ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដបញ្ជ្រាបយេនឌ័រឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

photo_2019-07-11_22-09-06

 រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនប ទ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្ដ បញ្ជ្រាបយេនឌ័រ ឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោកជំទាវ Angela Corcoran ឯកអគ្គរាជស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា លោកជំទាវ ហ៊ូ និរមត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល។


លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ថា ស្ថានភាពយេនឌ័រនៅកម្ពុជា ដោយកត់សម្គាល់ឃើញថា មានការរីកចម្រើនគួរជាទីមោទនៈ ។ ផ្អែកលើរបាយការណ៍គម្លាតយេនឌ័រពិភពលោកនៅឆ្នាំ ២០១៨ ដែលរៀបចំដោយ វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ប្រទេសដែលមានការអភិវឌ្ឍន៍មធ្យម ដោយស្ថិតក្នុងលំដាប់លេខរៀងទី ៩៣ ក្នុងចំណោម ១៤៩ប្រទេស។ ស្រ្ដីនៅក្នុងក្រសួង ស្ថាប័នរដ្ឋ ដែលទទួលបានតួនាទី និង សេចក្តីសម្រេច មានការកើនឡើងជាបន្តបន្ទាប់ ហើយស្រ្ដីចំនួនស្រ្តីដែលទទួលបានការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក៏មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោកជំទាវបានបន្តថា ទោះបីជាយ៉ាងនេះក្តី ស្រ្តីនៅកម្ពុជាមួយចំនួន នៅតែជួបបញ្ហានៅក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាទទួលបានប្រាក់ចំណូលទាប និងការរើសអើងជាដើម។


ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ និងបានលើកឡើងពីប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៨ និងផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ សម្តេច បានផ្ដល់អនុសាសន៍ឲ្យគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការអនុវត្តផែនការបញ្ជ្រាបយេនឌ័ររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពដោយមានយន្ដការតាមដាន និងវាយតម្លៃលទ្ធផលឲ្យបានជាក់លាក់ និងបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងឲ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្ដល់ឱកាសឲ្យមានសម្លេងស្ត្រីចូលរួមយោបល់ក្នុងការសម្រេចតែងតាំង។

ទាក់ទិនទៅនឹងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ឆ្នាំ២០១៩ - ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ Angela Corcoran ឯកអគ្គរាជស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា និងឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដី បានបញ្ជាក់អំពី សារសំខាន់នៃយុទ្ធសាស្រ្ដនេះក្នុងនោះមាន ៖ ទី ១៖ ពង្រឹងសមត្ថភាពបណ្តាញការងារយេនឌ័រ គ្រប់លំដាប់ថ្នាក់នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ថ្នាក់កណ្ដាល ដែលមានសមាជិកមកពីគ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ និងបានបង្កើតក្រុមការងារយេនឌ័រនៅតាមមន្ទីររាជធានីខេត្តថែមទៀតផ ,ទី ២ ៖ បន្តបញ្ជ្រាបយេនឌ័រទៅក្នុងច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានាក្នុង វិស័យអភិវឌ្ឍន៍ជនបទ , ទី ៣ ៖ បន្តលើកកម្ពស់សមភាពយេនឌ័រនៅក្នុងស្ថាប័ន និងតួនាទីធ្វើសេចក្ដីសម្រេច , ទី ៤ ៖ បង្កើនការបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងទី ៥៖ លើកកម្ពស់កិច្ចសហការរវាងក្រុមការងារយេនឌ័រ និងក្រុមការងារអនុវត្តគម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍។

ឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់បណ្ដាដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពអនុវត្តគម្រោងទាំងអស់របស់ក្រសួង ចូលរួមសហការ និងជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ក្រុមការងារយេនឌ័ររបស់ក្រសួង និងបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី CAVAC(កាវ៉ាក់) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្ត្រនេះ ព្រមទាំងបានប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្ដបញ្ជ្រាបយេនឌ័រ ឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 568 នាក់

ម្សិលមិញ 1331 នាក់

សរុប 524340 នាក់