មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

P001 មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

រៀបរៀង​ដោយ​លោក​បណ្ឌិត កុល ផេង

មាតិកា

ជំពូក​១: ព្រះពោធិសត្វ និង​ពោធិចិត្ត
ជំពូក​២: អដ្ឋសមោធាន​បច្ច័យ​៤
ជំពូក​៣: ថិរវេលា​សុមេធបណ្ឌិត​បំពេញ​ពុទ្ធការកធម៌
ជំពូក​៤: ព្រះសុមេធបណ្ឌិត និង​ការ​ប្រកាស​អភិនីហារ
ជំពូក​៥: ការ​កសាង​ទសបារមី
ជំពូក​៦: ព្រះពោធិសត្វ​ក្នុង​អត្តភាព​ជា​ព្រះសម្មាសម្ពុទ្ធ​សមណគោតម
ជំពូក​៧: ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី

 

ឧបសម្ព័ន្ធ

១. ទសពិធរាជធម៌​សង្ខេប
២. ការ​បំពេញ​នូវ​ភារកិច្ច​របស់​ស្ដេច​ចក្រពត្តិ
៣. ការ​អនុវត្ត​នូវ​សង្គហធម៌​របស់​អ្នក​ដឹកនាំ
៤. រាជសង្គហវត្ថុ​៤​របស់​អ្នកដឹកនាំ
៥. ការ​ជៀសវាង​អគតិធម៌
៦. សេចក្ដី​អធិប្បាយ​អំពី​អសង្ខេយ្យ និង​កប្ប
៧. កប្ប​មាន​៤​យ៉ាង
៨. បទសិក្សា​ពិចារណា​ពី​កប្ប
៩. តារាង​ពុទ្ធវង្ស
១០. អង្គ​៦​របស់​បណ្ឌិត

៦. ព្រះពោធិសត្វ​ក្នុង​អត្តភាព​ជា​ព្រះសម្មាសម្ពុទ្ធ​សមណគោតម

ព្រះពោធិសត្វ​លោក​បាន​បំពេញ​បារមី​ដែល​ជា​ពុទ្ធការកធម៌​រហូត​មក​ដល់​អត្តភាព​ជា ព្រះវេស្សន្ដរ បាន​បំពេញ​ទានបារមី​ដ៏​ប្រសើរ ហើយ​បាន​ចុតិ រួច​យាង​ទៅ​ចាប់​បដិសន្ធិ​ក្នុង​ស្ថាន​តុសិត​មាន​ឈ្មោះ​ថា សន្តុសិត​ទេវបុត្រ ។ ក្រោយ​មក ទេវតា​ទាំងឡាយ​មួយ​សែន​ចក្រវាល​បាន​ដឹង​ថា សន្តុសិត​ទេវបុត្រ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​មួយ​អង្គ​ក្នុង​លោក ទើប​បាន​នាំ​គ្នា​ចូល​ទៅ​អារាធនា​ព្រះពោធិសត្វ​ឲ្យ​ចុះ​ចាប់​បដិសន្ធិ​ក្នុង ​មនុស្ស​លោក ។ ព្រះពោធិសត្វ​មិន​ទាន់​ទទួល​ពាក្យ​ប្ដេជ្ញា​របស់​ទេវតា​នោះ​ទេ ហើយ​សម្លឹង​មើល​មហាវិលោកនៈ​ទាំង​៥​គឺ កាល​១ ទ្វីប​១ ប្រទេស​១ ត្រកូល​១ ព្រះមាតា​១ ។

  1. កាលៈ ជា​ធម្មតា​ព្រះពុទ្ធ​ទាំងឡាយ ព្រះអង្គ​មិន​ត្រាស់​ដឹង​ក្នុង​អាយុ​កាល​នៃ​មនុស្ស​លើស​ពី​មួយ​សែន​ឆ្នាំ និង​តិច​ជាង​មួយ​រយ​ឆ្នាំ ។ ព្រះពោធិសត្វ​តែង​តែ​ចុះ​មក​ត្រាស់​ដឹង​ក្នុង​លោក​ មនុស្ស​មាន​អាយុ​ចន្លោះ​ពី​មួយ​រយ​ឆ្នាំ​ទៅ​មួយ​សែន​ឆ្នាំ ។
  2. ទ្វីបៈ ព្រះពុទ្ធ​ទាំងឡាយ​ទ្រង់​ត្រាស់​ដឹង​ក្នុង​ជម្ពូទ្វីប​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។
  3. ប្រទេសៈ ព្រះពុទ្ធ​ទាំង​ឡាយ​ទ្រង់​ត្រាស់ដឹង​ក្នុង​មជ្ឈិម​ប្រទេស​ប៉ុណ្ណោះ ។
  4. ត្រកូលៈ ព្រះពុទ្ធ​ទាំងឡាយ​មិន​បដិសន្ធិ​ក្នុង​ត្រកូល​វេស្សៈ និង​សូទ្រៈ​ឡើយ ។ លោក​បដិសន្ធិ​តែ​ក្នុង​ត្រកូល​ក្សត្រ និង​ត្រកូល​ព្រាហ្មណ៍​ប៉ុណ្ណោះ ។
  5. ព្រះមាតាៈ ពុទ្ធ​មាតា​មិន​មែន​ជា​អ្នក​មាន​លក្ខណៈ​ឡេះឡោះ មិន​សេព​សុរា​ជាដើម ជា​អ្នក​សាង​បារមី​ធម៌​មួយ​សែន​កប្ប​មក​ហើយ​ និង​ជា​អ្នក​មាន​សីល​៥ ស្អាត​បរិសុទ្ធ​ជានិច្ច ។

បន្ទាប់​ពី​ព្រះពោធិសត្វ​រមិល​មើល​មហាវិលោកកនៈ​ទាំង​៥​ហើយ ទ្រង់​ឃើញ​ជម្ពូទ្វីប​ជា​មង្គល​ចក្រវាល ឃើញ​កបិលពស្តុ​នគរ​ ស្ថិត​នៅ​ក្នុង​មជ្ឈិម​ប្រទេស ឃើញ​ត្រកូល​ក្សត្រ​ដ៏​ល្អ ឃើញ​ព្រះមាតា​ដ៏​បវរ​ក៏​បង្អោន​ចិត្ត​មក​បដិសន្ធិ​ក្នុង​មនុស្ស​លោក គឺ​ក្នុង​ត្រកូល​ក្សត្រ​ព្រះបាទ សុទ្ធោទនៈ និង​ព្រះនាង​សិរិមហាមាយា ជា​គោតម​គោត្រ ។

ព្រះពោធិសត្វ ​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះនាង​សិរិមហាមាយា​នៅ​ថ្ងៃ​១៥​កើត​ពេញ​ បូណ៌មី ខែ​អាសាឍ មុន​ពុទ្ធ​សករាជ​៨០​ឆ្នាំ និង​១០​ខែ ។

ក្នុង​ខណៈ​ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​នោះ លោកធាតុ​ទាំង​១​សែន​ចក្រវាល​កម្រើក​រំពើក​ញាប់​ញ័រ មាន​និមិត្ត​៣២​ប្រការ​កើត​ឡើង​ប្រាកដ​ក្នុង​ខណៈ​នោះ​គឺ ៖

