ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ ដែលជិតផុតពូជ ឲ្យរស់នៅក្នុងសមុទ្រតាមបែបធម្មជាតិវិញ

photo_2019-06-21_21-05-55

ខេត្តព្រះសីហនុ ៖ ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) បានឲ្យដឹងថា រូបលោកបានបន្តនាំយកសត្វអណ្តើកសមុទ្រ ឬសត្វល្មិច ដែលលោកទទួលទិញពីប្រជានេសាទសមុទ្រ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយនាំយកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នៅឆ្នេរភ្លោះកោះឋានសួគ៌ គឺនៅទល់មុខកន្លែងសម្រាកលំហែដ៏មានអនាម័យបរិស្ថានល្អ គឺ ម៉ាហ្វីយ៉ា រីស៊ត មានទីតាំងនៅសង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ក្នុងផែនការសកម្មភាពការងារអភិរក្សសត្វកម្រ របស់លោក។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សត្វល្មិច ឬអណ្តើកសមុទ្រ ដែលបានអភិរក្ស ឬលែងចូលទៅក្នុងសមុទ្រធម្មជាតិខាងលើនេះ គឺជាអណ្តើក ដែលមានទម្ងន់ធ្ងន់មួយក្បាលទៀត ស្ថិតក្នុងចំណោមសត្វល្មិច ឬអណ្តើកសមុទ្រជាង២០០ក្បាល ដែលរូបលោក បាននាំយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ាបន្តថា សកម្មភាពខាងលើនេះ គឺជាជាការនាំយកលែងសត្វល្មិច ឬអណ្តើកសមុទ្រជាលើកទី១០៥ របស់លោក ហើយថា ការនាំយកសត្វល្មិចយកទៅលែងមួយលើកៗ គឺមានពេលខ្លះបានលែងលើសពីមួយក្បាល ឬលើសពីពីរក្បាល គឺទៅតាមការជាក់ស្តែង ដែលលោកទទួលបានពីប្រជានេសាទ មកពីគ្រប់ទិសទី នាំយកមកប្រគល់ជូនរូបលោក។

ចំពោះសកម្មភាពការងារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា សរុបសត្វល្មិច ឬអណ្តើកសមុទ្រ ដែលរូបលោក បាននាំយកទៅលែងនាពេលកន្លងមកទាំងតូចទាំងធំ គឺមានច្រើនជាង ២០០ក្បាលរួចមកហើយ។

ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រ ដែលជាបន្តបន្ទាប់មកនេះ បានចូលរួមសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រ យកមកឲ្យរូបលោក ក្រោយពេលពួកគាត់ ចាប់ ឬនេសាទបានម្តងៗ ដើម្បីយកទៅលែងឲ្យរស់នៅតាមធម្មជាតិវិញ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដក់គ្រប់ប្រជាសហគមន៍នេសាទសមុទ្រនានា ជាពិសេសប្រជាពលរដ្ឋ ដែលប្រកបមុខរបរជាអ្នកនេសាទសមុទ្រ សូមជួយការពារ និងអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ជាមួយរូបលោក ដោយកុំសម្លាប់យកធ្វើជាអាហារ ឬចាប់នាំយកទៅធ្វើអាជីវកម្មណាមួយឲ្យសោះ ព្រោះសត្វប្រភេទនេះ វាជិតប្រភេទសត្វកម្រ និងជិតផុតពូជអស់ទៅហើយពីសមុទ្រកម្ពុជាយើង៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 321 នាក់

ម្សិលមិញ 1058 នាក់

សរុប 419635 នាក់