ប្រជាពលរដ្ឋឆ្ងល់ថាកម្មវិធីកម្ចាត់មូសខ្លាបាត់ទៅណាហើយ? ខណៈផ្ទុះជម្ងឺគ្រុនឈាមពេញផ្ទៃប្រទេស!

យល់ដឹងពីជម្ងឺគ្រុនឈាម ដែលឪពុកម្ដាយគ្រប់គ្នាត្រូវយកចិត្តទុកដាក់
 
 download (56) 
 

១. មូលហេតុដែលបង្ករអោយមានជម្ងឺគ្រុនឈាម

មូលហេតុដែលបង្ករអោយមានជម្ងឺគ្រុនឈាម ដែលក្រុមអ្នកប្រាជ្ញស្រាវជ្រាវរកឃើញ ជាទូទៅនោះ គឺ វីរុសដាំង នេះឯង។ វីរុសដាំងនេះ មាន៤ប្រភេទ។ ភ្នាក់ងារចម្លងដែលសំខាន់ជាងគេនោះ គឺ មូសខ្លាញី ។ វាជាប្រភេទម្យ៉ាងដែលយើងមើលឃើញ ជើង នឹង ខ្លួន វាមានបង្កង់ខ្មៅសៗ។ មូសនេះចូលចិត្តជ្រកពួននៅក្នុងផ្ទះ ក្នុងទីងងឹត ដូចជាក្រោមទូរ វាំងនន កន្លែងព្យូរអាវខោ ស៊ុបទ្រុប។ ល។

 ហើយមូសខ្លាញីនេះ វាហើរចេញមកខាំកូនក្មេង តែពេលថ្ងៃទេ។ ជំរកវាអាចពងដាក់បានហើយបង្កើតជាដង្កូវទឹក បានដែលត្រូវបានគេស្រាវជ្រាវរកឃើញគឺទឹកថូផ្កា ទឹកក្នុងចានទ្រជើងទូរ ទឹកក្នុងពាង ឬ អាងដែលពុំបានផ្លាស់ប្ដូរយូរថ្ងៃ ទឹកដក់ក្នុងសំបកកំប៉ុង ត្រឡោកដូង សំបកកង់ម៉ូតូ​ ឡាន ដែលគេបោះបង់ចោលជុំវិញផ្ទះ។ល។ មូសខ្លានេះពងដាក់តែក្នុងទឹកណាដែលថ្លាទេ។ ក្រោយពីខាំ វាបឺតយកឈាមដែលមានវីរុស នៅក្នុងនោះ ទៅខាំចម្លងដល់អ្នកទី២ នឹង អ្នកបន្ទាប់ទៀត។

២. រោគសញ្ញានៃជម្ងឺគ្រុនឈាម

ជម្ងឺគ្រុនឈាមមាន២ សណ្ឋាន

១.ជម្ងឺគ្រុនឈាមដែលមានសភាពស្រាល ឬ គ្មានសញ្ញាស្ហុក។

២.ជម្ងឺគ្រុនឈាមដែលមានសភាពធ្ងន់ធ្ងរ ហើយអាចផ្ដាច់ជីវិតកុមារបាន ឬ គ្រុនឈាមដែលមានសញ្ញាស្ហុក។

អំពីជម្ងឺគ្រុនឈាមស្រាល ឬ​ គ្មានសញ្ញាស្ហុក

ជម្ងឺនេះចាប់ផ្ដើមឡើងដោយមានគ្រុន ក្ដៅ ភ្លាមៗខ្លាំងខ្លា ជួនកាលសីតុណ្ហភាពឡើងខ្ពស់ ដល់ ៤០​ ឬ ៤១ អង្សា បណ្ដាលអោយកុមារប្រកាច់បញ្ឈរ ភ្នែកផង ក៏សឹងមាន។ ក្រៅពីនេះនៅមានរោគសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតដូចជា៖

.កុមារអស់កម្លាំង ល្វីងល្វើយ ពុំចង់បៅ ឬ ពុំសូវចង់ញ៉ាំបាយ ជូនកាលទឹកមុខឡើងក្រហម

 .ឈឺក្បាល នឹង ឈឺខ្លួនប្រាណ

 .ឈឺបំពង់ក បណ្ដាលអោយបំពងកឡើងក្រហម

 .មានក្អួត

 .ឈឺពោះ ឬ​ ឈឺក្រោមភ្នែក ឆ្អឹងជំនីខាងស្ដាំ

ក្នុងចំណោមរោគសញ្ញាបន្ទាប់បន្សំទាំងនេះ គេជួបប្រទះញឹកញាប់ជាងគេ គឺ ការក្អួត នឹង ឈឺពោះ ឬ ឈឺផ្នែកក្រោមឆ្អឹងជំនីខាងស្ដាំ 

