ឯកសារមួយចំនួន ត្រូវចុះហត្ថលេខា ក្រោយជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី នៅវិមានសន្តិភាព 

0001

ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីទាំង២ កម្ពុជា-ម៉ាឡេស៊ី នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ នាវិមានសន្តិភាព ។

ឯ,ឧ មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំង២ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហ ប្រតិបត្តិការទ្វេភាគី ។ នាយករដ្ឋមន្រ្តីទាំង២ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំង២ នឹងអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នាផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុង ទស្សនកិច្ចនេះ នាយករដ្ឋម​ន្រ្តី​ម៉ា​ឡាស៊ី នឹងចូលជួបសំដែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជា​ណា​ចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និ​ង​​គោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ដំណើរទស្សនកិច្ចផ្លូវការ របស់ឯ,ឧ មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរ ក្នុងការពង្រឹង និងធ្វើឲ្យកាន់​តែ​ស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធ ដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 833 នាក់

ម្សិលមិញ 1105 នាក់

សរុប 490870 នាក់