សម្តេចតេជោ ហ៊ុន សែន ប្រាប់វិនិយោគិនចិន ពីមូលហេតុរដ្ឋាភិបាលសម្រេច បិទកាស៊ីណូ ល្បែងស៊ីសងអនឡាញនៅកម្ពុជា

X67

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អ្នកវិនិយោគចិនថា កម្ពុជាជាប្រទេសមួយដែ​ល​ប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅ​លើ​កត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើ​យ៉ា​ងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ី​​ណូ​អន​ឡា​ញ​​នោះទេ។

ម្យ៉ាងទៀត កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈម​ដូ​ចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជា​ដើ​ម​ ដែលអាចធ្វើប៉ះពាល់ដល់សង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយ អ្នកវិនិយោគចិនត្រកូល «ហ៊ុន» ប្រមាណជា ៤០នាក់ នៅព្រឹ​ក​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមាន​ស​ន្តិភាព រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យអ្នកវិនិយោគទាំងនេះ បន្តរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយកុំ​ព្រួយបារម្ភអ្វីទាំងអស់ ដ្បិតរាជរដ្ឋាភិបាលកម្ពុ​ជា​មានគោលនយោបាយគាំពារយ៉ាងប្រសើរដល់អ្នកវិនិយោគបរទេស។ ជាពិ​សេ​សទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន ជាចលករដ៏សំខាន់សម្រាប់គាំពារ និងផ្ត​ល់​ឱកាសដ៏ប្រសើរសម្រាប់ការវិនិ​យោ​គចិននៅកម្ពុជា។

ជាមួយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវចំណុចពិសេសជាច្រើន ដែលជួយឱ្យការរកស៊ីរបស់ចិននៅកម្ពុ​ជា​មានលទ្ធផលល្អប្រសើរ។ ក្នុងនោះកម្ពុជា និ​ង​​ចិនជាប្រទេសមានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា តែ​ប្រ​កាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ តាំងពីការចាប់ផ្តើមទំនាក់ទំនងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សី​ហ​នុ ព្រះវររាជបិតាជាតិខ្មែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមក បានចេញសារាចរណ៍បិទអាជីវកម្មល្បែងភ្នា​ល់​តាមម៉ាស៊ីនអេឡិចត្រូនិច តាម​រយៈ​អ៉ិ​ន​អើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព។

ក្នុ​ងសារាចរណ៍បិទនោះបង្ហាញថា បន្ទាប់ពីបានពិនិត្យឃើញថា មានឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែ​ងភ្នាល់ប្រភេទនេះ ធ្វើសកម្មភាពបោកប្រា​ស់​ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ដល់ស​ន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម  ៕ 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 608 នាក់

ម្សិលមិញ 1331 នាក់

សរុប 524380 នាក់