសម្លាប់មនុស្សទាំងអស់ក្នុងយន្តហោះ បន្ទាប់មកកាច់ចង្កូតយន្តហោះ Boeing 777 ចូលទៅក្នុងមហាសមុទ្រ កន្លែងដែលគាត់រង់ចាំទាល់តែអស់សាំង ឬ បើកយន្តហោះដាំក្បាលចុះចូលមហាសមុទ្រ។

អ្នកជំនាញរ៉ាដាម្នាក់ក៏បានជឿថា លោក Shah បានបើកយន្តហោះដល់កម្ពស់ ១២ គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃគ្រោងការនេះ ក្នុងបំណងធ្វើឱ្យអស់អុកស៊ីសែនក្នុងយន្តហោះ៕ 

 

ប្រភព៖ Daily Mail