បទសិក្សា​ពិចារណា​ពី​កប្ប

Buddhatraitreng មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

មាគ៌ា​ជីវិត​នៃ​ព្រះពោធិសត្វ

រៀបរៀង​ដោយ​លោក​បណ្ឌិត កុល ផេង

មាតិកា

ជំពូក​១: ព្រះពោធិសត្វ និង​ពោធិចិត្ត
ជំពូក​២: អដ្ឋសមោធាន​បច្ច័យ​៤
ជំពូក​៣: ថិរវេលា​សុមេធបណ្ឌិត​បំពេញ​ពុទ្ធការកធម៌
ជំពូក​៤: ព្រះសុមេធបណ្ឌិត និង​ការ​ប្រកាស​អភិនីហារ
ជំពូក​៥: ការ​កសាង​ទសបារមី
ជំពូក​៦: ព្រះពោធិសត្វ​ក្នុង​អត្តភាព​ជា​ព្រះសម្មាសម្ពុទ្ធ​សមណគោតម
ជំពូក​៧: ព្រះពុទ្ធ​មេត្តេយ្យ ឬ​ស្រីអារ្យមេត្រី

 

ឧបសម្ព័ន្ធ

១. ទសពិធរាជធម៌​សង្ខេប
២. ការ​បំពេញ​នូវ​ភារកិច្ច​របស់​ស្ដេច​ចក្រពត្តិ
៣. ការ​អនុវត្ត​នូវ​សង្គហធម៌​របស់​អ្នក​ដឹកនាំ
៤. រាជសង្គហវត្ថុ​៤​របស់​អ្នកដឹកនាំ
៥. ការ​ជៀសវាង​អគតិធម៌
៦. សេចក្ដី​អធិប្បាយ​អំពី​អសង្ខេយ្យ និង​កប្ប
៧. កប្ប​មាន​៤​យ៉ាង
៨. បទសិក្សា​ពិចារណា​ពី​កប្ប
៩. តារាង​ពុទ្ធវង្ស
១០. អង្គ​៦​របស់​បណ្ឌិត

ពុទ្ធសាសនិកជន​តែង​ឮ​ពាក្យ​ថា «អសង្ខេយ្យ» និង​ពាក្យ​ថា «កប្ប» នេះ​រឿយៗ​ក្នុង​ពុទ្ធសាសនា ។ តែ​មិន​ប្រាកដ​ជាក់​ច្បាស់​ថា អ្វី​ទៅ​ជា​អសង្ខេយ្យ​នោះ អ្វី​ទៅ​ជា​កប្ប​នោះ ។

អសង្ខេយ្យ

ពាក្យ​ថា «អសង្ខេយ្យ» មក​ពី​ពាក្យ «ន + សង្ខ្យា + ណេយ្យ» មាន​ន័យ​ថា មិន​អាច​រាប់​បន្ត​បាន​ទៀត ដូច​មាន​បទវិគ្រោះ​បញ្ជាក់​ថា «សង្ខ្យា ឈ្មោះ​ថា អសង្ខ្យយ្យ ព្រោះ​មិន​អាច​នឹង​រាប់​បាន​ទៀត» ។

នៅ​ក្នុង​អភិធានប្បទីបិកាបាឋៈ លោក​ពន្យល់​ពី​របៀប​រាប់​រហូត​ដល់​អសង្ខយ្យ​យ៉ាង​នេះ​ថា ៖