  1. ពន្លឺ​រក​ប្រមាណ​មិន​បាន​ផ្សាយ​ពេញ​១​សែន​ចក្រវាល
  2. មនុស្ស​ងងឹត​ភ្នែក មាន​ពន្លឺ​មើល​ឃើញ​បាន
  3. មនុស្ស​ថ្លង់​ អាច​ស្ដាប់​ឮ​បាន
  4. មនុស្ស​គ​ អាច​និយាយ​បាន
  5. មនុស្ស​គម អាច​ខ្លួន​ត្រង់
  6. មនុស្ស​ខ្វិន អាច​ដើរ​បាន
  7. សត្វ​ជាប់​ចំណង​ រួច​ផុត​ចំណង​បាន
  8. ភ្លើង​ក្នុង​នរក​រលត់
  9. ពួក​សត្វ​មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន
  10. សត្វ​តិរច្ឆាន​មិន​មាន​សេចក្ដី​ខ្លាច​គ្នា
  11. ជំងឺ​របស់​សត្វ​ទាំង​ពួង​ជា​សះ​ស្បើយ
  12. សព្វ​សត្វ​ទាំង​អស់​និយាយ​គ្នា​ដោយ​សេចក្ដី​ស្រលាញ់
  13. សេះ​ទាំងលាយ​បញ្ចេញ​សម្រែក​ដ៏​ពីរោះ
  14. ដំរី​ទាំងឡាយ​បញ្ចេញ​សំឡេង​ស្រែក​ឡើង
  15. តន្ត្រី​គ្រប់​ប្រភេទ​បញ្ចេញ​សំឡេង​គឹកកង​ដោយ​ខ្លួន​ឯង
  16. កងដៃ​របស់​មនុស្ស​ប៉ះទង្គិច​គ្នា​បញ្ចេញ​សំឡេង​យ៉ាង​ពីរោះ
  17. គ្រប់​ទិស​ទាំង​អស់​មាន​សភាព​ច្បាស់​ល្អ​មិន​ស្រអ័ព្ទ
  18. ខ្យល់​ដ៏​ត្រជាក់​បក់​មក​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​ដល់​សព្វ​សត្វ
  19. ភ្លៀង​មិន​ត្រូវ​កាល​ធ្លាក់​ចុះ​មក
  20. ទឹក​ផុស​ចេញ​អំពី​ផែនដី ហើយ​ហូរ
  21. សត្វ​មិន​មាន​ហើរ​លើ​អាកាស
  22. ទឹក​ស្ទឹង​ឈប់​នឹង​ថ្កល់​មិន​ហូរ
  23. ទឹក​មហាសមុទ្រ​មាន​រសជាតិ​ផ្អែម
  24. ផ្កា​បទុម​៥​ប្រភេទ ផុស​រីក​ដេរដាស​ពេញ​ទឹក​គ្រប់​កន្លែង
  25. ផ្កា​ឈើ​គ្រប់​ប្រភេទ ទាំង​លើ​គោក ទាំង​ក្នុង​ទឹក​ក៏​រីក​ឡើង
  26. ផ្កា​បទុម ប្រភេទ​ដើម​ក៏​រីក​តាម​ដើម
  27. ផ្កា​បទុម ប្រភេទ​មែក​ក៏​រីក​តាម​មែក
  28. ផ្កា​បទុម ប្រភេទ​វល្លិ​ក៏​រីក​តាម​វល្លិ
  29. ផ្កា​បទុម ប្រភេទ​ធាង​ជ្រែក​ផ្ទៃ​សិលា​ចេញ​ជា​ផ្កា​មួយ​រយ​ជាន់ៗ
  30. ផ្កា​បទុម ប្រភេទ​សំយុង​ចុះ​ក៏​បាន​កើត​ឡើង
  31. ភ្លៀង​ផ្កា​ក៏​ធ្លាក់​ចុះ​ពី​លើ​អាកាស
  32. តន្ត្រី​ដ៏​ជា​ទិព្វ​ក៏​បញ្ចេញ​សូរ​សៀង​សំឡេង​យ៉ាង​ពីរោះ ។

សម័យ ​នោះ ក្រុង​សបិលពស្តុ​មាន​ប្រារព្ធ​ពិធី​បុណ្យ​នក្ខត្តឫក្ស​ក្នុង​ខែ​អាសាឍ យ៉ាង​គគ្រឹក​គគ្រេង ។ មហាជន​ទាំង​ឡាយ​មាន​ចិត្ត​រីករាយ​នាំ​គ្នា​ចូល​រួម​បុណ្យ​នក្ខត្តឫក្ស​ នោះ ។ ចំណែក​ព្រះនាង​មហាមាយា​ទេវី​តាំង​ពី​ថ្ងៃ​៧ មុន​ថ្ងៃ​ពេញ​បូណ៌មី​ព្រះនាង​ក៏​ចូល​រួម​បុណ្យ​ដ៏​នក្ខត្តឫក្ស​នោះ​ជាមួយ​ មហាជន​ដែរ ។ តែ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​នាង​ក៏​ស្រង់​ទឹក​ក្រអូប ទ្រង់​លះបង់​ព្រះរាជទ្រព្យ​ចំនួន​៤​សែន​កហាបណៈ​ធ្វើ​ជា​ទាន ។ ព្រះនាង​ទ្រង់​អធិដ្ឋាន​ឧបោសថ ហើយ​យាង​ចូល​ទៅ​ក្នុង​បន្ទប់​ដ៏​មាន​សិរី ហើយ​ផ្ទំ​លើ​ព្រះសិរិសេយ្យាសនា ទ្រង់​ក៏​សុបិន​ឃើញ​ហេតុ​ដូច​ត​ទៅ​នេះ ៖

