សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ជាលើកទី២

ខេត្តពោធិ៍សាត់ ៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៃប្រទេសកូរ៉េ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានធ្វើសកម្មមនុស្សធម៌តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង៤ពាន់នាក់នៅលើទឹកដីឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ។ 

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្ដៀង លោកវេជ្ជបណ្ឌិតស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ត្រីរាជការអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។


ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថាសម្តេចតេជោ ហ៊ុន សែនបានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ជំនួសមុខឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលសកម្មភាពមនុស្សធម៌នេះបានជួយសម្រាលដល់ការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថាហ៊ុនសែនបានខិតខំអភិវឌ្ឍប្រទេសជាតិនិយាយជារួម និងនិយាយដោយឡែកខេត្តពោធិ៍សាត់ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ លើសពីនេះសម្ដេចបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថានេះជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលលើកទី១នៅឃុំស្តុកបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៣០០០នាក់ និងលើកទី២នេះ នៅឃុំស្យាបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៤០០០នាក់។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 770 នាក់

ម្សិលមិញ 1105 នាក់

សរុប 490807 នាក់