សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

C51

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះ សម្ដេចតេជោ ហ៊ុ ន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។

ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ។ នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ សម្តេចទាំងទ្វេបានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងនៅថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 103 នាក់

ម្សិលមិញ 671 នាក់

សរុប 1337522 នាក់