អាជ្ញាធរខេត្តព្រះវិហារ បានដុតកម្ទេចរថយន្តបង្កុង២គ្រឿង និងគោយន្តកន្ត្រៃ១គ្រឿង ក្រោយការរុករកឃើញ និងរឹបអូសបានច្រើនថ្ងៃកន្លងមកនេះ

photo_2019-07-19_21-30-33

ខេត្តព្រះវិហារ ៖ រថយន្តបង្កុង ២គ្រឿង រួមនឹងគោយន្តកន្ត្រៃ១គ្រឿង ដែលជាមធ្យោ បាយបម្រើឲ្យការដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ បានរងការដុតកម្ទេចចោល ក្រោយប្រតិបត្តិការចុះរុករកឃើញ និងរឹបអូសបាននៅប៉ុន្មានថ្ងៃមុន ក្នុងសប្តាហ៍នេះ ពីកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ដែលដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ។

នៅព្រឹកថ្ងៃសុក្រទី១៩កក្កដានេះ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក លី សារ៉ារិទ្ធ ​រួមទាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដែលមានការចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក នួន សុខុម មន្ត្រីបរិស្ថានខេត្ត កម្លាំងនគរបាលខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានាទៀត ក្រោមកិច្ចសម្របសម្រួលពី ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើពិធីដុតកម្ទេចរថយន្តប្រភេទរ៉េវ បង្កុង ២គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង ស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីសមត្ថកិច្ចខេត្តបាននិយាយថា រថយន្តបង្កុង ២គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង ដែលរងការដុតកម្ទេចចោលនៅក្នុងថ្ងៃនេះ គឹជាវត្ថុតាងបទល្មើស ដែលបម្រើឲ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ ក្នុងពេលកន្លងមកនេះ ហើយបានផ្អាកសកម្មភាពដឹកឈើ និងបានបើកយកទៅលាក់ទុក តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានចុះរុករកឃើញ និងធ្វើការដកហូតយកមកដុតកម្ទេចចោល ដើម្បីលុបបំបាត់សកម្មភាពកាប់ និងដឹកជញ្ជូនបទល្មើសព្រៃឈើ ល្មើសច្បាប់តទៅទៀត។

ដោយឡែក នៅក្នុងខេត្តរតនគិរី ភាគឥសាន្តប្រទេសនោះវិញ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន លោកបានដាក់ចេញបញ្ជាដល់ អង្គភាពចំណុះនៅគ្រប់មូលដ្ឋាន ឲ្យបន្តរឹតបន្តឹង និងចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យបានខ្លាំងក្លាបំផុត។ ហើយនៅថ្ងៃទី១៨កក្កដាម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះស្ទាក់ចាប់ និងបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ហើយរឹបអូសបានរថយន្តឡង់គ្រីស័រ ១គ្រឿង ដែលផ្ទុកឈើប្រណិតធ្នុង នៅក្នុងនោះពេញប្រៀប ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មន្ត្រីអាវុធហត្ថបាននិយាយថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបការដឹកជញ្ជូនឈើនេះ អ្នកបើកបររថយន្តដឹកឈើ បានបើករថយន្តចតទុកចោលក្នុងព្រៃ ហើយរត់គេចខ្លួនបាត់ស្រមោល។ លោកថា នៅគ្រានោះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានបញ្ជាឲ្យរឹបអូស ហើយប្រគល់ឈើនៅក្នុងរថយន្តនោះ ទៅឲ្យមន្ត្រីព្រៃឈើអូរយ៉ាដាវ។ ចំណែក រថយន្តដែលជាវត្ថុតាងដឹកជញ្ជូនបទល្មើសព្រៃឈើ ត្រូវនាំយកមកធ្វើការដុតកម្ទេចចោល នៅរសៀលថ្ងៃដដែលនោះ។ ការដុតកម្ទេចរថយន្ត១គ្រឿងនេះ ក៏មានការសម្របសម្រួល ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តរតនគិរី ផងនោះដែរ និងក្រោមការអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

គួររំលឹកថា កាលពីថ្ងៃទី១២កក្កដាកន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបរថយន្តឡង់គ្រីស័រ កែច្នៃដឹកឈើឆ្លងដែន ចំនួន ២គ្រឿង ក្រោយការបង្ក្រាប ឈើត្រូវបានប្រគល់ឲ្យមន្ត្រីព្រៃឈើ។ រីឯ រថយន្តទាំង២គ្រឿង ត្រូវបាននាំយកមកដុតកម្ទេចចោល។ ហើយលើកនេះ គឺជាលើកទី២ និងមានរថយន្តសរុប ចំនួន ៣គ្រឿងហើយ ដែលត្រូវបានដុតកម្ទេចចោល នៅខេត្តរតនគិរី ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 249 នាក់

ម្សិលមិញ 947 នាក់

សរុប 449009 នាក់