អំពីគ្រុនក្ដៅនេះ សីតុណ្ហភាពនៅតែខ្ពស់ជានិច្ច ពី ២ ទៅ ៧ថ្ងៃ។ វាអាចចុះទាបតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ នៅពេលដែលយើងឲ្យថ្នាំបញ្ចុះកំដៅ រួចហើយឡើងខ្លាំងវិញដដែល។ ក្រៅពីគ្រុនក្ដៅនៅមានសញ្ញាសំខាន់មួយទៀតគឺចេញឈាមដូចជា៖

១.ស្នាមអុជៗក្រហម រាយប៉ាយនៅចុងដៃ ចុងជើង ផ្ទៃមុខ  ក្លៀក ។ល។ ស្នាមអុជៗក្រហមនេះគឺមានភាពខុសប្លែកគ្នាពីស្នាមមូសខាំ ឬ​ សត្វទិចត្រង់ថា វាពុំរលប់បាត់ទៅវិញ ដូចស្នាម សត្វទិច ឬ មូសខាំទេ នៅពេលយើងទាញស្បែកអោយតឹង នៅកន្លែងដែលមានស្នាមនោះ។ ក៏ប៉ុន្តែស្នាមអុជៗក្រហមៗក្នុងឆ្នាំនេះ យើងពុំសូវបានជូបប្រទះទេ។ គេត្រូវស្រាវជ្រាវធ្វើ Test De Carrot គឺគេយកខ្សែកៅស៊ូយឺត ចង់ដើមដៃទុក ១៥នាទី ទើបស្រាយវិញ។ ក្រោយមកគេនឹងឃើញស្នាមអុជៗនេះ យ៉ាងច្រើនចេញនៅលើផ្នត់ដៃ។

២.ប្រសិនណា បើក្មេងនោះបានទទួលការចាក់ថ្នាំ តាមសរសៃគេនឹងឃើញ កន្លែងចាក់នោះជាំ កកឈាម ឬ ហូរឈាមរឹមៗយូរទើបបាត់។

៣.ធ្ងន់ជាងនេះមួយកម្រិតទៀត កុមារអាចមានឈាម ជើងធ្មេញ ឬ ឈាមច្រមុះ។

៤.ក្នុងករណីខ្លះទៀតអាចមានក្អួតឈាម ឬ ជុះឈាម។

សញ្ញា២នេះ បើមានគឺសញ្ញាធ្ងន់ធ្ងរណាស់។ កុមារជាច្រើន ដែលកើតជម្ងឺគ្រុនឈាម មានថ្លើមរីក ឈឺនៅពេលដែលយើងស្ទាបប៉ះ ក៏ប៉ុន្តែពុំមានចេញលឿងទេ។

ជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ នឹង មានសញ្ញាស្ហុក

បន្ថែមលើរោគសញ្ញាទាំងឡាយ ដែលបានរៀបរាប់ខាងលើក្នុងករណីនៃជម្ងឺគ្រុនឈាមញធ្ងន់ធ្ងរ ដែលមានសញ្ញាស្ហុក សភាពទូទៅនៃកុមារធ្លាក់ទ្រុឌទ្រោមយ៉ាងខ្លាំង។ ស្ហុកនេះច្រើនមានជាទូទៅ នៅថ្ងៃទី៥នៃជម្ងឺ៖

១.ពេលនោះកុមារអស់កម្លាំង ល្វឹងល្វើយ យ៉ាងខ្លាំង

២.ស្បែកត្រជាក់ស្រិប

៣.បបូរមាត់ នឹង ចុងដៃជើងស្វាយ

៤.កុមារឡេះឡាស់ បោះដៃបោះជើង ដេកពុំស្រណុក

៥.ជីពចរញាប់ហើយ ខ្សោយផង

រយះពេលស្ហុកនេះខ្លីណាស់ វាអាចផ្ដាច់ជីវិតកុមារបានតែក្នុងរយះពេល១២ ទៅ ២៤ ម៉ោងប៉ុណ្ណោះ។ រៀងរាល់គ្រប់អ្នកជម្ងឺគ្រុនឈាម បើគេបូមឈាមទៅពិនិត្យនោះ គេនិងឃើញថា ឈាមឡើងខាប់ខុសធម្មតា រីឯអត្រាប្លាកែតវិញ ចុះខាប់ទាបជាង១០០​ ០០០/ មម³ ឈាម។

