មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ ទសពិធរាជធម៌

AugImage000 មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

រៀបរៀង​ដោយ​លោក​បណ្ឌិត កុល ផេង

មាតិកា

ជំពូក​១: ព្រះពោធិសត្វ និង​ពោធិចិត្ត
ជំពូក​២: អដ្ឋសមោធាន​បច្ច័យ​៤
ជំពូក​៣: ថិរវេលា​សុមេធបណ្ឌិត​បំពេញ​ពុទ្ធការកធម៌
ជំពូក​៤: ព្រះសុមេធបណ្ឌិត និង​ការ​ប្រកាស​អភិនីហារ
ជំពូក​៥: ការ​កសាង​ទសបារមី
ជំពូក​៦: ព្រះពោធិសត្វ​ក្នុង​អត្តភាព​ជា​ព្រះសម្មាសម្ពុទ្ធ​សមណគោតម
ជំពូក​៧: ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី

 

ឧបសម្ព័ន្ធ

១. ទសពិធរាជធម៌​សង្ខេប
២. ការ​បំពេញ​នូវ​ភារកិច្ច​របស់​ស្ដេច​ចក្រពត្តិ
៣. ការ​អនុវត្ត​នូវ​សង្គហធម៌​របស់​អ្នក​ដឹកនាំ
៤. រាជសង្គហវត្ថុ​៤​របស់​អ្នកដឹកនាំ
៥. ការ​ជៀសវាង​អគតិធម៌
៦. សេចក្ដី​អធិប្បាយ​អំពី​អសង្ខេយ្យ និង​កប្ប
៧. កប្ប​មាន​៤​យ៉ាង
៨. បទសិក្សា​ពិចារណា​ពី​កប្ប
៩. តារាង​ពុទ្ធវង្ស
១០. អង្គ​៦​របស់​បណ្ឌិត

ទសពិធរាជធម៌ ជា​ធម៌​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​របស់​រដ្ឋ​មាន​ជា​អាទិ៍ ព្រះរាជា ប្រធានាធិបតី នាយករដ្ឋមន្ត្រី​… យក​មក​ប្រតិបត្តិ​ស្រប​តាម​របប​គ្រប់គ្រង​រដ្ឋ ទោះ​ជា​តាម​ទំនៀម​ទម្លាប់​ក្ដី តាម​រដ្ឋធម្មនុញ្ញ​ក្ដី ។

ក្នុង​នាម​ជា​ម្ចាស់​ផែនដី​មួយ អ្នកដឹកនាំ​រដ្ឋ ឬ​អ្នក​គ្រប់គ្រង​រដ្ឋ​មិន​ថា​ជា​ស្ដេច​ចក្រពត្តិ បទេសរាជ ឬ​អ្នក​ដឹកនាំ​កំពូល​ត្រូវ​មាន​លក្ខណសម្បត្តិ​សម្រាប់​ដឹកនាំ​ដូច​ពាក្យ​ «រាជា» មាន​ន័យ​ថា អ្នក​ដែល​អនុគ្រោះ​មហាជន​ដោយ​សង្គហធម៌  មាន​បទវិគ្រោះ «បុគ្គល​ញ៉ាំង​ខ្លួន​ដើម្បី​អនុគ្រោះ​នូវ​មហាជន​ដោយ​សង្គហ​វត្ថុ ៤ នេះ​គឺ ទាន បិយវចនៈ អត្ថចរិយា និង​សមានត្តតា ព្រោះ​ហេតុ​នោះ​ បុគ្គល​នោះ​ឈ្មោះ​ថា រាជា» ។ ព្រះរាជា ឬ​អ្នកដឹកនាំ​ត្រូវ​ប្រតិបត្តិ​នូវ​ធម៌ ៤ ជំពូក​ដូច​ខាងក្រោម ៖

ក. ធម៌​ជំពូក​ទី​១: ទសពិធរាជធម៌

ថ្នាក់​ដឹកនាំ​កំពូល​នៃ​រដ្ឋ​ដែល​គេ​តែង​ឧទ្ទេសនាម​ ព្រះរាជា ប្រមុខរដ្ឋ អគ្គមគ្គុទ្ទេសក៍ ត្រូវ​ប្រកប​ដោយ​ធម៌​ទាំងឡាយ ១០ ប្រការ​ដែល​លោក​ហៅ​ថា ទសពិធរាជធម៌ គឺ ៖