ស្ដេច ​មហារាជ​ទាំង​៤ មក​លើក​ព្រះនាង​ព្រម​ទាំង​សេយ្យាសនា ហើយ​នាំ​ទៅ​ព្រៃហេមពាន្ត ហើយ​ដាក់​លើ​ផ្ទៃ​មនោសិលា​មាន​ប្រមាណ​៦០​ប្រយោជន៍​ខាង​ក្រោម​ដើម​សាលព្រឹក្ស ​ដ៏​ធំ​មាន​ខ្នាត​៧​យោជន៍ ហើយ​នាំ​គ្នា​ឈរ​ក្នុង​ទី​ដ៏​សម​គួរ ។ លំដាប់​នោះ​ឯង ព្រះទេវី​របស់​ស្ដេច​មហារាជ​ទាំង​៤​បាន​នាំ​ព្រះនាង​ចុះ​ទៅ​កាន់​អនោត្ត​ ស្រះ ហើយ​ស្រង់​ទឹក​ថ្វាយ​ព្រះនាង​ដើម្បី​ជម្រះ​មន្ទិល​របស់​មនុស្ស​ចេញ ហើយ​ក៏​ថ្វាយ​សំពត់​ទិព្វ និង​យក​គ្រឿង​ដ៏​ក្រអូប​ផ្សេងៗ​មក​លាប​ព្រះកាយ ហើយ​យក​ផ្កា​ឈើ​ទិព្វ​មក​ថ្វាយ​ព្រះនាង​ទ្រង់​គ្រឿង​ផង​ដែរ ។ មិន​ឆ្ងាយ​អំពី​ទីនោះ មាន​កូន​ភ្នំ​ប្រាក់​មួយ​ដ៏​ស្អាត​ដែល​មាន​វិមាន​មាស​ដ៏​ប្រណីត​មួយ​ស្ថិត​ ក្នុង​នោះ ។ ស្ដេច​មហារាជ​ទាំង​៤​បាន​នាំ​ព្រះនាង​ទៅ​កាន់​ព្រះក្រឡា​បន្ទំ​លើ​សេយ្យសនា​ ទិព្វ​មាន​សីសៈ​បែរ​ទៅ​ទិស​ខាង​កើត​ក្នុង​វិមាន​មាស​នោះ ។ លំដាប់​នោះ​ឯង មាន​ដំរី​ពណ៌​ស​ដ៏​ប្រសើរ​ដើរ​ចុះ​ពី​កូន​ភ្នំ​មាស​ដែល​មិន​ឆ្ងាយ​អំពី​ វិមាន​នោះ ហើយ​ឡើង​មក​កាន់​ភ្នំប្រាក់​នា​ទិស​ខាង​ជើង បាន​យក​ប្រមោយ​មាន​ពណ៌​ដូច​ជា​ប្រាក់ ចាប់​ផ្កា​ឈូក​ពណ៌​ស​បញ្ចេញ​សំឡេង​កោញ្ចនាទ ចូល​ទៅ​កាន់​វិមាន​មាស​នោះ ហើយ​ប្រទក្សិណ​ជុំ​វិញ​ព្រះសេយ្យាសនា​ព្រះនាង​បី​ជុំ ហាក់​បី​ដូចជា​ជ្រែក​ចូល​តាម​ផ្ទៃ​ពោះ​ព្រះនាង​ខាង​ស្ដាំ​ក្នុង​ខណៈ​នោះ​ ឯង ។

លុះ​ព្រឹក​ឡើង ព្រះនាង​បាន​យក​សុបិន​នោះ​ទៅ​ក្រាប​ទូល​ព្រះរាជ​ស្វាមី​ឲ្យ​បាន​ ជ្រាប ។ ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះស្វាមី​បាន​ហៅ​ពួក​ព្រាហ្មណ៍​មក​ទស្សន៍​ទាយ​នូវ​ សុបិន​និមិត្ត​នោះ ។ ពួក​ព្រាហ្មណ៍​ហោរា​ទាំង​ឡាយ​ទស្សន៍​ទាយ​ថា ព្រះនាង​នឹង​មាន​បុត្រ​ជា​អ្នក​មាន​បុណ្យ​ដ៏​អស្ចារ្យ​ម្នាក់ ។

ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះនាង​សិរិមហាមាយា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត​ពេញ​បូណ៌មី ខែ​អាសាឍ ។

កាល​ព្រះពោធិសត្វ​ចុះ​ចាប់​បដិសន្ធិ​នោះ ស្ដេច​មហារាជ​ទាំង​៤ គឺ​ព្រះបាទ​ធតរដ្ឋ វិរុឡ្ហៈ វិរូបក្ខៈ កុវេរៈ តាម​ថែរក្សា​ព្រះគភ៌​ជានិច្ច ។

ធម្មនិយាម​នៃ​ព្រះពោធិសត្វ

ព្រះពោធិសត្វ​ចាប់​បដិសន្ធិ​ប្រកប​ដោយ​ធម្មនិយាម​ដូច​ត​ទៅ ៖

  1. ព្រះពោធិសត្វ ​ច្យុត​ចាក​ស្ថាន​តុសិត ទ្រង់​មាន​សតិ​សម្បជញ្ញៈ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ។ នេះ​ជា​ធម្មតា​របស់​ព្រះពោធិសត្វ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ​នុ៎ះ ។
  2. ព្រះពោធិសត្វ​ច្យុត​ចាក​ស្ថាន​តុសិត​ចុះ​ កាន់​ផ្ទៃ​នៃ​ព្រះមាតា ។ គ្រានោះ ពន្លឺ​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន​ក្នុង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក មារ​លោក ព្រហ្ម​លោក ក្នុង​ពពួក​សត្វ​ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ព្រម​ទាំង​មនុស្ស​ជា​សម្មតិ​ទេព ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក គ្រប​សង្កត់​នូវ​ពន្លឺ​នៃ​ទេវតា​ទាំងឡាយ ។ នៅ​គ្រប់​ច្រកល្ហក ចន្លោះ​ភ្នំ ឬ​ក្នុង​រូង​ភ្នំ​ដែល​ធ្លាប់​មាន​អ័ព្ទ​ងងឹត​ពី​មុន​មក ពន្លឺ​ព្រះអាទិត្យ និង​ព្រះចន្ទ មិន​អាច​បំភ្លឺ​បាន ក៏​ទទួល​បាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​នៃ​អានុភាព​របស់​ព្រះពោធិសត្វ​ក្នុង​ពេល ​នោះ ។ ពួក​សត្វ​ណា​ដែល​កើត​ឡើង​ក្នុង​ទីទាំង​នោះ សត្វ​អម្បាល​នោះ​ក៏​ស្គាល់​គ្នា​នឹង​គ្នា​ច្បាស់​ដោយ​សារ​ពន្លឺ​នោះ​ថា «អើ​ហ្ន៎​មាន​ពួក​សត្វ​ឯ​ទៀត​កើត​ក្នុង​ទី​នេះ​ដែរ» ។ លោកធាតុ​ទាំង​មួយ​ម៉ឺន​នេះ​ក៏​កក្រើក​រំពើក​ញាប់​ញ័រ ទាំង​ពន្លឺ​ដ៏​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​កន្លង​ទេវានុភាព​នៃ​ទេវតា​ទាំង​ឡាយ ។ នេះ​ជា​ធម្មតា​របស់​ព្រះពោធិសត្វ​ក្នុង​វេលា​ដែល​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ​នុ៎ះ ។
  3. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​ព្រះមាតា​មាន​ ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤ ដោយ​គិត​ថា កុំ​ឲ្យ​មនុស្ស និង​អមនុស្ស​ណា​នីមួយ​បៀត​បៀន​ព្រះពោធិសត្វ និង​ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ​បាន​ឡើយ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។
  4. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​ជា​អ្នក​មាន​សីល ដោយ​ប្រក្រតី ជា​អ្នក​វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេ​សុមិច្ឆាចារ រៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយ​មជ្ជប្បមាទដ្ឋាន ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។
  5. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​មិន​មាន​ចិត្ត​ប្រកប​ដោយ​កាម​គុណ​ក្នុង​បុរស​ទាំង ​ឡាយ ព្រះមាតា​នៃ​ព្រះពោធិសត្វ​មិន​ដែល​មាន​បុរស​ណា​មួយ​មាន​ចិត្ត​ត្រេក​អរ​ ប្រព្រឹត្ត​កន្លង​បាន​ឡើយ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។
  6. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា ព្រះមាតា​នៃ​ព្រះពោធិសត្វ​តែង​បាន​នូវ​កាមគុណ​ទាំង​៥​ជា​ប្រក្រតី ។ ព្រះមាតា​នៃ​ព្រះពោធិសត្វ​នោះ តែង​ស្កប់​ស្កល់​ប្រកប​ព្រម មាន​អ្នក​ផ្គាប់​បម្រើ​ដោយ​កាម​គុណ​ទាំង​៥ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។
  7. ព្រះពោធិសត្វ​ចុះ​កាន់​ផ្ទៃនៃ​ព្រះមាតា អាពាធ​ណា​នីមួយ​ក៏​មិន​កើត​ឡើង​ដល់​ព្រះមាតា​នៃ​ព្រះពោធិសត្វ​ឡើយ ព្រះមាតា​នៃ​ព្រះពោធិសត្វ​មាន​តែ​សេចក្ដី​សុខ​ជា​ប្រក្រតី មាន​កាយ​មិន​លំបាក ។ មាតា​នៃ​ព្រះពោធិសត្វ​តែង​មើល​ឃើញ​ព្រះពោធិសត្វ​ហាក់​ដូចជា​ឋិត​នៅ​ក្រៅ​ ផ្ទៃ សព្វ​អវយវៈ​ទាំង​ធំ​ទាំង​តូច ប្រកប​ដោយ​ឥន្ទ្រិយ​ដ៏​បរិបូរ ។