៣. ការព្យាបាល

រហូតមកដល់សព្វថ្ងៃនេះ ពុំមានឳសថណាស័ក្កសិទ្ធសម្រាប់ការព្យាបាលជម្ងឺគ្រុនឈាម នៅឡើយទេ។ គឺគេធ្វើការព្យាបាលតាមរោគសញ្ញានីមួយៗរបស់វា។ ត្រូវជៀសវាងដាច់ខាតនូវការប្រើថ្នាំពពួក អាស្ពីរីន ដើម្បីបញ្ចុះកំដៅ ព្រោះវាអាបណ្ដាលអោយគ្រោះថ្នាក់ដល់ជីវិត។ ដើម្បីបញ្ចុះកំដៅគេត្រូវប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល កម្រិត ៥០មីលីក្រាម ក្នុងទម្ងន់១គីឡូ រយះពេល ២៤ ម៉ោង។ ប្រសិនបើកុមារកើតជម្ងឺនេះហើយ ចាំបាច់ ត្រូវតែអោយសម្រាកពេទ្យ ដើម្បីព្យាបាល។ ក្នុងដំណាក់កាលដំបូងនៃជម្ងឺគ្រុនឈាម ដែលមានកម្រិតស្រាល គេអាចប្រើថ្នាំ អូរ៉ាលីត ដូចជម្ងឺរាគរួសបានដែរ ក៏ប៉ុន្តែត្រូវតាមដានអោយបានដិតដល់ ជាទីបំផុត។

ជម្ងឺគ្រុនឈាមអាចសង្គ្រោះបានដោយការចាក់សេរ៉ូម ត្រឹមត្រូវតាមប្រភេទ តាមកម្រិតរបស់វា នឹង ទាមទារការតាមដានការថែទាំ ជាប្រចាំទាំងយប់ទាំងថ្ងៃ រៀងរាល់ម៉ោង។ ក្នុងករណីចាំបាច់ខ្លះ គេអាចបញ្ចូលផ្លាស្មា ឈាមស្រស់ ដូចជាក្នុងករណីដែលមានឈាមខាប់ពេក ឬ មានជុះឈាម ឬ​ ក្អួតឈាមខ្លាំង។

៤. វិធានការការពារជម្ងឺគ្រុនឈាម

ការព្យាបាលជម្ងឺគ្រុនឈាម មានភាពតានតឹង នឹង ស្វិតស្វាញបំផុត ដើម្បីចៀសវាងជម្ងឺនេះបានយើងត្រូវអនុវត្តន៍នូវពាក្យស្លោក ការពារប្រសើរជាងព្យាបាល គឺ

១. ត្រូវកំចាត់ប្រភពដែលអាចអោយមូសខ្លាពងដាក់ ហើយកើតជាដង្កូវទឹក

.លុបថ្លុកជុំវិញផ្ទះអោយអស់

.ពាងទឹកត្រូវមានគម្រប់ជិត  នឹង ឧស្សាហ៍ផ្លាស់ប្ដូរទឹក

.ថ្លុកធំៗត្រូវចាក់ប្រេងកាត ឬ ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត

.បំបាត់កុំអោយមានកំប៉ុង សំបកដប ត្រឡោកដូង ផើងក្រឡបែក សំបកកង់ ម៉ូតូ ឡាន ចាស់ៗ​ដែលអាចដក់ទឹកបាន

.ថូផ្កា នឹង ចានទ្រជើងទូរ នៅក្នុងផ្ទះត្រូវឧស្សាហ៍ផ្លាស់ទឹកចាស់អោយបានញឹកញាប់។

២. ត្រូវកំចាត់ជម្រកមូសខ្លាគឺ

.នៅក្នុងផ្ទះត្រូវមានខ្យល់អាកាសបរិសុទ្ធ នឹង ពន្លឺចេញចូលបានល្អ ចៀសវាងការបាំងវាំងនន ច្រើនកន្លែង នឹង ព្យូរខោអាវ  នៅទីងងឹត ដែលបង្កលក្ខណៈអោយមូសខ្លាជ្រកពួនបាន នឹង ហើរមកខាំកូនយើងបានដែលលេងក្បែរនោះ។

.នៅក្រៅផ្ទះត្រូវកាប់ឆ្ការព្រៃ ជុំវិញផ្ទះអោយបានស្រឡះល្អ

.ចំពោះកូនចៅអោយដេកក្នុងមុងជាដាច់ខាត

.កុំអោយកុមារលេងក្បែរទីងងឹត

.ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវអនាម័យ ៣ប្រការ គឺ ផឹកស្អាត ហូបស្អាត រស់នៅស្អាត។

download (55) images (124) images (126) images (125) 

( khmerDeng)

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 317 នាក់

ម្សិលមិញ 1058 នាក់

សរុប 419631 នាក់