១. ទាន

ទាន គឺ​ការ​លះបង់​ទេយ្យវត្ថុ ឬ​ទ្រព្យសម្បត្តិ​ដើម្បី​ប្រយោជន៍​ដល់​ប្រជានុរាស្ត្រ ។ ស្ដេច ឬ​អ្នកដឹកនាំ​រូប​នោះ​ឯង​ជា​អ្នក​ធ្វើ​នូវ​ឧបការៈ គឺ​ធ្វើ​គុណ​ប្រយោជន៍​ចំពោះ​អ្វី​ដែល​ខ្លួន​គ្រប់គ្រង​គឺ​ថា​ត្រូវ​ធ្វើ​នូវ​អ្វី​ដើម្បី​លះបង់​ មិនមែន​ដើម្បី​ប្រមូល​យក​កម្រៃ​ចំណេញ​ឡើយ ។ លោក​ត្រូវ​ឧទ្ទិស​ខ្លួន​ចំពោះ​អ្វី​ដែល​ខ្លួន​បម្រើការ​ដល់​ប្រទេស​ជាតិ ហើយ​ក៏​ត្រូវ​ផ្ដល់​ភាព​ស្ដុកស្ដម្ភ និង​ជំនួយ​ដល់​ប្រជាជន​ដើម្បី​ធានា​នូវ​ការ​រស់​នៅ ជា​សុខស្រួល និង​សុវត្ថិភាព ។ អ្នកដឹកនាំ​នោះ​ឯង​ត្រូវ​ជួយ​សង្គ្រោះ​អ្នក​ដែល​រង​ទុក្ខ និង​មាន​សេចក្ដី​លំបាក​ក្នុង​ការ​រស់​នៅ ហើយ​ជួយ​គាំទ្រ​អ្នក​ដែល​បាន​ធ្វើ​ល្អ​ឲ្យ​រឹង​រឹត​តែ​ល្អ​ជាង​មុន​ថែម​ទៀត (ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ព្រះត្រៃបិដក​លេខ​១៥ ទំព័រ​២០ មាន​ពណ៌នា​ពី​ស្ដេច​មហាវិជិតរាជ ដែល​ទ្រង់​បាន​ផ្ដល់​ទ្រព្យ​សម្រាប់​ទ្រទ្រង់​វិស័យ​ក្នុង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម) ។

២. សីល

សីល ការ​សង្រួម​កាយ​វាចា បាន​ដល់​ការ​សង្រួម ឬ​រក្សា​នូវ​ការ​ប្រព្រឹត្ត​ខាង​សីលធម៌ (គឺ​វិន័យ​ប្រចាំ​ជីវិត) ឲ្យ​ប្រពៃ ។ អ្នកដឹកនាំ​រូប​នោះ​មាន​ការ​ប្រព្រឹត្ត​ឥត​ខ្ចោះ គឺ​ជៀសវាង​ការ​ប្រព្រឹត្ត​ខុស​ផ្លូវ​កាយ និង​វាចា ។ អ្នកដឹកនាំ​នោះ​ត្រូវ​មាន​ទង្វើ​ល្អ និង​ត្រូវ​ធ្វើ​ឲ្យ​មាន​កិត្តិយស​ខ្ពង់ខ្ពស់ ហើយ​ត្រូវ​ធ្វើ​ជា​គំរូ​សម្រាប់​ប្រជាជន (ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​ទិដ្ឋានុគតិ) ដើម្បី​ទទួល​នូវ​ការ​គោរព​រាប់អាន​ពី​សំណាក់​ប្រជាជន និង​ជៀសវាង​ពី​ការ​មើល​ងាយ​ដោយ​ប្រការ​ណា​មួយ ។

