ខេត្តចំនួន២គឺខេត្តព្រះសីហនុនិងខេត្តរតនគិរី ត្រូវបានជន់លិចជាបន្តបន្ទាប់ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់មួយចំនួន បង្កនូវផលលំបាកខ្លាំង ចំពោះប្រជាពលរដ្ឋ

photo_2019-08-09_21-35-30

ខេត្តចំនួន២គឺខេត្តព្រះសីហនុនិងខេត្តរតនគិរី ត្រូវបានជន់លិចជាបន្តបន្ទាប់ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់មួយចំនួន បង្កនូវផលលំបាកខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលបានខូចខាតទ្រព្យសម្បត្តិ ដូចជារថយន្ត ម៉ូតូ និងសម្ភារៈប្រើប្រាស់ជាដើម ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តនិមួយៗនិងក្រុមពាក់ព័ន្ធផ្សេងៗ ក៏បាននឹងកំពុងខិតខំប្រឹងប្រែង អស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាជួយដល់ប្រជាជន ដែលកំពុងរងផលប៉ះពាល់នេះផងដែរ ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកខេត្តព្រះសីហនុបានប្រាប់ឱ្យដឹង នៅថ្ងៃទី៩សីហានេះថា យប់មិញចាប់ពីម៉ោង៧ល្ងាច ថ្ងៃទី៨ដល់៦ព្រឹកថ្ងៃទី៩ សីហានេះ មានបរិមាណទឹកភ្លៀងធ្លាក់ ដល់កម្រិត១៧០មីលីម៉ែត្រ ក្នុងរយៈពេល១២ម៉ោង ។កម្រិតទឹកភ្លៀងធ្លាក់ដល់២១៨មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដូចនេះនៅក្រុងព្រះសីហនុ មិនធ្លាប់ជួបទេពីមុនមក ។

រីឯខេត្តរតនគីរី បើគិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩ នៅស្រុកលំផាត់និងស្រុកកូនមុំខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានធ្វើអោយប៉ះពាល់ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលស្ថានភាពទឹកនៅទីនោះ មានកម្ពស់១៣.៨០ម៉ែត្រ ពោលជាកម្រិតហួសពីការប្រកាសអាសន្ន ដែលមានត្រឹម១២.៥០ម៉ែត្រ។ គ្រោះធម្មជាតិនេះ បណ្ដាលមកពីទឹកភ្លៀង នៃផ្ទៃរងទឹកភ្លៀងទាំងនៅកម្ពុជានិងប្រទេសវៀតណាម ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយបន្ថែមទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀង នឹងនៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នា ទៅប៉ុន្មានថ្ងៃខាងមុខទៀត ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 234 នាក់

ម្សិលមិញ 947 នាក់

សរុប 448994 នាក់