 • ១០ រយ ស្មើ​នឹង ១ ពាន់
 • ១០ ពាន់ ស្មើ​នឹង ១ ម៉ឺន
 • ១០ ម៉ឺន ស្មើ​នឹង ១ សែន
 • ១០ សែន ស្មើ​នឹង ១ លាន
 • ១០ លាន ស្មើ​នឹង ១ កោដិ
 • ១០ កោដិ ស្មើ​នឹង ១ បកោដិ
 • ១០ បកោដិ ស្មើ​នឹង ១ កោដិ​បកោដិ
 • ១០ កោដិ​បកោដិ ស្មើ​នឹង ១ នហុត
 • ១០ នហុត ស្មើ​នឹង ១ និន្នហុត
 • ១០ និន្នហុត ស្មើ​នឹង ១ អក្ខោភិនី
 • ១០ អក្ខោភិនី ស្មើ​នឹង ១ ពិន្ទុ
 • ១០ ពិន្ទុក ស្មើ​នឹង ១ អព្វុទៈ
 • ១០ អព្វុទៈ ស្មើ​នឹង ១ និរព្វុទៈ
 • ១០ និរព្វុទៈ ស្មើ​នឹង ១ អហហៈ
 • ១០ អហហៈ ស្មើ​នឹង ១ អដដៈ
 • ១០ អដដៈ ស្មើ​នឹង ១ អពពៈ
 • ១០ អពពៈ ស្មើ​នឹង ១ សោគន្ធិកៈ
 • ១០ សោគន្ធិកៈ ស្មើ​នឹង ១ ឧប្បលៈ
 • ១០ ឧប្បលៈ ស្មើ​នឹង ១ កុមុទៈ
 • ១០ កុមុទៈ ស្មើ​នឹង ១ បទុមៈ
 • ១០ បទុមៈ ស្មើ​នឹង ១ បុណ្ឌរិកៈ
 • ១០ បុណ្ឌរិកៈ ស្មើ​នឹង ១ កថានៈ
 • ១០ កថានៈ ស្មើ​នឹង ១ មហាកថានៈ
 • ១០ មហាកថានៈ ស្មើ​នឹង ១ អសង្ខេយ្យ ។

 តារាង​រាប់​គុណិតសង្ខ្យាតារាង​រាប់​គុណិតសង្ខ្យា

តាម​នៅ​ក្នុង​គម្ពីរ​អភិធានប្បទីបិកា​បាន​បញ្ជាក់​ថា ១ អសង្ខេយ្យ គឺ​សរសេរ​លេខ  ហើយ​ថែម​សូន្យ​ឲ្យ​បាន ១៤០ សូន្យ​ទៀត ។

បែប​យ៉ាង​នៃ​កប្ប

កប្ប​មាន​ ៤ យ៉ាង​គឺ ៖ ‑អាយុកប្ប ‑អន្តរកប្ប ‑អសង្ខេយ្យកប្ប និង ‑មហាកប្ប ។

១. អាយុកប្ប

សម័យ​ណា​ដែល​មនុស្ស​មាន​អាយុ​ឡើង​ដល់ ១ អសង្ខេយ្យ​ឆ្នាំ ឬ​ថយ​ចុះ​មក​រហូត​ដល់ ១០ ឆ្នាំ ជា​អាយុខ័យ កាន់​យក​តាម​កេណ្ឌ​អាយុ​របស់​មនុស្ស​ក្នុង​សម័យ​កាល​នោះ​ជា «អាយុកប្ប» ។ ដូច​ក្នុង​សម័យ​ពុទ្ធកាល អាយុខ័យ​របស់​មនុស្ស​មាន​ចំនួន ១០០ ឆ្នាំ រាប់​ថា ១០០ ឆ្នាំ ជា​អាយុកប្ប ។ ក្នុង​បច្ចុប្បន្ន​កាល​នេះ អាយុខ័យ​របស់​មនុស្ស​មាន ៧៥ ឆ្នាំ ចាត់​ថា អាយុ ៧៥ ឆ្នាំ​នេះ ជា​អាយុកប្ប ។

