ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យ និងធ្វើការជួលជុលផ្លូវពីរខ្សែ មានប្រវែងជាង ១០០គីឡូម៉ែត្រ

photo_2019-07-23_23-19-39

ខេត្តព្រះវិហារ ៖  ដំណើរចុះត្រួតពិនិត្យផ្លូវ ដែលទើបបញ្ចប់ការជួសជុល នៅថ្ងៃទី ២១ កក្កដា ២០១៩  ដឹកនាំដោយ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានអោយដឹងថា ផ្លូវជាតិក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ចំនួន២ខ្សែ សរុបប្រវែង ១០០គីឡូម៉ែត្រ ១ខ្សែស្ថិតនៅក្នុងស្រុកឆែប និងខ្សែទៀត តភ្ជាប់ពីទីរួមខេត្តព្រះវិហារ

មកដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង បានទទួលការគ្រប់គ្រង និងជួសជុលសារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ លោកបន្តថា ផ្លូវទំាង២ខ្សែនេះ បានរងការប្រេះដាច់ជាអន្លើៗ ដោយសារទឹកភ្លៀងហូរកាត់នៅក្នុងរដូវវស្សា ខណៈនេះត្រូវបានថែទាំ និងជួសជុលឡើងវិញ បានរួចរាល់នោះហើយ សំរាប់ប្រជាពលរដ្ឋដឹកទំនិញ និងកសិផលនានា ទៅកាន់ទីផ្សារ ក៏ដូចជាសម្រួលដល់ការចុះបំពេញការងារ របស់មន្ត្រីរាជការសាធារណៈ ផងនោះដែរ។ លោកថា ផ្លូវទាំងពីរប្រភេទ គឺ ១.ផ្លូវជាតិលេខ ៩៤ ជាផ្លូវក្រាលក្រួសក្រហម មានប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ១ ជាប់មាត់ទន្លេព្រំប្រទល់ផ្លូវទឹក ប្រទេសឡាវ និង ២.ផ្លូវជាតិលេខ ៩ តភ្ជាប់ពីទីរួមខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង ៦១គីឡូម៉ែត្រ ផ្លូវទាំង២ខ្សែ មានប្រវែង ១២២គីឡូម៉ែត្រ។

លោកឲ្យដឹងទៀតថា ផ្លូវជាតិលេខ ៩៤ កំពុងដំណើរការកៀរសម្រួលជិតរួចរាល់ហើយ រីឯ ផ្លូវជាតិលេខ ៩ ត្រូវបានបញ្ចប់ការជួសជុល ១០០ភាគហើយ នៅល្ងាចថ្ងៃម្សិលមិញនេះ។ ដោយឡែក ស្ពានថ្ម ២កន្លែង នៅផ្លូវជាតិលេខ ៩៥ តភ្ជាប់ពីទីរួមស្រុកឆែប ទៅកាន់ស្រុកជ័យសែន មន្ត្រីជំនាញស្ពានផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងតែដំណើរការស្ថាបនានោះហើយ និងនៅមានស្ពាន ១ខ្សែទៀត មានប្រវែងជាង១០០ម៉ែត្រ កំពុងរងនូវការចាស់ទ្រុឌទ្រោមខ្លាំង លោកក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាពិនត្យតាមលទ្ធភាព ក្នុងការសាងសង់ស្ពានថ្មី សម្រាប់ប្រជាពលរដ្ឋបានធ្វើដំណើរ ផុតពីក្តីបារម្ភ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងរកការយោគយល់ ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលបានធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខាងលើ នាពេលកន្លងទៅ ហើយជួបការលំបាកក្នុងការធ្វើដំណើរ ដែលក្រុមការងាររបស់មន្ទីរ បានធ្វើការជួសជុលមានភាពយឺតយ៉ាវ។ ប៉ុន្តែ បច្ចុប្បន្ននេះ ផ្លូវទាំងអស់នោះ ត្រូវបានធ្វើការថែទាំ និងជួសជុលរួចរាល់ហើយ។ លោក សំ លាងទ្រី បានបញ្ជាក់ជំហរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅតែបន្តយកចិត្តទុកដាក់ ជួសជុល និងថែទាំផ្លូវទាំងអស់នេះ ដូចជាលុបស្នាមប្រេះ ស្នាមស្រុត សម្អាតរុក្ខជាតិតាមដងផ្លូវ និងធ្វើការកៀរសម្រួលផ្លូវក្រួសក្រហមជាដើម ។ល។ ដោយមិនឲ្យពុកម៉ែ បងប្អូន អាក់អន់ស្រពោនចិត្តនោះឡើយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព បន្ទាប់ពីផ្លូវជាតិលេខ ៩៤ និងផ្លូវជាតិលេខ ៩ បានបញ្ចប់នូវការថែទាំង និងជួសជុលរួចរាល់ហើយនោះ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 329 នាក់

ម្សិលមិញ 655 នាក់

សរុប 1273949 នាក់