៣. បរិច្ចាគ

បរិច្ចាគ ការ​លះបង់ គឺ​ធ្វើការ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង គឺ​ត្រូវ​លះបង់​នូវ​ភាព​ស្រួល​ស្រណុក​ផ្ទាល់​ខ្លួន សូម្បី​តែ​ជីវិត​របស់​ខ្លួន​ក៏​ហ៊ាន​លះបង់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន ដល់​សន្តិភាព និង​ស្ថិរភាព​ប្រទេស​ជាតិ ។

៤. អជ្ជវ

អជ្ជវ ភាព​ស្មោះ​ត្រង់ គឺ​ការ​ប្រតិបត្តិ​តួនាទី​ដោយ​មាន​ភាព​ស្មោះត្រង់ ។ អ្នកដឹកនាំ​នោះ​ត្រូវ​មាន​ភាព​ស្មោះត្រង់ ហើយ​រក្សា​សច្ចធម៌ និង​មិន​មាន​មានះ គឺ​ការ​លើក​តម្កើង​ខ្លួន​ក្នុង​ការ​ចាត់​ចែង​ការងារ​របស់​ខ្លួន ។ អ្នកដឹកនាំ​នោះ​ជា​អ្នក​ស្មោះស្ម័គ្រ ទៀងត្រង់ និង​មិន​តម្កើង​មានះ​របស់​ខ្លួន​ដើម្បី​គំរាម​កំហែង​អ្នក​ក្រោម​បង្គាប់ និង​ប្រជាជន ។

៥. មទ្ទវ

មទ្ទវ ភាព​ទន់ភ្លន់ គឺ​ការ​ដាក់​ខ្លួន​ឲ្យ​សុភាព​ទន់ភ្លន់ ការ​ទទួល​ខុស​ត្រូវ​របស់​អ្នកដឹកនាំ​នោះ​គឺ​ជា​អ្នក​មិន​មាន​ភាព​ច្រឡោងខាម ។ អ្នកដឹកនាំ​នោះ​ត្រូវ​មាន​ភាព​ជា​អភិជន រក្សា​កិត្តិនាម​ដែល​ផ្អែក​ទៅ​លើ​អាករៈ​ដ៏​សុភាព​រាបសា​ដែល​ជំរុញ​ឲ្យ​មាន​ការ​បូជា និង​ភក្ដីភាព តែ​មិន​មាន​ភាព​ទន់​ជ្រាយ​ឡើយ ។

៦. តប

តប ការ​ដុត​កម្ដៅ​កិលេស គឺ​ច្រាន​ចោល​នូវ​ការ​ប្រកាន់​ទោស​តាម​រយៈ​ការ​ប្រព្រឹត្ត​តឹងរ៉ឹង ។ អ្នកដឹកនាំ​ត្រូវ​កម្ចាត់​បង់​នូវ​កិលេស​តណ្ហា ហើយ​មិន​ឲ្យ​គ្រឿង​សៅហ្មង​ទាំង​នោះ​មក​គ្រប​សង្កត់​ចិត្ត​របស់​ខ្លួន ហើយ​ក៏​មិន​បណ្ដោយ​កិលេស​ទាំង​នោះ​មក​បំផ្លាញ​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត និង​មិន​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ប្រព្រឹត្ត​អបាយ​មុខ ។ អ្នកដឹកនាំ​នោះ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ក្នុង​មាគ៌ា​ជីវិត និង​បូជា​ខ្លួន​ដើម្បី​ការ​បំពេញ​តួនាទី ។

៧. អកោធ

អកោធ មិន​ខឹង​ក្រោធ គឺ​ការ​ទទួល​ដឹង​នូវ​ហេតុ​ផល ដោយ​មិន​មាន​សេចក្ដី​ក្រោធ ។ អ្នកដឹកនាំ​មិន​ត្រូវ​បញ្ចេញ​កំហឹង​ចេញ​មក​ក្រៅ​ទាំង​កំរោល មិន​ត្រូវ​វិនិច្ឆ័យ​អ្វី​ទាំង​កំហឹង​ឡើយ តែ​ត្រូវ​មាន​ចិត្ត​ធ្ងន់ធ្ងរ សង្កត់​កំហឹង​នោះ​មិន​ឲ្យ​ចេញ​មក​ខាង​ក្រៅ​បាន ។ លោក​មិន​សម្រេច​ចិត្ត​អ្វី​នៅ​ពេល​មាន​កំហឹង​ក្នុង​ខ្លួន​លោក​ទេ ។ លោក​តែង​ប្រព្រឹត្ត​ឲ្យ​សុក្រឹត​ត្រឹម​ត្រូវ​ក្នុង​ចិត្ត​ដែល​មាន​ភាព​ល្អិនល្អន់ និង​ត្រជាក់ ។

