សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសបានរថយន្តបង្កុង៨គ្រឿង ត្រាក់ទ័រអូសឈើ១គ្រឿង យកមកដុតកម្ទេចចោល និងឈើប្រណិតល្មើសច្បាប់ជាច្រើនម៉ែត្រគូប ប្រគល់ទៅរដ្ឋឲ្យមន្ត្រីព្រៃឈើ !

photo_2019-07-18_22-56-23

ខេត្តស្ទឹងត្រែង ៖ រថយន្តបង្កុង ៨គ្រឿង បន្ថែមទៀត និងត្រាក់ទ័រអូសឈើ១គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ រួមនឹងឈើប្រណិតជាច្រើនម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បើកប្រតិបត្តិការចុះរុករកឃើញ ហើយបានធ្វើការរឹបអូសយកមកដុតកម្ទេចចោល និងឈើបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត យកទៅរក្សាទុកជាសម្បត្តិរដ្ឋ។


នៅក្នុងប្រតិបត្តិការរបស់កម្លាំងចម្រុះខេត្តនេះ បានដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក្រោមកិច្ចសម្របសម្រួលនៅក្នុងដំណើរការ នៃប្រតិបត្តិការ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃ រវាងពីថ្ងៃទី១៧កក្កដា ដល់ថ្ងៃទី១៨កក្កដាឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រុកចំនួន២ គឺ ស្រុកសេសាន និងស្រុកសៀមប៉ាង។ រថយន្តបង្កុង ៦គ្រឿង រឹបអូសបាននៅស្រុកសេសាន និងរថយន្តបង្កុង ២គ្រឿង ព្រមទាំងត្រាក់ទ័រ ១គ្រឿង ត្រូវបានរឹបអូស នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានថ្លែងថា នៅក្នុងប្រតិបត្តិការចុះរុករករថយន្តបង្កុងដឹកឈើ ក៏ដូចជាមធ្យោបាយនានាទៀត ដែលពាក់ព័ន្ធនឹងការ បម្រើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ របស់កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង គឺត្រូវអនុវត្តនៅទូទាំងដែនដីរដ្ឋបាលខេត្តទាំងមូលជាបន្តបន្ទាប់។

ប៉ុន្តែ ប្រតិបត្តិការនេះ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៧កក្កដា ម្សិលមិញ ដោយកម្លាំងសមត្ថកិច្ចចម្រុះខេត្ត មានការចូលរួមពីកម្លាំងបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អាជ្ញាធរ និងមន្ត្រីប្រដាប់អាវុធនៅថ្នាក់មូលដ្ឋាន និងមានការចូលរួមសម្របសម្រួល ក្នុងកិច្ចប្រតិបត្តិការ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះទៅកាន់ស្រុកសេសាន ហើយបានធ្វើការរឹបអូសបានរថយន្តបង្កុង ចំនួន ៦គ្រឿង ក្នុងពីរគោលដៅផ្សេងគ្នា គឺគោលដៅទី១ រឹបអូសរថយន្តបង្កុងបាន ៤គ្រឿង នៅក្នុងភូមិស្រែគរថ្មី និងគោលដៅទី២ រឹបអូសបានរថយន្តបង្កុង ២គ្រឿង នៅក្នុងភូមិច្រប់ ព្រមទាំងរឹបអូសបានឈើល្មើសច្បាប់ ជាច្រើនម៉ែត្រគូប ស្ថិតនៅក្នុង ឃុំក្បាលរមាស នៃស្រុកសេសាន។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃ១៨កក្កដានេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត បានបន្តធ្វើប្រតិបត្តិការចុះទៅកាន់ស្រុកសៀមប៉ាង ដែលជាស្រុកមួយមានព្រំដែន ជាប់ជាមួយប្រទេសឡាវ ហើយបានរុករកឃើញ និងធ្វើការរឹបអូសបានរថយន្តបង្កុង ២គ្រឿង និងត្រាក់ទ័រ ១គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅក្នុងដែនដីស្រុកចុងកាត់មាត់ញកមួយនេះ។

លោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី បានបញ្ជាក់ថា ក្រោយប្រតិបត្តិការបង្ក្រាប និងរឹបអូសបាន វត្ថុតាងបទល្មើសនោះរួចមក រថយន្តបង្កុង ៦គ្រឿង ដែលរឹបអូសបាននៅស្រុកសេសាន ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង កាលពីល្ងាចថ្ងៃទី១៧កក្កដាម្សិលមិញ រីឯ ឈើប្រណិតជាច្រើនម៉ែត្រគូប ត្រូវបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត យកទៅរក្សាទុក។ ដោយឡែក រថយន្តបង្កុង ២គ្រឿង និងត្រាក់ទ័រ ១គ្រឿង ដែលរឹបអូសបាននៅស្រុកសៀមប៉ាង ក្នុងថ្ងៃ១៨កក្កដានេះ ក៏ត្រូវបានដុតកម្ទេចចោលរួចហើយដែរ។ លោកបានបញ្ជាក់ជំហរថា សមត្ថកិច្ចចម្រុះខេត្ត នឹងបន្តប្រតិបត្តិការចុះរុករក និងបង្ក្រាបដកហូតយកវត្ថុតាងបទល្មើស នៅស្រុកមួយចំនួនទៀត របស់ខេត្តស្ទឹងត្រែង ដើម្បីយកមកដុតកម្ទេចចោល ដោយអនុវត្តទៅតាមផែនការ និងការដាក់ចេញបទបញ្ជា របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ នៅក្នុងខេត្តស្ទឹងត្រែង ដដែលនេះ កាលពីថ្ងៃទី៩កក្កដា២០១៩ បានធ្វើការរឹបអូសរថយន្តបង្កុងបាន ៦គ្រឿង ហើយនៅថ្ងៃទី១៤កក្កដាកន្លងទៅ រថយន្តបង្កុងទាំង ៦គ្រឿងនោះ ត្រូវបានដុតកម្ទេចចោលរួចហើយដែរ។ ហើយគិតទាំងការបង្ក្រាប និងរឹបអូសបានក្នុងរយះពេល ២ថ្ងៃនេះទៀត រថយន្តបង្កុង ១៤គ្រឿង និងត្រាក់ទ័រគ្រឿង បានរងការដុតកម្ទេចចោល ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1301 នាក់

ម្សិលមិញ 885 នាក់

សរុប 547826 នាក់