រថយន្តឡិចសុីសRX300 មួយគ្រឿង ម្ចាស់ទើបតែបើកយកចេញពីជួសជុលនៅយានដ្ឋាន ស្រាប់តែឆេះ មិនទាន់ទាំងដល់ផ្ទះផង

I43

ភ្នំពេញ៖ រថយន្តឡិចសុីសRX300 មួយគ្រឿងម្ចាស់ ទើបតែបើកយកចេញពីជួសជុលនៅយានដ្ឋាន មិនទាន់ទាំងដល់ផ្ទះផង ស្រាប់តែជួបគ្រោះអកុសល ឆ្លងប្រព័ន្ធភ្លើង ឆាបឆេះសល់តែគ្រោងដែក ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តជួបគ្រោះខាងលើ ម៉ាកឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AN-3526 មានម្ចាស់រងគ្រោះឈ្មោះ ឡុង គឹមសាន ភេទប្រុស អាយុ៤៥ឆ្នាំ មានទី​លំ​នៅ នៅភូមិរកាកោង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមម្ចាស់បានឲ្យដឹងថា មុនកើតហេតុរថយន្តរបស់គាត់ យកមកជួសជុលថ្នាំ នៅយានដ្ឋានក្បែរវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រួចរាល់ហើយ គាត់បានបើកក្នុងបំណង់ត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើស្រាប់តែកើតមានឆ្លងប្រព័ន្ធភ្លើងនៅតាបឡូ មានហុយផ្សែង ទើបឈប់ចតរថយន្តបើកទ្វារចុះចេញ សឹងមិនទាន់ចេញជាអណ្តាតភ្លើងឆាបឆេះតែម្តង ។

ឧប្បត្តិហេតុខាងលើ បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ នៅមិនឈ្នះ ភ្លើងកាន់តែឆេះខ្លួនខ្លាំងឡើង សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ រថយន្តភ្លើងឆេះសល់តែគ្រោងដែក តែមិនបង្កឲ្យម្ចាស់ រងរបួសនោះទេ  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 549 នាក់

ម្សិលមិញ 1331 នាក់

សរុប 524321 នាក់