ព្រះពោធិសត្វ​ប្រសូត

ព្រះនាង​មហាមាយាទេវី​ទ្រទ្រង់​គភ៌​ចំនួន​១០​ខែ​គត់ មាន​បំណង​ដើម្បី​ទៅ​ប្រសូត​បុត្រ​នៅ​ឯ​នគរ​ខាង​ព្រះបិតា​គឺ​ នគរ​ទេវទហៈ ។ ព្រះនាង​បាន​ការ​អនុញ្ញាត​ពី​ព្រះស្វាមី ក៏​នាំ​បរិវារ​យ៉ាង​ច្រើន​ទៅ​ជាមួយ​ ព្រមទាំង​មាន​អាមាត្យ​ចំនួន​មួយ​ពាន់​នាក់​តាម​ការពារ​ព្រះនាង​ផង​ ដែរ ។ លុះ​ព្រះនាង​យាង​ដល់​ព្រៃ​មង្គល​សាលវ័ន​ដែល​មាន​ឈ្មោះ​ថា ព្រៃ​លុម្ពិនី ស្រាប់​តែ​ដើម​សាលព្រឹក្ស (ដើម​រាំង​ប្រសូត) ទាំង​ឡាយ​ក៏​រីក​ផ្កា​ឡើង​តាំង​ពី​គល់​រហូត​ដល់​ចុង ទាំង​មែក​ក៏​មាន​ផ្កា​គួរ​ឲ្យ​គយ​គន់​ចម្រុះ​ដោយ​ផ្កា​មាន​ពណ៌​៥​ ប្រភេទ ។ ពួក​ភមរ​ជាតិ​ទាំង​ឡាយ​នាំ​គ្នា​ហើរ​មក​ក្រេប​លំអង​ផ្កា​ដ៏​មាន​ក្លិន​ ក្រអូប​ឈ្ងុយ​ឈ្ងប់ ។ ពួក​សកុណ​ជាតិ​ទាំង​ឡាយ​ស្រែក​បញ្ចេញ​សំឡេង​សែន​ពីរោះ​គួរ​ឲ្យ​ចង់​ ស្ដាប់ ។ ព្រះនាង​បាន​ឃើញ​ផ្កា​ដ៏​ស្រស់​ស្អាត និង​ឮ​សំឡេង​យ៉ាង​ពីរោះ​នោះ មាន​ចិត្ត​រីក​រាយ​ចង់​ចុះ​ពី​គ្រែ​ស្នែង ដើម្បី​ក្រសាល​ក្នុង​ព្រៃ​សាល​ព្រឹក្ស​នោះ ។ ពួក​អាមាត្យ​ទាង​ឡាយ​បាន​នាំ​ព្រះនាង​ចូល​ទៅ​កាន់​ព្រៃ​លុម្ពិនី​នោះ ។ ព្រះនាង​ទ្រង់​យាង​ចូល​ជិត​គល់​មង្គល​សាល​ព្រឹក្ស​មួយ​ដើម ហើយ​មាន​បំណង​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​នោះ ។ ស្រាប់​តែ​មែក​សាល​ព្រឹក្ស​នោះ បង្អោន​ចុះ​មក​ជិត​ព្រះហសត្ត​ព្រះនាង ធ្វើ​ឲ្យ​ព្រះនាង​ចាប់​បាន​ងាយ ។ គ្រាន់​តែ​ព្រះនាង​ចាប់​បាន​ភ្លាម ខ្យល់​កម្ម​ជវាត​ក៏​កម្រើក​ឡើង ។ ពេល​នោះ ពួក​បរិវារ​នាំ​គ្នា​យក​វាំង​នន​មក​បិទ​បាំង​ព្រះនាង ។ ព្រះនាង​ក៏​ប្រសូត​ព្រះពោធិសត្វ​ដោយ​ទ្រង់​ឈរ និង​មាន​ដៃ​កំពុង​តោង​មែក​សាល​ព្រឹក្ស​នោះ​ឯង ។ ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​មាតា ហាក់​ដូចជា​ធម្មកថិក​ចុះ​ពី​ធម្មាសនៈ ។ សត្វ​ទាំង​ឡាយ​ប្រសូត​មក​ប្រឡាក់​ដោយ​គ្រឿង​បដិកូល​មិន​ស្អាត ។ តែ​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ដ៏​ល្អល្អះ ស្រស់​បស់ មិន​បាន​ប្រឡាក់​ដោយ​ទឹក (ភ្លោះ) មិន​ប្រឡាក់​ដោយ​ស្លេស្ម មិន​ប្រឡាក់​ដោយ​ឈាម មិន​ប្រឡាក់​ដោយ​អសោចិ៍​ណា​នីមួយ​ឡើយ ជា​អ្នក​ស្អាត​ល្អ​បរិសុទ្ធ ។