៨. អវិហឹសា

អវិហឹសា ការ​មិន​បៀតបៀន បាន​ដល់​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​តាម​បែប​អហិង្សា ។ លោក​មិន​វង្វេង​នឹង​អំណាច ឬ​ក៏​ប្រើប្រាស់​អំណាច​នោះ​ដើម្បី​សង្កត់​សង្កិន​អ្នក​ក្រោម​បង្គាប់ ។ លោក​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ល្អ មិន​ស្វែង​រក​កំហុស​ដើម្បី​ចោទ​ប្រកាន់​អ្នក​ក្រោម​បង្គាប់ ព្រោះ​ការ​សងសឹក និង​សេចក្ដី​មិន​ពេញ​ចិត្ត​ដោយ​ប្រការ​ណា​មួយ​ឡើយ ។

៩. ខន្តី

ខន្តី សេចក្ដី​អត់ធន់ បាន​ដល់​ការ​យក​ឈ្នះ​ឧបសគ្គ​ដោយ​ភាព​អំណត់ ។ លោក​មាន​ភាព​អំណត់​ចំពោះ​កិច្ចការ​លំបាក ហើយ​និង​តស៊ូ​នូវ​រាល់​ភារកិច្ច​ដោយ​មិន​គិត​ពី​ភាព​នឿយ​ហត់ មិន​ថា​កិច្ចការ​នោះ​លំបាក ឬ​ស្មុគស្មាញ​យ៉ាង​ណា​ក្ដី ។ លោក​មិន​ចុះ​ចាញ់ ឬ​ចុះ​ញ៉ម​នឹង​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន មិន​ថា​ជា​រឿង​ចំអក ជា​ពាក្យ​អសុរោះ និង​ពាក្យ​គួរ​ឲ្យ​ធុញ​ទ្រាន់​យ៉ាង​ណា​ក្ដី ។ លោក​មិន​អាក់​ចិត្ត ហើយ​និង​មិន​បោះបង់​ចោល​នូវ​ភារកិច្ច​ដែល​ត្រឹមត្រូវ​ដែល​លោក​គួរ​ធ្វើ ឬ​បំពេញ​ឡើយ ។

១០. អវិរោធន

អវិរោធន ការ​មិន​ធ្វើ​អ្វី​ដែល​ប្រាស​ចាក​ពី​សច្ចធម៌ ។ លោក​មិន​បំពាន​នូវ​ច្បាប់ ។ រាល់​សកម្មភាព​ដឹកនាំ​រដ្ឋ លោក​តែង​តែ​គោរព​គោលការណ៍​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​ផ្អែក​លើ​សុខុមាលភាព និង​ឧត្ដម​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ​ជា​ធំ ។ លោក​បាន​តម្កល់​ខ្លួន​ដោយ​ប្រពៃ​ក្នុង​គោលការណ៍​ត្រឹមត្រូវ និង​មិន​ងាក​ចេញ ឬ​បង្វែរ​ចេញ​ពី​ភាព​យុត្តិធម៌ ភាព​ត្រឹមត្រូវ ភាព​ជា​ផ្លូវការ និង​គោលការណ៍​នៃ​ការ​គ្រប់គ្រង​រួម​បញ្ចូល​ទាំង​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ដែល​ល្អ ។ លោក​មិន​ជំទាស់​នឹង​បំណង​ស្រប​ច្បាប់​សម​ហេតុផល​របស់​ប្រជាពលរដ្ឋ ។ លោក​មិន​រារាំង​នូវ​សកម្មភាព​ទាំង​ឡាយ​ដែល​ជា​សេចក្ដី​ល្អ និង​តម្រូវ​ការ​សាធារណៈ​ឡើយ ។ លោក​មាន​ជំហរ​រឹងមាំ​ក្នុង​ភាព​ត្រឹមត្រូវ សច្ចធម៌ មិន​ញាប់ញ័រ​នឹង​ពាក្យ​ពីរោះ អសុរោះ ការ​បាន​លាភ ឬ​ការ​មិន​បាន​លាភ ការ​ចូលចិត្ត និង​ការ​មិន​ចូល​ចិត្ត សេចក្ដី​គាប់​ចិត្ត និង​សេចក្ដី​មិន​គាប់​ចិត្ត គឺ​លោក​តាំង​ចិត្ត​ជា​ឧបេក្ខា​ក្នុង​ការ​បំពេញ​តួនាទី​ដ៏​ឧត្ដុង្គឧត្ដម​នេះ ។

