ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាខេត្តកំពង់ធំ បានក្រើនរំលឹកប្រជាពលរដ្ឋ អោយបន្តអប់រំកូនចៅខិតខំរៀនសូត្រ និងត្រូវរស់នៅអោយឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងធ្វើជាសសរទ្រូង សម្រាប់ប្រទេសជាតិ !

E10

ខេត្តកំពង់ធំ៖ ប្រសាសន៍ក្រើនរំលឹក របស់ប្រធានសាលាដំបូងខេត្ត លោក លាង សួគ៌ និងប្រធានព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា ទៅកាន់ប្រជាពលរដ្ឋនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៤កញ្ញាម្សិលមិញ នៅគ្រាដែលលោកបានដឹកនាំមន្ត្រីក្រោមឧិវាទ រួមនឹងអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ ធ្វើដំណើរតាមផ្លូវទឹក ដើម្បីចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមួយចំនួន ទៅផ្តល់ជូនដូនតាចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពលំបាកលំបិន ដែលកំពង់រស់នៅតាមដងស្ទឹងសែន និងបឹងទន្លេសាប ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

            នៅក្នុងដំណើរកាត់តាមផ្ទៃទឹកស្ទឹងសែន និងផ្ទៃទឹកបឹងទន្លេសាបនោះ ប្រធានសាលាដំបូងខេត្ត លោក លាង សួគ៌ និងប្រធានព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា រួមនឹសហការី បានអញ្ជើញចូលទៅក្នុងវត្តមួយ ហៅថា «វត្តកំពង់ចម្លង» ដែលស្ថិតនៅប្របនឹងដងទន្លេសាប ដើម្បីថ្វាយបង្គុំ ប្រគេនទ័យទាន និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំអស់ត្រីមាស នៅក្នុងទីអារាមនោះ ព្រមទាំងបានធ្វើទានដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលខ្វះខាតផ្នែកជីវភាព មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈនានាមួយចំនួនទៀត ផងដែរ។

            ព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា បានមានប្រសាសន៍ថា ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ដោយចង់ដឹងពីស្ថានភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងដូនតាចាស់ជរា ដែលរស់នៅតាមនឹងដងស្ទឹងសែន និងតាមបឹងទន្លេសាប នៅឆ្ងាយពីទីប្រជុំជនក្រុងនោះ លោកបានចំណាយពេលវេលា នៅក្នុងរដូវកាន់បិណ្ឌនេះ ចុះមកកាន់តំបន់ដាច់ស្រយាលនេះ ហើយក៏បានចូលថ្វាយបង្គុំ ប្រគេនទ័យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ក្នុងវត្ត «កំពង់ចម្លង» និងឧបត្ថម្ភគ្រឿងបរិភោគមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅទីនេះ។

            ប្រធានសាលាដំបូងខេត្ត លោក លាង សួគ៌ និងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោកអ៊ិត សុធា​ លោកបានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាលពីទីប្រជុំជនក្រុងនេះ ត្រូវបន្តអប់រំកូនចៅ ឲ្យខិតខំរៀនសូត្រឲ្យបានពូកែ ក្លាយខ្លួនជាសិស្សល្អ មនុស្សល្អ និងមិនត្រូវសេព ប្រើប្រាស់ ចែកចាយ ឬជួញដូរគ្រឿងញៀនជាដាច់ខាត ព្រោះគ្រឿងញៀន គឺជាអាវុធដ៏មុតស្រួច បំផ្លាញកិត្តិយស​ អនាគត និងជាសត្រូវប្រឆាំងនឹងច្បាប់ប្រទេស។ ហើយក្មួយៗ ត្រូវធ្វើខ្លួនឲ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីធ្វើជាសសរទ្រូងការពារប្រទេសជាតិ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1506 នាក់

ម្សិលមិញ 991 នាក់

សរុប 679198 នាក់