ខណៈ ​នោះ មហាព្រហ្ម​មាន​ចិត្ត​ដ៏​បរិសុទ្ធ​៤​រូប បាន​យក​សំណាញ់​មាស​មក​ទទួល​ព្រះពោធិសត្វ ហើយ​លើក​បង្ហាញ​ចំពោះ​មុខ​ព្រះនាង​ថា បពិត្រ​ព្រះនាង​ទេវី សូម​ព្រះ​នាង​មាន​ចិត្ត​រីក​រាយ​ចុះ បុត្រ​របស់​ព្រះនាង​ជា​អ្នក​មាន​ស័ក្តិ​ធំ​ទ្រង់​កើត​ឡើង​ហើយ ។ ស្ដេច​មហារាជ​ទាំង​៤ ទទួល​ព្រះពោធិសត្វ​ពី​ព្រហ្ម​ដោយ​គ្រឿង​ដណ្ដប់​ធ្វើ​ពី​ស្បែក​ខ្លា​ដែល​មាន​ សម្ផស្ស​ដ៏​ជា​សុខ ដែល​សន្មត​ថា​ជា​មង្គល ។ មនុស្ស​បាន​ទទួល​ពី​ស្ដេច​មហារាជ​ដោយ​សំពត់​ទុកូលពស្ត្រ ហើយ​បាន​ដាក់​ព្រះពោធិសត្វ​នៅ​លើ​ផែនដី ។ ពេល​នោះ​ព្រះពោធិសត្វ​សម្លឹង​មើល​ទិស​ទាំង​អស់​ហើយ​មាន​មុខ​ឆ្ពោះ​ទៅ​កាន់​ ឧត្ដរទិស (ទិស​ខាងជើង) យាង​ឈាន​ដើរ​បាន​៧​ជំហាន ហើយ​ស្រែក​អាសភិវាចា គឺ​វាចា​ដ៏​ឧត្ដម​ថា «អាត្មា​អញ ជា​បុគ្គល​ខ្ពង់​ខ្ពស់​លើ​លោក អាត្មា​អញ​ជា​បុគ្គល​ធំ​បំផុត​លើ​លោក អាត្មា​អញ​ជា​បុគ្គល​ប្រសើរ​បំផុត​លើ​លោក​ នេះ​ជា​កំណើត​ចុង​ក្រោយ​បំផុត​របស់​អាត្មា​អញ ឥឡូវ​នេះ​ភព​ថ្មី​ត​ពី​នេះ​ទៅ​ទៀត​មិន​មាន​ឡើយ» ។

ព្រះពោធិសត្វ ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា គ្រានោះ ពន្លឺ​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន កើត​ប្រាកដ​ឡើង​ក្នុង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក មារ​លោក ព្រហ្ម​លោក ក្នុង​ពពួក​សត្វ​ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំង​មនុស្ស ជា​សម្មតិ​ទេព និង​មនុស្ស​ដ៏​សេស​កន្លង​នូវ​ទេវានុភាព​នៃ​ទេវតា​ទាំង​ឡាយ ។ នៅ​គ្រប់​ច្រក​ល្ហក ចន្លោះ​ភ្នំ ឬ​ក្នុង​រូង​ភ្នំ​ដែឡ​ធ្លាប់​មាន​អ័ព្ទ​ងងឹត​ពី​មុន​មក ពន្លឺ​ព្រះអាទិត្យ និង​ព្រះចន្ទ​មិន​អាច​បំភ្លឺ​បាន ក៏​ទទួល​បាន​ពន្លឺ​ដ៏​ត្រចះ​ត្រចង់​នៃ​អានុភាព​របស់​ព្រះពោធិសត្វ​ក្នុង​ពេល ​នេះ ។ ពួក​សត្វ​ណា​ដែល​កើត​ក្នុង​ទី​ទាំង​ឡាយ​សត្វ​អម្បាល​ទាំង​ឡាយ​ក៏​ស្គាល់​ ច្បាស់​នូវ​គ្នា​នឹង​គ្នា ដោយសារ​ពន្លឺ​នោះ​ថា «អើ​ហ្ន៎ មាន​ពួក​សត្វ​ឯ​ទៀត​កើត​ក្នុង​ទី​នេះ​ដែរ» ។ លោកធាតុ​ទាំង​មួយ​ម៉ឺន​នេះ​ក៏​កក្រើក​រពើក​ញាប់​ញ័រ ទាំង​ពន្លឺ​ដ៏​ភ្លឺ​ស្វាង​ច្បាស់​រក​ប្រមាណ​មិន​បាន ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក ដោយ​កន្លង​ទេវានុភាព​នៃ​ទេវតា​ទាំង​ឡាយ ។ នេះ​ជា​ធម្មតា​ក្នុង​វេលា​ដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ នុ៎ះ ។

ព្រះពោធិសត្វ​ប្រសូត​ក្នុង​ថ្ងៃ​សុក្រ ១៥​កើត​ពេញ​បូណ៌មី ខែ​ពិសាខ មុន​ពុទ្ធសករាជ​៨០ ។

កាលនោះ ពួក​អាមាត្យ និង​បរិវារ​ទាំង​ឡាយ ក៏​យាង​ព្រះនាង​ និង​ឱរស​ត្រលប់​ចូល​ទៅ​កាន់​ក្រុង​កបិលពស្តុ​វិញ ។

ក្នុង​ថ្ងៃ​ព្រះពោធិសត្វ​ប្រសូត​មាន​សហជាត​៧ កើត​រួម​ដែរ​គឺ រាហុល​មាតា​១ អានន្ទ​១ ឆន្នអាមាត្យ​១ កាឡុទាយី​អាមាត្យ​១ សេះ​កណ្ឋកៈ​១ ព្រះពោធិព្រឹក្ស​១ និង​កំណប់​ទ្រព្យ​៤​យ៉ាង ។

ក្នុង ​ថ្ងៃ​ព្រះពោធិសត្វ​ប្រសូត ពួក​ទេវតា​ទាំង​ឡាយ​មាន​ចិត្ត​រីក​រាយ​បាន​ស្រែក​សំឡេង​ខ្ទ័រ​ខ្ទារ​ប្រាប់​ គ្នា​ក្នុង​ស្ថាន​សួគ៌​ថា បុត្រ​របស់​ព្រះបាទ​សុទ្ធោទន​មហារាជ ប្រសូត​ហើយ​ក្នុង​នគរ​កបិលពស្តុ កុមារ​នេះ​នឹង​អង្គុយ​ទៀប​គល់​ពោធិមណ្ឌល​ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ។ ជួល​កាល​នោះ កាលទេវិល​តាបស អ្នក​មាន​សមាបត្តិ​៨ ជា​ជីតុន របស់​ព្រះបាទ​សុទ្ធទនៈ ចូល​ទៅ​សម្រាក​ក្នុង​ស្ថាន​តាវតិង្ស​បាន​ឮ​សំឡេង​ស្រែក​ប្រកាស​គ្នា​នោះ​ឡើង ក៏​ចុះ​ពី​ស្ថាន​តាវតិង្ស​មក​កាន់​រាជនិវេសន៍​របស់​ព្រះបាទ​សុទ្ធោទនៈ ហើយ​អង្គុយ​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ​ហើយ ។ ពេល​នោះ កាលទេវិល​តាបស​នោះ មាន​បំណង​ចង់​ឃើញ​ព្រះរាជបុត្រ​នោះ​ ក៏​ពោ​ឡើង​ថា «បពិត្រ​មហារាជ អាត្មា​ចង់​ឃើញ​ព្រះរាជ​ឱរស​របស់​ព្រះអង្គ» ។

ព្រះបាទ ​សុទ្ធោទនៈ​ឲ្យ​ពួក​បរិវារ​តាក់​តែង​គ្រឿង​អលង្ការ ហើយ​ឲ្យ​យក​រាជ​ឱរស​ចូល​មក​ថ្វាយ​បង្គំ​លោក​តាបស ។ គ្រាន់​តែ​ពួក​បរិវារ​នាំ​ព្រះរាជ​ឱរស​មក​ចំពោះ​មុខ​តាបស​ ភ្លាម​នោះ ស្រាប់​តែ​រាជ​ឱរស​អណ្ដែត​ត្រសែត​ព្ធ​ដ៏​អាកាស​ទៅ​តាំង​នៅ​ពី​លើ​ផ្នួង​សក់​ តាបស​នោះ​ទៅ​វិញ ។ តាបស​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ ក៏​ផ្គង​អញ្ជលី​ចំពោះ​ព្រះពោធិសត្វ ។ សូម្បី​ព្រះរាជា​ក៏​លុត​ជង្គង់​ចុះ ថ្វាយ​បង្គំ​ព្រះរាជ​ឱរស​ក្នុង​ពេល​នោះ​ផង​ដែរ ។

