គោះ​ទឹក​បង្អើល​ត្រី

images (121)

និយមន័យៈ ធ្វើ​ចលនា​ឲ្យ​ផ្អើល​ដើម្បី​ងាយ​ចាប់ ។

អត្ថាធិប្បាយ

អត្ថានុរូប

នៅ​ក្នុង​ត្រពាំង​ដែល​មាន​ត្រី​ច្រើន ត្រី​តែង​ពួន​សម្ងំ​ក្នុង​គុម្ព​ស្មៅ​ខ្លះ គុម្ព​ឈើ​ខ្លះ ជួន​ក៏​បង្កប់​ខ្លួន​នៅ​បាត​ត្រពាំង ។ ដូចនេះ បើ​មាន​អ្នក​រក​ចាប់​ត្រី គេ​តែង​យក​ដំបង​វាយ​ទឹក​ផូង​ផាំង ដើម្បី​ឲ្យ​ត្រី​ផ្អើល​ចេញ​ពី​ទី​ពួន ។ ពេល​នោះ ត្រី​ភ័យ​ផ្អើល​ឆ្លេឆ្លា​ស្ទុះ​ហែល​ឆ្វែល​ឆ្វាត់​ប្រសេច​ប្រសាច ។ អ្នក​រក​ត្រី​ក៏​ចាប់​ដាក់​ទ្រុង​យ៉ាង​ស្រួល ។

អត្ថប្បដិរូប

នៅ​ក្នុង​កិច្ចការ​រដ្ឋបាល សមត្ថកិច្ច​តែ​ប្រើ​ល្បិច​កិច្ចកល​ច្រើន​យ៉ាង​ដើម្បី​ចាប់​ជន​ល្មើស ។ ជួនកាល គឹ​ប្រើ​វិធី​ស្ងៀម​ស្ងាត់ ។ ជួនកាល គេ​ធ្វើ​ចលនា​ឲ្យ​កម្រើក​រំពើក​ឡើង​ដើម្បី​ចាប់​ក៏​មាន ។ ដូចជា សមត្ថកិច្ច​ស្វែង​រក​ចាប់​ឃាតក​ដែល​កំពុង​លាក់​ខ្លួន ។ គេ​ឃោសនា​តាម​កាសែត‑វិទ្យុ ប្រកូក​ប្រកាស​ឆោឡោ​ឡើង​ថា បើ​អ្នក​ឯ​ណា​សម​គំនិត​ជួយ​លាក់​បំពួន​ឃាតក​ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​តាម​ចាប់​ខ្លួន​នឹង​ត្រូវ​មាន​ទោស​គុក ១៥​ឆ្នាំ ។ ចំណែក​អ្នក​ឯ​ណា​ដែល​មក​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ឃាតក​បាន ។ រដ្ឋ​នឹង​ឲ្យ​រង្វាន់​ ៥​លាន​រៀល ។

កាល​បើ​រដ្ឋ​ប្រកូក​ប្រកាស​បែប​នេះ​ហើយ ឃាតក​នៅ​ពុំ​សុខ​មួយ​កន្លែង​ទេ ។ វា​ច្បាស់​ជា​ផ្លាស់​ប្ដូរ​ទី​កន្លែង​ចុះ​ឡើង​ដែល​អាច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​កត់​សម្គាល់ និង​តាម​ចាប់​ខ្លួន​បាន​យ៉ាង​ងាយ ។ ប៉ុន្តែ​បើ​វា​នៅ​សម្ងំ​ពួន​ស្ងៀម​មួយ​កន្លែង សមត្ថកិច្ច​ក៏​ពិបាក​ស្វែង​រក​ចាប់​ខ្លួន​វា​ដែរ ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​គោះ​ទឹក​បង្អើល​ត្រី​បែប​នេះ​ឯង ។

images (122) images (120) 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 820 នាក់

ម្សិលមិញ 1105 នាក់

សរុប 490857 នាក់