ប្រជាពលរដ្ឋ ២១គ្រួសារ សំណូមពរដល់អាជ្ញាធរខេត្តនិងមន្ត្រីជំនាញ ដើម្បីអោយពួកគាត់បានធ្វើស្រែលើដីដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំនៅចំណុចគោកព្រះ ស្រុកកំពង់លែងផង ព្រោះមានអ្នកហាមឃាត់ពួកគាត់

photo_2019-07-01_20-36-02

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ២១ គ្រួសាររស់នៅឃុំដារ និងឃុំច្រណូក ស្រុកកំពង់លែង បានសម្តែងការព្រួយបារម្មណ៍ អំពីដីស្រែរបស់ពួកគាត់ នៅចំណុចគោកព្រះ ដែលធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំ ស្រាប់តែឆ្នាំនេះ ត្រូវបាន អាជ្ញាធរ និងមន្ត្រីជំនាញ ហាមឃាត់ ដោយប្រាប់ថាជាដីដំបន់៣ ប៉ុន្តែពួកគាតថាៈ បើជាដីតំបន់៣ ហេតុអី ដីលោកស្នងការរងគេភ្ជួរបាន គាត់ភ្ជួរលើដីស្រែរបស់ពួកគាត់ធ្លាប់អាស្រ័យផល សោះបែជាមិនបានទៅវិញ ។

នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ លោក ញ៉េស ខា តំណាងឲ្យប្រជាពលរដ្ឋ២១គ្រួសារ ដែលកំពុងតែជួបបញ្ហាភ្ជួរស្រែមិនបាន បានឲ្យដឹងថា៖ ដីស្រែពួកគាត់ទាំង២១គ្រួសារ មានប្រមាណជាង១០០ហិកតា ពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០០៨ មកម្ល៉េះ គឺរហូតដល់បច្ចុប្បន្ន ដោយមិនដែលខកខាននោះទេ ដូចដែលឃើញនៅទីនេះស្រាប់ គឺសុទ្ធតែដីស្រែ ដែលមានកញ្ច្រាំងស្រូវ ដែលគាត់ធ្វើកាលពីឆ្នាំកន្លងទៅនៅឡើយ ។ គាត់មិនដឹងថា៖ មានរឿងអ្វីទេ ស្រាប់តែឆ្នាំនេះត្រូវបានអាជ្ញាធរហាមឃាត់មិនអនុញ្ញាតឲ្យភ្ជួរស្រែ លើដីធ្លាប់បង្ករបង្កើនផលដូចដូចមុនទៀតឡើយ ហើយបើថា៖ ជាដីដំបន់៣ ចុះហេតុអី ដីលោក ជាតិ ( ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង) គេភ្ជួរបាន ដូចអ្នកសារព័ត៌មាន ឃើញស្រាប់ នៅជាប់គ្នានេះ គេកំពុងតែភ្ជួរ ចុះហេតុអីមកហាមតែពួកគាត់ ហើយបើហាម សុំហាមទាំងអស់គ្នា កុំហាមតែប្រជាពលរដ្ឋ ចំណែកខាង មន្តី្ររាជាការភ្ជួរបាន ។

ពួកគាត់បានសូមសំណូមពរដល់អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញ សូមមេត្តាឲ្យគាត់បានធ្វើស្រែលើដីស្រែដែលគាត់ធ្លាប់ធ្វើកន្លងមកផង។
ទាក់ទងនឹងបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖មិនមានមន្ត្រីជំនាញ​ណាឬអា​ជ្ញាធរមូលដ្ឋានណាហាមឃាត់ពួកគាត់នោះទេឲ្យតែជាដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំ ការលើកឡើងខាងលើនេះគឺមិនត្រឹមត្រូវនោះទេ កុំតែទៅភ្ជួរលើដីព្រៃលិចទឹក ។

ដោយឡែក លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា៖ គ្មានការហាមឃាត់ការភ្ជួរស្រែនោះទេ ប៉ុន្តែឆ្នាំនេះចាំបាច់ត្រូវសុំច្បាប់ ។ពួកគាត់ត្រូវធ្វើពាក្យស្នើសុំភ្ជួរស្រែ ហើយពេលបានច្បាប់សមត្ថកិច្ច និងមន្ត្រី ជំនាញគេនឹងចុះទៅពិនិត្យ ដាក់ ជីភីអេស ដើម្បីឲ្យគាត់ភ្ជួរស្រែ លើដីដីគាត់ធ្លាប់ធ្វើកន្លងមក ដើម្បីជាសវាងការលួច ឈួសដីព្រៃលិចទឹក តែប៉ុណ្ណោះ ។ ជាក់ស្ដែងដីនៅចំណុចគោកព្រះនេះដែរកាលពីអំឡុងបុណ្យទន្លេក៏មានជនខិលខូចលួចទៅភ្ជួររានយកព្រៃលិចទឹកអស់ប៉ុន្មានហិកតា ។ ដីដែលលួចឈូសយក ពេលនោះក៍មិនអនុញ្ញាត្តិអោយភ្ជួរដែរ ទុកអោយព្រៃដុះឡើងវិញ សម្រាប់ត្រីពងកូន ។ ដោយឡែក ដីលោក ស៊ុ សុជាតិ ហេតុអីគាត់ភ្ជួរបាន មកពីគាត់បានសុំច្បាប់អនុញ្ញាត្តិ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 189 នាក់

ម្សិលមិញ 947 នាក់

សរុប 448949 នាក់