កាលទេវិល ​តាបស លោក​មាន​ឫទ្ធិ​អភិញ្ញា​អាច​រលឹក​កាល​ជា​អតីត​បាន​៤០​កប្ប អនាគត​កាល​បាន​៤០​កប្ប ។ ពេល​នោះ ក៏​ពិចារណា​លក្ខណ​សម្បត្តិ​របស់​ព្រះពោធិសត្វ​ថា «តើ​កុមារ​នេះ​នឹង​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ឬ​មិន​បាន​ទេ​ហ្ន៎» ។ ក្រោយ​ពី​ពិចារណា​រួច​ ក៏​បាន​ដឹង​ថា ព្រះរាជ​ឱរស​អង្គ​នេះ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ពិត​ប្រាកដ ហើយ​ក៏​ញញឹម​ឡើង ។ តាបស​នោះ​ពិចារណា​ជា​បន្ត​ទៀត​ថា «តើ​អាត្មា​អញ​អាច​បាន​ទាន់​ឃើញ​ព្រះពុទ្ធ​ដែល​ជា​អច្ឆរិយ​បុគ្គល​យ៉ាង​នេះ​ដែរ​ឬ​ទេ» ។ ពិចារណ​ទៅ ឃើញ​ខ្លួន​នឹង​ស្លាប់​ទៅ​កើត​ក្នុង​អរូបភព មិន​អាច​ឃើញ​ព្រះពុទ្ធ​ត្រាស់​ដឹង​ក្នុង​លោក​រាប់​រយ​ពាន់​ព្រះអង្គ ។ ពេល​នោះ តាបស​ក៏​យំ​ខ្សឹក​ខ្សួល​ឡើង ។

ថ្ងៃ ​ពុធ ៥​រោច ខែ​ពិសាខ​នោះ​ដដែល ជា​ថ្ងៃ​នាមគ្គហណ​ទិវា (ថ្ងៃ​ដាក់​ឈ្មោះ) ។ ព្រះវរ​រាជ​បិតា ទ្រង់​ឲ្យ​អញ្ជើញ​ព្រាហ្មណ៍​១០៨​នាក់​ដែល​ជា​អ្នក​ជំនាញ​ក្នុង​ត្រៃវេទ មក​មើល​លក្ខណៈ​ព្រះរាជ​ឱរស ។ ព្រះរាជា​ទ្រង់​ចំណាយ​ទ្រព្យ​ធន​យ៉ាង​ច្រើន​ធ្វើ​ពិធី​លៀង​ពួក​ព្រាហ្មណ៍​ ទាំង​នោះ ហើយ​ទុក​ព្រាហ្មណ៍​ត្រឹម​៨​នាក់​គឺ រាម​ព្រាហ្មណ៍ ធជ​ព្រាហ្មណ៍ លក្ខណ​ព្រាហ្មណ៍ យញ្ញ​ព្រាហ្មណ៍ សុភោជ​ព្រាហ្មណ៍ សុយាម​ព្រាហ្មណ៍ សុទត្ត​ព្រាហ្មណ៍ និង​កោណ្ឌញ្ញ​ព្រាហ្មណ៍ ។ ពួក​ព្រាហ្មណ៍​ទាំង​៧​នាក់​នេះ បាន​ព្យាករ​លក្ខណៈ​ព្រះពោធិសត្វ​នូវ​គតិ​ពីរ ៖

  1. បើ​នៅ​ឃរាវាស កុមារ​នេះ​នឹង​បាន​ជា​ស្ដេច​ចក្រពត្តិ
  2. បើ​ចេញ​សាង​ផ្នួស នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ

ចំណែក​កោណ្ឌញ្ញ​ព្រាហ្មណ៍​ព្យាករ​លក្ខណៈ​ឃើញ​ត្រឹម​តែ​គតិ​មួយ​ថា «មហា​បុរស​នេះ​នឹង​ចេញ​បួស​ឥត​សង្ស័យ ហើយ​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​ប្រាកដ» ។

បន្ទាប់​ពី​ព្រាហ្មណ៍​ទាំង​នោះ​ព្យាករ​ហើយ ក៏​ប្រសិទ្ធ​នាម​ព្រះពោធិសត្វ​ថា សិទ្ធត្ថៈ មាន​ន័យ​ថា «ជា​អ្នក​ធ្វើ​ប្រយោជន៍​ឲ្យ​សម្រេច​ដល់​សត្វ​លោក​ទាំង​ពួង» ។

ព្រះពោធិសត្វ ​ប្រសូត​បាន​ត្រឹម​៧​ថ្ងៃ ព្រះមាតា​ទ្រង់​ក៏​ធ្វើ​មរណកាល​ទៅ​កើត​ក្នុង​ស្ថាន​តុសិត ។ ព្រះនាង​សិរិមហាមាយា​សោយ​ទិវង្គត​នៅ​ថ្ងៃ​ពុធ ៧​រោច ខែ​ពិសាខ ។

ព្រះពោធិសត្វ​មាន​វ័យ​វឌ្ឍនាការ​មក​រហូត​ដល់​អាយុ​១៦​ឆ្នាំ ។ ព្រះបិតា​ចាត់​ចែង​កសាង​ប្រាសាទ​បី​ថ្វាយ​ព្រះអង្គ​គឺ នវភូមិក​ប្រាសាទ​១ សត្តភូមិក​ប្រាសាទ​១ បញ្ចភូមិក​ប្រាសាទ​១ និង​មាន​ស្ត្រី​បម្រើ​របាំ​ព្រះអង្គ​ចំនួន​៤​ម៉ឺន​នាក់ ។ ព្រះរាជា​ក៏​រៀប​អភិសេក​ព្រះពោធិសត្វ​ជាមួយ ព្រះនាង​ភទ្ទាកច្ចាយនា ហៅ ព្រះនាង​ពិម្ពាយសោធរា ផង​ដែរ ។ ព្រះរាជ​បិតា​តែង​តែ​រក​គ្រប់​មធ្យោបាយ​ធ្វើ​ឲ្យ​ព្រះសិទ្ធត្ថ​មាន​ការ​ សប្បាយ​រីករាយ​នៅ​ក្នុង​ព្រះបរម​រាជវាំង ដោយ​ការ​រាំ​ច្រៀង​ជាមួយ​តូរ្យតន្ត្រី និង​ស្រី​ស្នំ​ជាដើម​… ។ តែ​ព្រះពោធិសត្វ​ពុំ​បាន​វង្វែង​លង់​ក្នុង​ឧបាយ​ទាំង​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​តែង​តែ​ចង់​យាង​ចេញ​ទៅ​ទត​ផ្ទាល់​នូវ​ស្ថានភាព​ខាង​ក្រៅ​ព្រះបរម​ រាជវាំង ។ ព្រះពោធិសត្វ​រៀប​អភិសេក​ និង​គ្រងរាជ្យ​ក្នុង​ព្រះជន្ម​១៦​វស្សា ។

