ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារ បន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារ បន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង បាន​រកឃើញទំនិញខូចគុណភាព ៨គីឡូក្រាមនិងងៀតបបែលកន្លះគីឡូក្រាម ។

លោកផឹង និលបានអោយដឹងថាដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។

លោកក៏បានបញ្ជាក់ថា: មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញចំនួនជិត២០មុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពរួមមាន: សាច់ក្រកសាច់៣kg, ងៀតអន្ទង់២,៥kg, ត្រីប្រឡាក់២,៥kg, ងៀតបបែលមានសារធាតុគីមី០,៥kg ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។

លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូលយើហនឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀងបន្តទៀតផងដែរ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 848 នាក់

ម្សិលមិញ 1105 នាក់

សរុប 490885 នាក់