សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត

photo_2019-07-20_20-15-24

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខា រាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត និងបំពាក់កន្សែង

យុវជនកាកបាទក្រហមកម្ពុជា ចំនួន ២,០៥២ នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យ ចំនួន ២៧ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំកម្ពុជា តំណាងសហព័ន្ធអន្តរជាតិប្រចាំកម្ពុជា គណៈកិត្តិយស-គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣,៨០០នាក់។

នៅក្នុងឱកាសដ៏ឱឡារិកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវសេចក្តីរីករាយ និងបានពាំនាំនូវព្រះ រាជទានសេចក្តីនឹករលឹក និងព្រះរាជឱង្ការផ្តាំសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតអំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសមាជិក-សមាជិកាទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទ ក្រហមកម្ពុជានៅទូទាំងប្រទេស សូមមានសុខភាព ល្អ ប្រាជ្ញាឈ្លាសវៃ មានចំណេះដឹង មានសីលធម៌ សក្តិសម ជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការ អភិវឌ្ឍប្រទេសជាតិយើង។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រឹះស្ថាន មធ្យមសិក្សា ឧត្តមសិក្សា រាជធានីភ្នំពេញ ទីប្រឹក្សាយុវជន ប្រធានក្លឹបយុវជន និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ទាំង ២៤ខេត្ត ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នាអនុវត្តទិសដៅ និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ការពង្រឹងសមត្ថភាព និងការពង្រីកបណ្តាញយុវជនកាកបាទក្រហម ដោយឈរលើយុទ្ធសាស្ត្រ ២០១១-២០២០ និងវិស័យស្នូលទាំងបួនរបស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗយុវជនកាកបាទក្រហម ដែលមានស្មារតីស្នេហាជាតិ បានចូលរួមបំពេញការងារមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ស្របតាមគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា និងស្របតាមកម្មវិធីនយោបាយអភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ លើសពីនេះទៀត ក្មួយៗ បាននិងកំពុងបំពេញបង្គ្រប់នូវគុណតម្លៃនៃតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដែលជា តួនាទីទោលរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ហើយកាកបាទក្រហមកម្ពុជា តែងតែបានប្រកាន់ខ្ជាប់ជារៀងដរាបមក។

ក្នុងឱកាសនេះដែរ ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមកាន់តែទូលំទូលាយ និងធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលានៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធីដូចខាងក្រោម ៖
១- ត្រូវរួមគ្នាបន្តពង្រឹង និង ពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា តាមលទ្ធភាពជាក់ស្តែងរបស់សាខានីមួយៗ តាមរយៈការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាព ការគ្រប់គ្រងសកម្មភាពការងារ​បណ្តុះបណ្តាលមុខជំនាញ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការទៅនឹងគ្រោះមហន្តរាយ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និង ការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើតបរិស្ថានឱ្យបានកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ។
២- ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត នៅគ្រប់ក្លិបយុវជនកាកបាទក្រហមកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាកក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ នៅតាមសាលា និងសាកលវិទ្យាល័យ ប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែកផ្តល់ចំណេះដឹងស្តីពីវិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យនិងសុខភាព ការការពារជំងឺឆ្លង ជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាឤសន្ន នៅតាមសាខាទាំង ២៥ រាជធានី-ខេត្ត។
៣- ត្រូវរួមគ្នាបន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដែលមានស្រាប់ តាមរយៈការផ្តល់បណ្ណសម្គាល់ខ្លួនដល់យុវជន និង ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ តាមរយៈការធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន និង វគ្គបណ្តុះ បណ្តាលនានា ដើម្បីធានាសុខដុមនីយកម្ម និង រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជន ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និង អន្តរជាតិ។
៤- ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្តផ្សព្វផ្សាយនូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ ដើម្បីងាយស្រួលក្នុងការ​បំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។
៥- ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសការលើកទឹកចិត្តយុវជនឱ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនក្នុងសកម្មភាពជួយសហគមន៍ នៅគ្រប់រាជធានី-ខេត្ត។
៦- ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញទៅមក ជាមួយអង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ ដោយមិនត្រូវមើលស្រាលអ្នកដទៃ និងការបែងចែកប្រកាន់បក្សពួក ដែលឤចធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា។
៧- សូមក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សារភ្ជាប់ចំណេះវិជ្ជារបស់ក្មួយៗ ដែលមានស្រាប់ ទៅនឹងការអនុវត្ត និងការសិក្សាជំនាញថ្មីៗ ដែលទើបទទួលបាន ដើម្បីក្មួយៗឤចជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 271 នាក់

ម្សិលមិញ 947 នាក់

សរុប 449031 នាក់