ព្រះពោធិសត្វ​ឃើញ​ទេវទូត​ទាំង​៤

កាល ​សម័យ​ខាង​ក្រោយ​មក ព្រះពោធិសត្វ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​ឧទ្យាន​ជាមួយ​ឆន្ន​អាមាត្យ ទ្រង់​បាន​ប្រទះ​ឃើញ​នូវ​បុរស​ដែល​មាន​ភាព​ជរា សក់​ស្កូវ ខ្នង​កោង កាន់​ឈើ​ច្រត់ កំពុង​ដើរ​ក្នុង​ឧទ្យាន​នោះ ក៏​ឆ្ងល់​ក្នុង​ព្រះចិន្ដា ទើប​សួរ​អាមាត្យ​ថា «នែ​នាយ​សារថី សម្លាញ់​ស្មើ​ចិត្ត​អើយ ចុះ​បុរស​នេះ​ធ្វើ​ដូច​ម្ដេច​បាន​ជា​សក់​គាត់​មិន​ដូច​សក់​អ្នក​ឯ​ទៀត ទាំង​កាយ​គាត់​ក៏​មិន​ដូច​កាយ​អ្នក​ឯ​ទៀត​ដែរ ?» ។

នាយសារថីៈ «បពិត្រ​ព្រះសម្មតិទេព នេះ​ឯង​ហៅ​ថា បុរស​ចាស់» ។

ព្រះពោធិសត្វៈ «នែ​នាយសារថី ចុះ​ដូចម្ដេច​បុរស​នុ៎ះ​បាន​ជា​ឈ្មោះ​ថា បុរស​ចាស់ ?»។

នាយសារថីៈ «បពិត្រ​ព្រះសម្មតិ​ទេព ឯ​បុរស​នេះ​បាន​ជា​ឈ្មោះ​ថា​បុរស​ចាស់​ត​ពី​នេះ​ទៅ​នុ៎ះ គាត់​នឹង​មិន​រស់​នៅ​យូរ​ប៉ុន្មាន​ទៀត​ទេ» ។

ព្រះពោធិសត្វៈ «ចុះ​តើ​យើង​ចាស់​ដែរ​ទេ ?» ។

នាយសារថីៈ «បពិត្រ ​ព្រះសម្មតិ​ទេព មនុស្ស​ទាំង​អស់​គ្នា ទោះ​ព្រះអង្គ​ក្ដី យើង​ខ្ញុំ​ទាំង​ឡាយ​ក្ដី សុទ្ធ​តែ​មាន​សភាព​ជរា​ជា​ធម្មតា មិន​កន្លង​សេចក្ដី​ចាស់​ទៅ​បាន​ទេ» ។

ព្រះពោធិសត្វ​ក៏​ត្រលប់​មក​ពី​ឧទ្យាន​មក​វិញ ទ្រង់​ឡើង​កាន់​ប្រាសាទ​ត្រិះរិះ​ថា «ថ្វឺយ អើ​ហ្ន៎​សភាវៈ​ចាស់​ជរា​តែង​មាន​ប្រាកដ​ដល់​សត្វ​លោក​ដែល​កើត​ហើយ» ។

បួន​ខែ​ក្រោយ​មក​ទៀត ព្រះពោធិសត្វ​ទ្រង់​យាង​ទៅ​កាន់​ឧទ្យាន​ម្ដង​ទៀត ក៏​ប្រទះ​ឃើញ​នូវ​មនុស្ស​មាន​ជំងឺ​ហើយ​សួរ​នាយ​សារថី​ថា «នែ ​នាយសារថី ចុះ​បុរស​នេះ មាន​ហេតុ​ដូច​ម្ដេច​បាន​ជា​ភ្នែក​របស់​គាត់​មិន​ដូច​ជា​ភ្នែក​របស់​ជន​ដទៃ ទាំង​ក្បាល​របស់​គាត់​ក៏​មិន​ដូច​ក្បាល​នៃ​ជន​ដទៃ ?» ។

នាយសារថីៈ «បពិត្រ​ព្រះសម្មតិទេព បុរស​នុ៎ះ​ឈ្មោះ​ថា បុរស​ឈឺ» ។

ព្រះពោធិសត្វៈ «ចុះ​បុរស​នុ៎ះ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​រួច​ចាក​ជំងឺ​នោះ​បាន តើ​យើង​មាន​ជំងឺ​ដូច​គេ​ដែរ​ទេ ?» ។

នាយសារថីៈ «បពិត្រ ​ព្រះសម្មតិទេព មនុស្ស​ទាំង​ឡាយ​គ្រប់​គ្នា ទោះ​ព្រះអង្គ​ក្ដី ទោះ​យើង​ខ្ញុំ​ទាំង​ឡាយ​ក្ដី សុទ្ធ​តែ​ជា​អ្នក​មាន​ជំងឺ​ជា​ធម្មតា មិន​កន្លង​សេចក្ដី​ឈឺ​ទៅ​បាន​ឡើយ» ។

ព្រះពោធិសត្វ​ក៏​ត្រលប់​មក​កាន់​រាជនិវេសន៍​វិញ ហើយ​យាង​ឡើង​ទៅ​កាន់​ប្រាសាទ​ត្រិះរិះ​ថា «ថ្វឺយ អើ​ហ្ន៎ ជរា​តែង​មាន​ប្រាកដ ព្យាធិ​តែង​មាន​ប្រាកដ​ដល់​សត្វ​លោក​ដែល​កើត​ហើយ» ។

បួន​ខែ​ខាង​ក្រោយ​មក​ទៀត ព្រះពោធិសត្វ​យាង​ទៅ​ក្រសាល​ឧទ្យាន​ក៏​ជួប​ប្រទះ​ឃើញ​មនុស្ស​ស្លាប់ ក៏​សួរ​នាយសារថី​ថា «តើ​មហាជន កំពុង​សែង​បុរស​នុ៎ះ​ធ្វើ​អ្វី ?» ។

នាយសារថីៈ «បពិត្រ​ព្រះសម្មតិទេព បរុស​នុ៎ះ​ឈ្មោះ​ថា ធ្វើ​មរណកាល​ហើយ» ។

ព្រះពោធិសត្វៈ «ចុះ​បុរស​នុ៎ះ​ដូច​ម្ដេច​បាន​ជា​ហៅ​ថា​ធ្វើ​មរណកាល ?» ។

នាយសារថីៈ «បពិត្រ ​ព្រះសម្មតិទេព បុរស​នុ៎ះ​ឯង បាន​ជា​ឈ្មោះ​ថា ធ្វើ​មរណកាល​ព្រោះ​ថា ក្នុង​កាល​ឥឡូវ​នេះ មាតា​ក្ដី បិតា​ក្ដី ញាតិ​សាច់​សាលោហិត​ទាំង​ឡាយ​ក្ដី លែង​ឃើញ​បុរស​នោះ ហើយ​ទាំង​បុរស​នោះ​សោត​ក៏​លែង​ឃើញ​មាតា​បិតា និង​ញាតិ​សាច់​សាហោហិត​ទាំង​ឡាយ​ដទៃ​ដែរ» ។