គួរ​កត់​សម្គាល់​ថា ក្នុង​ទសពិធរាជធម៌​នេះ​មាន​ធម៌​ខ្លះ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​បារមី​ដែល​ជា​ពុទ្ធការកធម៌​យ៉ាង​នោះ​ឯង ដូចជា ទាន សីល ខន្តី ជាដើម ។ ព្រះរាជា ព្រះអង្គ​ប្រារព្ធ​ធម៌​នេះ​ក្នុង​តួនាទី​របស់​ព្រះអង្គ រីឯ​ព្រះពោធិសត្វ ព្រះអង្គ​ប្រតិបត្តិ​ធម៌​នេះ​ដោយ​ឆន្ទៈ​របស់​ព្រះអង្គ​ដើម្បី​បាន​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ។

ខ. ធម៌​ជំពូក​ទី​២: ការ​បំពេញ​នូវ​ភារកិច្ច​របស់​ស្ដេច​ចក្រពត្តិ

អគ្គមគ្គុទ្ទេសក៍​រដ្ឋ ឬ​ប្រមុខរដ្ឋ មាន​កាតព្វកិច្ច​បំពេញ​តួនាទី​៥​ប្រការ​របស់​ស្ដេច​ចក្រពត្តិ ដូច​ខាង​ក្រោម ៖

១. ធម្មាធិបតេយ្យ

ធម្មាធិបតេយ្យ ការ​កាន់​យក​ធម៌​ជា​ធំ គឺ​ថា​លោក​ប្រកាន់​នូវ​សច្ចធម៌ ភាព​ត្រឹមត្រូវ សេចក្ដី​ល្អ ហេតុផល គោលការណ៍ និង​ច្បាប់​ត្រឹមត្រូវ ។ លោក​គោរព​លើក​តម្កើង​រក្សា​ខ្លួន និង​តាំង​ខ្លួន​នៅ​ក្នុង​សច្ចភាព​និង​ប្រតិបត្តិ​តាម​គោលការណ៍​ទាំង​នោះ ។

២. ធម្មិការក្ខា

ធម្មិការក្ខា ការ​រក្សា​ដែល​ប្រកប​ដោយ​ធម៌ គឺ​ថា​ផ្ដល់​ការ​ការពារ​យ៉ាង​ត្រឹមត្រូវ ។ លោក​ផ្ដល់​ការ​ការពារ​ប្រកប​ដោយ​យុត្តិធម៌​ដល់​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ មន្ត្រី​រាជការ កងទ័ព នគរបាល មន្ត្រី​បម្រើការ​តាម​មូលដ្ឋាន សិស្ស និស្សិត បញ្ញវន្ត អាជីវករ កម្មករ កសិករ ព្រម​ទាំង​មនុស្ស​ទាំង​អស់​គ្រប់​ស្រទាប់​វណ្ណៈ ទាំង​អ្នក​រស់​នៅ​តាម​ជាយ​ដែន ព្រះសង្ឃ និង​អ្នក​កាន់​សាសនា​ផ្សេងៗ​ដែល​ប្រកាន់​នូវ​សីលធម៌ និង​ចរិយាធម៌​ដោយ​ហោច​ទៅ​សម្បី​តែ​សព្វ​សត្វ និង​បក្សាបក្សី​ក៏​ត្រូវ​ការ​អភិរក្ស គឺ​ការ​អភ័យ​ឲ្យ​មាន​ជីវិត​រស់​នៅ​ដោយ​សុខសាន្ត ។