២. អន្តរកប្ប

ពិធី​រាប់​អន្តរកប្ប​ដូច្នេះ​គឺ​ក្នុង​សម័យ​ដើម​កប្ប​មនុស្ស​មាន​អាយុ​វែង​រហូត ១ អសង្ខេយ្យ​ឆ្នាំ​ជា​អាយុកប្ប រហូត​ថយ​ចុះ​មក​ដល់ ១០ ឆ្នាំ ហើយ​ក៏​ឡើង​ទៅ​វិញ​រហូត​ ១ អសង្ខេយ្យ​ឆ្នាំ​ទៀត ហើយ​ថយ​ចុះ​មក​ដល់ ១០ ឆ្នាំ​វិញ ហើយ​ឡើង​ពី​ ១០ ឆ្នាំ ទៅ​ដល់ ១ អសង្ខេយ្យ ១ គូ​នេះ​ហៅ​ថា «១ អន្តរកប្ប» ។

៣. អសង្ខេយ្យកប្ប

ចំនួន​អន្តរកប្ប​ដូច​ពោល​មក​ហើយ កាល​គ្រប់ ៦៤ អន្តរកប្ប រាប់​ជា «១ អសង្ខេយ្យកប្ប» ។

អាចារ្យ​ខ្លះ​ពោល​ថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យ​ខ្លះ​ទៀត​ពោល​ថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យ​ហោរាសាស្ត្រ​បុរាណ​ថា ១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។

អសង្ខេយ្យកប្ប​មាន ៤ យ៉ាង​គឺ ៖ ១‑សំវដ្ដ​អសង្ខេយ្យកប្ប ២‑សំវដ្ដដ្ឋាយី​អសង្ខេយ្យ ៣‑វិវដ្ស​អសង្ខេយ្យ និង ៤‑វិវដ្ដដ្ឋាយី​អសង្ខេយ្យ ។

 1. សំវដ្ដ​អសង្ខេយ្យកប្ប ខណៈ​ដែល​ចក្រវាល​មាន​ចំនួន ១ សែន​កោដិ​ចក្រវាល​កំពុង​វិនាស​ហៅ​ថា «សំវដ្ដ​អសង្ខេយ្យកប្ប» មាន​វចនត្ថៈ​ថា «កប្ប​កំពុង​វិនាស​ឈ្មោះ​ថា សំវដ្ដៈ» ។
 2. សំវដ្ដដ្ឋាយី​អសង្ខេយ្យ ចក្រវាល​ដែល​ត្រូវ​វិនាស​អស់​ដោយ​មិន​មាន​អ្វី​សេស​សល់ មាន​តែ​ភាព​ទទេ​ហៅ​ថា «សំវដ្ដដ្ឋាយី​អសង្ខេយ្យ» មាន​វចនត្ថៈ​ថា «ចក្រវាល​ដែល​បាន​វិនាស​ទៅ​ហើយ មាន​តែ​ភាព​វិនាស​តាំង​នៅ​ហៅ​ថា សំវដ្ដដ្ឋាយី» ។
 3. វិវដ្ដអសង្ខេយ្យ កាល​ចក្រវាល​ត្រូវ​វិនាស​អស់​រលីង​ហើយ ក៏​ផ្ដើម​កកើត​ឡើង​ថ្មី​ហៅ​ថា «វិវដ្ដអសង្ខេយ្យ» មាន​វចនត្ថៈ​ថា «កប្ប​ដែល​កើត​ឡើង ឬ​ចម្រើន​កើត​ឡើង​តាម​លំដាប់​ហៅ​ថា វិវដ្ដៈ» ។
 4. វិវដ្ដដ្ឋាយី​អសង្ខេយ្យ ចក្រវាល​ដែល​ផ្ដើម​ឡើង​សាថ្មី​នោះ បាន​តាំង​នៅ​ជា​ប្រក្រតី សែន​កោដិ​ចក្រវាល ផែនដី ភ្នំ ដើម​ឈើ មហាសមុទ្រ ស្ទឹង ព្រះអាទិត្យ ព្រះចន្ទ តារា​ផ្សេងៗ មនុស្ស សត្វ ក៏​មាន​ប្រាកដ​គ្រប់​យ៉ាង​ហៅ​ថា «វិវដ្ដដ្ឋាយី​អសង្ខេយ្យ» មាន​វចនត្ថៈ​ថា «កប្ប​ដែល​ចម្រើន​ឡើង​ព្រម​ហើយ ដោយ​ស្ថានទី​ផ្សេងៗ និង​តាំង​នៅ​ជា​ប្រក្រតី​ហៅ​ថា វិវដ្ដដ្ឋាយី» ។

