ឯកឧត្តម គួច ចំរើន បញ្ជាឲ្យមន្ដ្រីចុះចាប់គ្រឿងចក្រ ក្រោយឈូសឆាយប៉ះពាល់ដីប្រជាជននៅស្រុកស្ទឹងហាវ និងឲ្យភាគីពាក់ព័ន្ធចូលខ្លួន ទៅដោះស្រាយតាមច្បាប់

photo_2019-07-29_22-13-24

ខេត្តព្រះសីហនុ ៖ ក្រោយមានការប្ដឹងតវ៉ាភ្លាមៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យមន្ដ្រីជំនាញអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅចាប់គ្រឿងចក្រដែលកំពុង ឈូសឆាយ ប៉ះពាល់ផ្ទៃដីប្រជាពលរដ្ឋ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងឲ្យភាគីពាក់ព័ន្ធចូលខ្លួន ទៅដោះស្រាយដោយសំអាងលើឯកសារដែលខ្លួនមាន។


ចំណាត់ការរបស់អាជ្ញាធរខេត្តខាងលើនេះ បានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាង ១០គ្រួសារ រស់នៅភូមិ៥ ស្រុកស្ទឹងហាវ បានចោទប្រកាន់ស្ដ្រីម្នាក់ឈ្មោះ ហ៊ឹម សុវណ្ណារី ដែលគេហៅថា «ជំទាវ»ផងនោះ បានដាក់គ្រឿងចក្រឈូសឆាយដី ធ្វើឲ្យប៉ះពាល់របងព្រំដី និងដីកម្មសិទ្ធិរបស់ពួកគាត់ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។


លោក គួច ចំរើន បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យអភិបាលស្រុក ស្នងការនគរបាល និងមេបញ្ជាការអាវុធហត្ថ បញ្ជូនកម្លាំងចុះទៅអន្ដរាគមន៍ភ្លាមៗ ដោយធ្វើការទប់ស្កាត់គ្រឿងចក្រជាបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយ ជៀសវាងផ្ទុះអំពើហិង្សាកើតឡើងដោយប្រការណាមួយ។


លោកអភិបាលខេត្ត ក៏បានប្រាប់ទៅមន្ដ្រីបរិស្ថាន និងមន្ដ្រីកសិកម្មចុះទៅពិនិត្យទីតាំងកើតហេតុ ថាតើដីទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋ ឬឯកជន ដើម្បីងាយស្រួលធ្វើការដោះស្រាយជាមួយគ្នា។យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះភាគីទាំងសងខាង ទាំងប្រជាពលរដ្ឋ និងស្ដ្រីដែលរងការចោទប្រកាន់ តម្រូវឲ្យយកឯកសាររៀងៗខ្លួន មកដាក់លើតុដើម្បីដោះស្រាយតាមផ្លូវច្បាប់ តើនរណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងនរណារំលោភបំពាននរណា។


ប្រជាពលរដ្ឋឈ្មោះ លី សួរ និង ខូយ ង៉ូវខេង បានប្រាប់ថា ដីដែលត្រូវគេឈូសឆាយប្លន់នោះ ពួកគាត់បានទិញ និងកាន់កាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយមានទំហំ ៤ហិកតា ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀតផង និងមានឯកសារត្រឹមត្រូវ។
ប្រជាពលរដ្ឋបានបន្តថា ក្រោយពីគាត់បានទិញដីនោះរួចមក គាត់បានធ្វើរបង ដាំដំណាំ និងចិញ្ចឹមសត្វរស់នៅទៅនោះ។ ស្រាប់តែត្រូវបានអ្នកស្រីឈ្មោះ ហ៊ឹម សុវណ្ណារី យកគ្រឿងចក្រកាយព័ទ្ធ វាយកំទេចរបង និងកញ្ចុះរបស់គាត់តែម្តង ហើយនៅមានប្រជាពលរដ្ឋជិត១០គ្រួសារផ្សេងទៀត ដែលត្រូវបានស្រ្តីរូបនេះរំលោភបំពានផងដែរ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 267 នាក់

ម្សិលមិញ 1998 នាក់

សរុប 589090 នាក់