ព្រះពោធិសត្វៈ «នែ​នាយសារថី តើ​យើង​ស្លាប់​ដែរ​ទេ ?» ។

នាយសារថីៈ «បពិត្រ ​ព្រះសម្មតិទេព មនុស្ស​ទាំង​ឡាយ​គ្រប់​គ្នា ទោះ​ព្រះអង្គ​ក្ដី យើង​ខ្ញុំ​ទាំង​ឡាយ​ក្ដី សុទ្ធ​តែ​មាន​សេចក្ដី​ស្លាប់​ជា​ធម្មតា មិន​កន្លង​សេចក្ដី​ស្លាប់​ទៅ​បាន​ឡើយ» ។

ព្រះពោធិសត្វ​ត្រលប់​ពី​ឧទ្យាន​ឡើង​កាន់​ប្រាសាទ​ពិចារណ​ត្រិះរិះ​ថា «ថ្វឺយ អើ​ហ្ន៎ ជរា​តែង​មាន​ប្រាកដ ព្យាធិ​តែង​មាន​ប្រាកដ មរណៈ​តែង​មាន​ប្រាកដ​ដល់​សត្វ​លោក​ដែល​កើត​ហើយ» ។

បួន​ខែ​ខាង​ក្រោយ​មក​ទៀត ព្រះពោធិសត្វ​យាង​ទៅ​ក្រសាល​ឧទ្យាន​ទៀត ក៏​បាន​ឃើញ​ភេទ​បព្វជិត ក៏​សួរ​នាយ​ឆន្ន​អាមាត្យ​ថា «នែ ​នាយសារថី ចុះ​បុរស​នុ៎ះ​ហេតុ​ដូចម្ដេច​បាន​ជា​ក្បាល​របស់​គាត់​មិន​ដូច​ជា​ក្បាល​ពួក​ ជន​ដទៃ ទាំង​សំពត់​របស់​គាត់ ក៏​មិន​ដូច​ជា​សំពត់​ជន​ដទៃ​ដូច្នេះ ?» ។

នាយសារថីៈ «បពិត្រ​ព្រះសម្មតិទេព បុរស​នុ៎ះ​ឯង​ឈ្មោះ​ថា ជា​អ្នក​បួស» ។

ព្រះពោធិសត្វៈ «ចុះ​បុរស​នុ៎ះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ឈ្មោះ​ថា ជា​អ្នក​បួស ?» ។

នាយសារថីៈ «បពិត្រ ​ព្រះសម្មតិទេព បុរស​នុ៎ះ​ឯង​បាន​ជា​មាន​ឈ្មោះ​ថា ជា​អ្នក​បួស ព្រោះ​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​ដោយ​ប្រពៃ ព្រោះ​ប្រព្រឹត្ត​ព្រហ្ម​ចរិយធម៌​ដ៏​ស្មើ​ដោយ​ប្រពៃ ព្រោះ​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​កុសល​ដោយ​ប្រពៃ ព្រោះ​ធ្វើ​អំពើ​បុណ្យ​ដោយ​ប្រពៃ ព្រោះ​មិន​បៀត​បៀន​ដោយ​ប្រពៃ ព្រោះ​អនុគ្រោះ​ដល់​សត្វ​ដោយ​ប្រពៃ» ។

ព្រះពោធិសត្វ ​បាន​ឃើញ​បព្វជិត​រូប​នោះ​ក៏​សរសើរ​ថា ការ​បួស​ជា​គុណ​ធម៌​មួយ​ដ៏​ប្រសើរ​ណាស់ ហើយ​យាង​ត្រលប់​ចូល​ព្រះរាជនិវេសន៍​វិញ ។

ក្នុង ​ថ្ងៃ​នោះ កាល​ព្រះអាទិត្យ​អស្ដង្គត​ទៅ ព្រះពោធិសត្វ​យាង​ចុះ​ទៅ​ស្រង់​ទឹក​ក្នុង​ស្រះមង្គល​បោក្ខរណី រួច​ហើយ​ឡើង​គង់​លើ​ផ្ទៃ​ថ្ម​មង្គល​សិលា ។ កាល​នោះ ព្រះបាទ​សុទ្ធទនៈ​បញ្ជូន​ដំណឹង​ឲ្យ​ទ្រង់​ជ្រាប​នូវ​ការ​ប្រសូត​ បុត្រ ។ ព្រះពោធិសត្វ​ក៏​ពោល​ឡើង​ពេល​នោះ​ថា «អន្ទាក់​កើត​ឡើង​ហើយ ចំណង​កើត​ឡើង​ហើយ ដល់​អាត្មា​អញ !» ។ រាហុល​កុមារ​ប្រសូត​នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​អាសាឍ ។

កាល​រាជ​បុរស​ត្រលប់​ទៅ​វិញ យក​ដំណឹង​នៃ​ការ​ពោល​នោះ​ដល់​ព្រះបាទ​សុទ្ធោទនៈ ទ្រង់​ក៏​ដាក់​ឈ្មោះ​ព្រះរាជនត្តា​ថា រាហុល​កុមារ 

ព្រះពោធិសត្វ ​មាន​បរិវារ​ហែហម​យ៉ាង​ច្រើន​ ទ្រង់​យាង​ចូល​ក្នុង​ព្រះនគរ​វិញ ។ ទ្រង់​ឡើង​ទៅ​កាន់​ប្រាសាទ​ដ៏​មាន​សិរី ទ្រង់​នឿយ​ណាយ​ក្នុង​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ មិន​មាន​ចិត្ត​ត្រេក​អរ​ក្នុង​របាំ​ទាំង​ឡាយ​ ហើយ​ក៏​ចូល​កាន់​និទ្ទ្រា​ផ្ទំ​លក់​មួយ​ភ្លែក​ទៅ ។ ស្រី​របាំ​ទាំង​ឡាយ ពេល​ឃើញ​ព្រះពោធិសត្វ​ទ្រង់​ផ្ទំ​លក់ ក៏​គិត​ថា «តើ​យើង​នាំ​គ្នា​លេង​របាំ​ដើម្បី​អ្នក​ណា​ទៀត បើ​ព្រះ​អយ្យ​បុត្រ​ផ្ទំ​លក់​ហើយ​នោះ» ស្នំ​ទាំង​ឡាយ​ក៏​នាំ​គ្នា​ពន្លត់​ភ្លើង ហើយ​ដេក​លក់​ទាំង​អស់​គ្នា​ទៅ ។ កាល​ព្រះពោធិសត្វ​ភ្ញាក់​រលឹក​ឡើង​វិញ ទ្រង់​អង្គុយ​ពែន​ភ្នែន​លើ​សេយ្យាសនា សម្លឹង​មើល​ទៅ​ស្រី​របាំ​ទាំង​នោះ ដែល​មាន​អាការៈ​ដូច​សាកសព ស្រី​ខ្លះ​ដេក​ហៀរ​ទឹក​មាត់ ខ្លះ​

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 379 នាក់

ម្សិលមិញ 871 នាក់

សរុប 555647 នាក់