៤. មហាកប្ប

ការ​រាប់​ឲ្យ​គ្រប់​ទាំង  អសង្ខេយ្យកប្ប​ដូច​ពោល​មក​នេះ​ឯង​ស្មើ​នឹង «១ មហាកប្ប» ។

ប្រភេទ​នៃ​កប្ប

កប្ប​មាន​ពីរ​ប្រភេទ​គឺ សុញ្ញកប្ប​១ និង អសុញ្ញកប្ប​១ ។

១. សុញ្ញកប្ប

សុញ្ញកប្ប​មាន​  យ៉ាង​គឺ ៖

 1. សុញ្ញមហាកប្ប បាន​ដល់​មហាកប្ប​ដែល​មិន​មាន​ព្រះពុទ្ធ​ត្រាស់ដឹង
 2. សុញ្ញអសង្ខេយ្យ បាន​ដល់​សំវដ្ដអសង្ខេយ្យកប្ប សំវដ្ដដ្ឋាយី​អសង្ខេយ្យ វិវដ្ដ​អសង្ខេយ្យ
 3. សុញ្ញអន្តរកប្ប បាន​ដល់​អន្តរកប្ប​ដែល​មិន​មាន​ព្រះពុទ្ធ​ត្រាស់ដឹង
 4. សុញ្ញអាយុកប្ប បាន​ដល់​ក្នុង​រវាង​មនុស្ស​មាន​អាយុ​វែង​ច្រើន​ជាង​មួយ​សែន​ឆ្នាំ​ឡើង​ទៅ និង​តិច​ជាង​មួយ​រយ​ឆ្នាំ​ចុះ​មក ។

តើ​សុញ្ញកប្ប​សំដៅ​ដល់​កប្ប​យ៉ាង​ណា ? ក្នុង​អដ្ឋកថា​បញ្ជាក់​ច្បាស់​ថា «ដែល​ឈ្មោះ​ថា សុញ្ញកប្ប សំដៅ​ដល់​កប្ប​ដែល​មិន​មាន​ព្រះពុទ្ធ​ ព្រះបច្ចេកពុទ្ធ និង​ស្ដេច​ចក្រពត្តិ កើត​ក្នុង​កប្ប​នោះ» ។

២. អសុញ្ញកប្ប

អសុញ្ញកប្ប មាន​ន័យ​ថា កប្ប​ដែល​មិន​សូន្យ​ចាក​បុគ្គល សម្បូរ​ដោយ​គុណធម៌ មាន​ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និង​ស្ដេច​ចក្រពត្តិ តែង​កើត​ក្នុង​កប្ប​នោះ ។

អសុញ្ញកប្ប​នេះ​មាន  យ៉ាង​គឺ ៖ សារកប្ប​១ មណ្ឌកប្ប​១ វរកប្ប​១ សារមណ្ឌកប្ប​១ និង​ភទ្ទកប្ប​១ ។ សម​ដូច​បរមត្ថទីបនី​អដ្ឋកថា​ក្នុង​អបទាន​បញ្ជាក់​ថា ៖