៣.មា​អធម្មការ

មា​អធម្មការ ហាម​ឃាត់​នូវ​រាល់​ទង្វើ​ដែល​ប្រាស​ចាក​ពី​គន្លង​ធម៌ ។ លោក​រៀបចំ​វិធានការ​ការពារ និង​កែខៃ មិន​អនុញ្ញាត​ឲ្យ​មាន​នូវ​ទង្វើ​អយុត្តិធម៌ ការ​កេងប្រវញ្ច ការ​គាប​សង្គត់ អំពើ​ពុករលួយ ឬ​ក៏​ភាព​ចលាចល​កើត​ឡើង​នៅ​ក្នុង​ប្រទេស ។ លោក​ជំរុញ​មនុស្ស​ទាំងអស់​ឲ្យ​តម្កល់​ខ្លួន​នៅ​ក្នុង​ភាព​ស្មោះត្រង់ និង​គុណធម៌ ហើយ​នឹង​បង្កើត​នូវ​ប្រព័ន្ធ​វិធីសាស្ត្រ​កាន់​បន្ថយ​មនុស្ស​អាក្រក់ និង​បណ្ដុះ​បណ្ដាល​មនុស្ស​ឲ្យ​បាន​ល្អ​កាន់​តែ​ច្រើន​ឡើង ។

៤. ធនានុប្បធាន

ធនាបុប្បធាន ចែក​ចាយ​ធនធាន​ដល់​អ្នក​ក្រីក្រ ។ លោក​ធានា​ថា មិន​ឲ្យ​មាន​ភាព​អត់​ឃ្លាន​នៅ​ក្នុង​ដែនដី​របស់​លោក ដូចជា​មាន​ការ​រៀបចំ​ឲ្យ​មនុស្ស​គ្រប់​គ្នា មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ភាព​សុចរិត​ទៀង​ត្រង់​ និង​ត្រឹមត្រូវ ។

៥. បរិបុច្ឆា

បិរបុច្ឆា បទេសរាជ ប្រមុខរដ្ឋ​តែង​តែ​សាកសួរ​ញយៗ​សុំ​យោបល់​ពី​អ្នក​ប្រាជ្ញ​បណ្ឌិត ។ លោក​មិន​លះបង់​ចោល​នូវ​កិច្ច​ពិភាក្សា ។ លោក​ស្វែង​រក​នូវ​ឧត្ដមភាព​ក្នុង​ប្រាជ្ញា និង​គុណធម៌​ខ្ពស់ និង​ចរិយាធម៌ ជា​អ្នក​ដែល​លើក​តម្កើង​នូវ​សីលធម៌ មិន​មាន​សេចក្ដី​ប្រមាទ ឬ​វង្វេង​ភ្លេច​ខ្លួន​នឹង​យស​សក្តិ ជា​មនុស្ស​ដែល​អាច​ជួយ​ឲ្យ​ចម្រើន​នូវ​បញ្ញា និង​កុសល​ធម៌​ទាំងឡាយ ។ លោក​ចូល​ទៅ​រក​ព្រះសង្ឃ និង​ពហុស្សូត ហើយ​សន្ទនា សាក​សួរ​ដើម្បី​ស្វែង​រក​ចំណេះ​ដឹង សេចក្ដី​ល្អ និង​សច្ចធម៌ ។ លោក​ពិភាក្សា​បញ្ហា​ផ្សេងៗ​នោ​ក្នុង​ពេល​ដ៏​សម​គួរ និង​ទៀងទាត់ ដើម្បី​លោក​អាច​តាមដាន និង​អភិវឌ្ឍ​ខ្លួន​លោក​បាន ហើយ​និង​អនុវត្ត​នូវ​គោលការណ៍​ល្អ​ក្នុង​ការ​ស្វែង​រក​សេចក្ដី​សុខ​ក្សេមក្សាន្ត និង​ការ​រីក​ចម្រើន​ដោយ​ពិត​ប្រាកដ ។

