ប្រជាពលរដ្ឋជាអ្នករកស៊ីដឹកទំនិញតាម ច្រកព្រំដែនព្រែកចាក នាំគ្នាទៅបិទផ្លូវនៅមុខស្នាក់ការគយចល័ត ដើម្បីសុំឲ្យស្ថាប័នមួយនេះបញ្ចុះតម្លៃសេវាដឹកជញ្ជូន

1 (10)

ខេត្តកំពត ៖  ប្រជាពលរដ្ឋភាគច្រើនជាអ្នកដឹកទំនិញដោះដូរតាមព្រំដែនប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាបិទផ្លូវនៅមុ​ខស្នាក់ការគយចល័ត នៃឃុំឫស្សីស្រុកខាងលិច ដើម្បីតវ៉ាឲ្យស្ថាប័នជំនាញមួយនេះបញ្ចុះតម្លៃលើសេវដឹកជញ្ជូនទំនិញតាមម៉ូ​តូ​ និងរថយន្ត។

ករណីបង្កភាពចលាចលនេះបានកើតឡើង នៅវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតចំណុចមុខស្នា​ក់​ការអង្គភាពគយចល័ត ក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយការបិទផ្លូវនេះក៏បានបង្កឲ្យកកស្ទះចរាចរប្រមាណជិតកន្លះម៉ោង តែត្រូវបានដំណើរការវិញ ខណៈពេល លោក ង៉ែត សាវឿន ប្រធានស្នាក់ការត្រួតពិនិត្យច្រ​កទ្វារព្រំដែនអន្តរជាតិព្រែកចាក បានមកអន្តរាគមន៍ភ្លាមៗ។

ទាកទិននឹងការប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៣៣នេះ តំណាងពលរដ្ឋម្នាក់ឈ្មោះ សាយ កេត រស់នៅឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច បានបញ្ជាក់អះអាងថា បញ្ហាដែលពួកគាត់បបួលគ្នីគ្នាមកតវ៉ានេះ មិនមែនជាបញ្ហាអ្វីជាដុំកំភួនទេ ហើយក៏មិន​ជា​ប់ពាក់ព័ន្ធនឹងសមត្ថកិច្ចជំនាញក្នុងច្រកទ្វារព្រំដែនអន្តរជាតិនោះដែរ បើនិយាយឲ្យស្រួលស្តាប់ គឺសំដៅតែលើអង្គភាពគយចល័តមួយគត់ ដែលបច្ចុប្បន្នដាក់ស្នាក់ការនៅជិតរង្វង់មូលភូមិលក នៃឃុំឫស្សីស្រុកខាងលិច។

តំណាងពលរដ្ឋខាងលើ បានលើកហេតុផលថាពួកគាត់រកសីុប្រកបមុខរបរដឹកទំនិញដោះដូរតូចតាចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបែបនេះជាង១០ឆ្នាំមកហើយ ដោយកន្លងមកអង្គភាពគយចល័តបានយកតម្លៃសេវាតាមមធ្យោបាយដឹកជញ្ជូននានា ពិសេសម៉ូតូដែលដឹកទំនិញឆ្លងកាត់ចាប់ពី២មឺុនរៀល ទៅ៣មឺុនរៀលប៉ុណ្ណោះ(ក្នុង១ជើង) ស្រាប់តែពេលចុងក្រោយនេះអង្គភាពគយចល័តបែរជាឲ្យពួកគាត់បង់សេវាដឹកជញ្ជូនរហូតដល់១លានរៀល(ក្នុង១ជើង)លើសមុនជាង៣០ដងឯណោះ តើឲ្យពួកគាត់ទៅរកលុយឯណាបានគ្រប់ចំនួនបង់ឲ្យទៅ ណាមួយកម្រិតនៃប្រាក់ចំណូលរកបាននោះ ស្ទើតែយកទៅ​សងប្រាក់កម្ចីធនាគារមិនគ្រប់ផង។

