ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយទៅចែកជូនពលរដ្ឋ៣៤គ្រួសារដែលទឹកជន់លិចចូលផ្ទះ នៅស្រុកអូររាំងឪ គណៈជាង១ពាន់គ្រួសារ នៅស្រុក២ទៀត បានជន្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព

9.9

ខេត្តត្បូងឃ្មុំ ៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ស្រុកចំនួន៣ ក្នុងនោះមានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ បានរងផលប៉ះពាល់ខ្លាំងជាងគេ ជាង១ពាន់គ្រួសារ ។

ចំណែកឯ ស្រុកអូរាំងឪ ក៏បានទទួលរងផលប៉ះពាល់ទឹកជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន៣៤គ្រួសារ នៅក្នុងភូមិចំនួន២ ក្នុ​ង​ឃុំ​មៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយទទួលដំណឹងភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយសហការី និងអាជ្ញាធរស្រុក បានចុះទៅមើលស្ថានភាពទឹកជំនន់ជន់លិចព្រមទាំង​សំ​ណេះសំណាល ក៍ដូចជានាំយកអំណោយសាខាកាកបាទក្រហមខេត្តទៅផ្ដល់ជូនបងប្អូនទាំង៣៤គ្រួសារ ដើម្បីជួយសម្រួលតម្រូ​វការចាំបាច់ជាក់ស្ដែង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវ​ថែ​រក្សាសុខភាពរបស់ខ្លួនអោយជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និ​ង​មនុស្សចាស់ ដែលគ្រោះថ្នាក់ដោយសារលង់ទឹក ។

មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំងទីទួលសុវត្ថិភាពពេញ ២៤ម៉ោង ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាព​លរដ្ឋ ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា អំណោយចែកជូននៅពេលនោះ ក្នុងមួយមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិការ៣មុឺនរៀលផងដែរ។

គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ កំពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំមានកម្ពស់ =15,35m, ធៀបព្រឹកថ្ងៃម្សិល​មិ​ញ​ទឹ​​កឡើង=0,35m  ធៀបឆ្នាំមុន ឆ្នាំនេះខ្ពស់ជាង=0,39m  កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន = 15,20m ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 776 នាក់

ម្សិលមិញ 1105 នាក់

សរុប 490813 នាក់