គ. ធម៌​ជំពូក​ទី​៣: ការ​អនុវត្ត​នូវ​សង្គហធម៌​របស់​អ្នកដឹកនាំ

អគ្គមគ្គុទ្ទេសក៍ តែង​ទនុក​បម្រុង​ពលរដ្ឋ​របស់​លោក​ឲ្យ​រស់​នៅ​ក្នុង​សាមគ្គីភាព​ដោយ​រាជ​សង្គហធម៌ ៤ យ៉ាង ដែល​យើង​បច្ចុប្បន្ន​នេះ​ហៅ​ថា «ឯកភាព​ជាតិ» ៖

១. សស្សមេធ

សស្សមេធ កិរិយា​យល់​ដឹង​ក្នុង​ការ​អភិវឌ្ឍ​នូវ​សេដ្ឋកិច្ច និង​មុខ​ជំនួញ​ផ្សេងៗ ។ លោក​ជា​អ្នក​ឈ្វេង​យល់​ និង​មាន​សុភវិនិច្ឆ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម កសិកម្ម ដែល​អាច​ផ្ដល់​ផល​បាន​យ៉ាង​ច្រើន​សម្រាប់​ពលរដ្ឋ​ភាគ​ច្រើន ។

២. បុរិសមេធ

បុរិសមេធ ជា​អ្នកដឹកនាំ​ប្រកប​ដោយ​សេចក្ដី​ឈ្លាវៃ ស្គាល់​លក្ខណៈ និង​សមត្ថភាព​មន្ត្រី​រាជការ​ដែល​បម្រើ​រដ្ឋ ។ លោក​ប្រគល់​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​សម​តាម​សមត្ថភាព​របស់​មន្ត្រី​នោះ ។ លោក​បង្កើត​គោលនយោបាយ​គាំទ្រ ពង្រឹង​សមត្ថភាព​ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ស្មោះត្រង់ និង​ត្រឹមត្រូវ​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ ។

៣. សម្មាបាស

សម្មាបាស ការ​បង្រួបបង្រួម​ប្រជានុរាស្ត្រ​ដោយ​ប្រពៃ បាន​ដល់​ការ​ចង​សម្ព័ន្ធភាព​រវាង​ពលរដ្ឋ​ទាំងអស់ ។ លោក​ជួយ​មនុស្ស​ទាំងឡាយ​ដោយ​នយោបាយ​ដែល​អាច​ឲ្យ​ចិញ្ចឹម​ជីវិត​បាន ដូចជា​ផ្ដល់​ថវិកា​សម្រាប់​អ្នក​ក្រីក្រ​ខ្ចី​ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​គ្រួសារ​ដែល​អាច​លើក​កម្ពស់​ជីវភាព​គ្រួសារ ។

៤. វាចាបេយ្យ

វាចាបេយ្យ សម្ដី​ជាទី​ស្រលាញ់ លោក​ស្គាល់​របៀប​នៃ​ការ​និយាយ​បកស្រាយ និង​ការ​ណែនាំ ។ លោក​ចាប់​អារម្មណ៍​ក្នុង​ការ​ស្វាគមន៍​មនុស្ស​គ្រប់​ឋានៈ ហើយ​និង​ចង់​ដឹង​អំពី​សុខុមាលភាព​របស់​មនុស្ស​ទូទៅ មាន​សម្ដី​ពីរោះ​គួរ​ឲ្យ​ចង់​ស្ដាប់​គឺ​ពោរពេញ​ដោយ​ខ្លឹមសារ និង​មាន​ហេតុផល ព្រមទាំង​មាន​អត្ថប្រយោជន៍ ។ សម្ដី​ទាំង​នោះ​អាច​នាំ​ទៅ​រក​ភាព​រីក​ចម្រើន ការ​ដោះស្រាយ​នូវ​បញ្ហា បង្កើត​សាមគ្គីភាព​យ៉ាង​ស្អិតល្មួត យល់​គ្នា​ទៅ​វិញ​ទៅ​មក ពង្រឹង​ការ​ទុក​ចិត្ត និង​ការ​គោរព​ស្រលាញ់​គ្នា​ក្នុង​សង្គម ។