បន្ទាប់ពីបង្កភាពតានតឹងរួចមក លោក ង៉ែត សាវឿន ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក៏បា​នបើកកិច្ចប្រជុំនៅស្នាក់ការនៃច្រកទ្វារព្រំដែនអន្តរជាតិ ជាមួយស្ថាប័នពាក់ព័ន្ធរួមនិងអាជីវករ ដើម្បីរកដំណោះស្រាយរួមគ្នា ដោយខណៈនោះប្រធានស្នាក់ការក៏បានជំរុញដល់ស្ថាប័នគយដែលជាអង្គភាពជំនាញ ជួយបន្ធូរបន្ថយនូវតម្លៃសេវាដឹកជញ្ជូនដ​ល់បងប្អូនអាជីវករ ពិសេសពលរដ្ឋក្នុងភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់បាន​ដោះ​ដូរទំនិញតាមព្រំដែនសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃឲ្យកាន់តែងាយស្រួល ស្របតាមអនុសាសន៍របស់សម្តេ​ច​ តេ​ជោ​ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដោយមិនទុកឲ្យពលរដ្ឋណាម្នា​ក់ដាច់បាយស្លាប់នោះឡើយ។

ជាមួយគ្នានេះ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច ក៏បានលើកឡើងដោយបានណែនាំដល់អ្នករកសីុដឹកទំនិញ​ខា​ងលើឲ្យយល់អំពីច្បាប់និងទម្លាប់ ដូចជាករណីបិទផ្លូវធ្វើបាតុកម្មដើម្បីតវ៉ានេះជាដើម គឺខុសនឹងច្បាប់ទាំងស្រុង។លោកថា លើ​កក្រោយបើបងប្អូនមានបញ្ហាអ្វីមួយ គួរសុំអន្តរាគមន៍ពីអាជ្ញាធរដែនដីជាមុនសិន ព្រោះថាការធ្វើបាតុកម្មត្រូវសុំច្បាប់ពី​ក្រ​សួងមហាផ្ទៃជាមុនសិន ដោយយើងមិនអាចធ្វើឲ្យប្រាសចាកនឹងច្បាប់បែបនេះឡើយ។ហើយចំពោះបញ្ហាដដែលនេះ ក្នុងនា​ម​គណៈអភិបាលស្រុកកំពង់ត្រាច លោកក៏សូមឲ្យស្ថាប័នពាក់ព័ន្ធគួរយោគយល់ អធ្យាស្រ័យដល់ពលរដ្ឋដែលរកសីុដឹកទំនិញនៅ​ច្រកព្រំដែននេះផង ព្រោះពួកគាត់សុទ្ធតែជាប្រជាពលរដ្ឋក្នុងស្រុកប្រកបមុខរបរដោះដួរកំបិុកកំប៉ុកសម្រាប់ចិញ្ចឹមឆ្នាំ​ង​តែប៉ុណ្ណោះ។

ជំនួសមុខឲ្យអង្គភាពរបស់ខ្លួន លោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករព្រែកចាក បានលើកឡើងថា ការដំឡើងពន្ធរា​ល់​មុខទំនិញបែបនេះគាប់ជួនគោលការណ៍ខាងលើ តម្រូវឲ្យស្ថាប័នរបស់លោកប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ចំនួន ទើបតម្លៃសេវាបង់ប្រាក់អាចប្រែប្រួល​ ប៉ុន្តែបើមានសំណូមពរពីបងប្អូនអាជីវករដែលរកស៊ីដឹកទំនិញឲ្យបញ្ចុះតម្លៃលើមធ្យោបាយបែបនេះទៅហើយ លោកនឹងសុំយោបល់ពីថ្នាក់លើ ដើម្បីរកដំណោះស្រាយជូននៅពេលក្រោយ ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1180 នាក់

ម្សិលមិញ 696 នាក់

សរុប 889323 នាក់