ឃ. ធម៌​ជំពូក​ទី​៤: រាជសង្គហវត្ថុ ៤ របស់​អ្នកដឹកនាំ

១. ទាន

ទាន ការ​បំពេញ​ទាន ដែល​ខ្លួន​អាច​ធ្វើ​បាន​ដោយ​បូជា​ទាន​ក្ដី​ដោយ​សង្គហទាន​ក្ដី ។

២. បិយវាចា

បិយវាចា វាចា​ជាទី​ស្រលាញ់ មាន​ពាក្យ​សម្ដី​គួរ​ជាទី​ចូលចិត្ត​ជាទី​គាប់​ចិត្ត ផ្អែម​ល្ហែម មិន​ពោល​ពាក្យ​គ្រោតគ្រាត អសុរោះ ។

៣. អត្ថចរិយា

អត្ថចរិយា ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​ក្នុង​សង្គម​ជា​ធំ មិន​ជា​អ្នក​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ។

៤. សមានត្តតា

សមានត្តតា ភាព​នៃ​បុគ្គល​មាន​ខ្លួន​ប្រព្រឹត្ត​ស្មើ​ក្នុង​ជេដ្ឋាបចាយនធម៌ គឺ​មាន​ការ​គោរព​ស្រលាញ់​ដល់​រៀមច្បង​ដែល​ប្រកប​ដោយ​វុឌ្ឍិ​គឺ​ជា​អ្នក​ចម្រើន​ដោយ​សេចក្ដី​ល្អ ។

ង. ធម៌​ជំពូក​ទី​៥: ការ​ជៀសវាង​អគតិធម៌

នៅ​ពេល​ដែល​អ្នកដឹកនាំ​រដ្ឋ​អនុវត្ត​នូវ​ភារកិច្ច លោក​មិន​បណ្ដោយ​ឲ្យ​មាន​អគតិធម៌ ឬ​ការ​ប្រាសចាក​ពី​យុត្តិធម៌​ដែល​ជ្រៀតជ្រែក​ដោយ​អគតិ ៤ យ៉ាង​គឺ ៖

១. ឆន្ទាគតិ

ឆន្ទាគតិ លំអៀង​ព្រោះ​ប្រយោជន៍ ព្រោះ​ស្រលាញ់​ចូលចិត្ត ដោយសារ​បង ប្អូន សាច់​ញាតិ មិត្តភក្ដិ ជាដើម ។

២. ទោសាគតិ

ទោសាគតិ លំអៀង​ព្រោះ​ស្អប់ ដោយ​គំនិត​គុំកួន មិន​ចូលចិត្ត និង​រើស​អើង​ជាដើម ។

៣. មោហាគតិ

មោហាគតិ លំអៀង​ព្រោះ​ល្ងង់ មិន​យល់​ពី​ជម្រៅ​នៃ​បញ្ហា ។

៤. ភយាគតិ

ភយាគតិ លំអៀង​ព្រោះ​ភ័យ​ខ្លាច​ដោយ​ការ​គាប​សង្កត់ ដោយ​ផលវិបាក​ដែល​អាច​ធ្លាក់​មក​លើ​ខ្លួន ។

បុគ្គល​ម្នាក់ៗ​ទោះបី​ជា​មេគ្រួសារ​ក្ដី ជា​នាយ​ដឹកនាំ​សហគមន៍​ដ៏​តូច​មួយ​ក្ដី ជា​អ្នកដឹកនាំ​ថ្នាក់​ទាប​ក្ដី អាច​ព្យាយាម​អនុវត្ត​នូវ​ទសពិធរាជធម៌​បាន​គ្រប់ៗ​គ្នា ដើម្បី​បណ្ដុះ និង​បំប៉ន​គុណធម៌​របស់​ខ្លួន ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 750 នាក់

ម្សិលមិញ 1105 នាក់

សរុប 490787 នាក់