 • សារកប្ប មាន​ព្រះពុទ្ធ ១ ព្រះអង្គ​ត្រាស់ដឹង​ក្នុង​កប្ប​នោះ
 • មណ្ឌកប្ប មាន​ព្រះពុទ្ធ ២ ព្រះអង្គ​ត្រាស់ដឹង​ក្នុង​កប្ប​នោះ
 • វរកប្ប មាន​ព្រះពុទ្ធ ៣ ព្រះអង្គ​ត្រាស់ដឹង​ក្នុង​កប្ប​នោះ
 • សារមណ្ឌកប្ប មាន​ព្រះពុទ្ធ ៤ ព្រះអង្គ​ត្រាស់ដឹង​ក្នុង​កប្ប​នោះ
 • ភទ្ទកប្ប មាន​ព្រះពុទ្ធ ៥ ព្រះអង្គ​ត្រាស់ដឹង​ក្នុង​កប្ប​នោះ ។

សម​ដូច​បោរាណាចារ្យ​ប្រព័ន្ធ​ជា​គាថា​ថា ៖

ព្រះពុទ្ធ ១ អង្គ​ប៉ុណ្ណោះ កើត​ឡើង​ក្នុង​សារកប្ប

ព្រះពុទ្ធ​ត្រឹម ២ អង្គ​ប៉ុណ្ណោះ​មាន​ក្នុង​មណ្ឌកប្ប

ព្រះពុទ្ធ ៣ អង្គ​កើត​ឡើង​ក្នុង​វរកប្ប

ក្នុង​សារមណ្ឌកប្ប មាន​ព្រះពុទ្ធ ៤ ព្រះអង្គ

ចំណែក​ភទ្ទកប្ប ជា​កប្ប​ដ៏​ចម្រើន​មាន​ព្រះពុទ្ធ​ត្រាស់ដឹង​រហូត​ដល់​ទៅ ៥ ព្រះអង្គ ព្រះជិនស្រី​ទ្រង់​មិន​ត្រាស់ដឹង​ក្នុង​កប្ប​ដទៃ​ដែល​ជា​សុញ្ញកប្ប​ឡើយ ។

នៅ​ក្នុង​អដ្ឋកថា​អនាគតវង្ស​ថា «ក្នុង​មហាកប្ប​នីមួយៗ​នឹង​មាន​ព្រះពុទ្ធ​ត្រាស់ដឹង​ឡើង ៦ ឬ​ ៧ ព្រះអង្គ​នោះ មិន​មាន​ឡើយ» ។

បទសិក្សា​ពិចារណា

អនាគតវង្ស កើត​ឡើង​សម័យ​ខាង​ក្រោយ​បាន​ពោល​អះអាង​យ៉ាង​ដាច់​ខាត​ថា បន្ទាប់​ពី​ភទ្ទកប្ប​នេះ​ទៅ សុញ្ញកប្ប​មាន​រហូត​ដល់​ទៅ ១ អសង្ខេយ្យកប្ប ដូច​មាន​ពាក្យ​ថា «កាល​ភទ្ទកប្ប​កន្លង​ទៅ សុញ្ញកប្ប​កើត​ឡើង​រហូត​ដល់​ទៅ ១ អសង្ខេយ្យ» ។

កាល​ប្រើ​ស័ព្ទ​ភាសា​បាលី​ថា «សុញ្ញកប្ប» មាន​រហូត​ដល់​ទៅ ១ អសង្ខេយ្យ​យ៉ាង​នេះ ជា​ការ​ជំទាស់​នូវ​ព្រះពុទ្ធដីកា និង​អដ្ឋកថា ដីកា​ពិត​ប្រាកដ ។ ព្រោះ​ព្រះពុទ្ធដីកា អដ្ឋកថា និង​ដីកា​បាន​សម្ដែង​យ៉ាង​ជាក់​ច្បាស់​ថា មាន​អសុញ្ញកប្ប​បន្ទាប់​ពី​ភទ្ទកប្ប​នេះ​ទៅ ។

យើង​ត្រូវ​សិក្សា​មើល​ពាក្យ​ថា «សុញ្ញកប្ប» តើ​មាន​អត្ថន័យ​យ៉ាង​ណា ?

សញ្ញកប្ប មាន​ន័យ​ថា កប្ប​ដែល​មិន​មាន​ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេច​ចក្រពត្តិ​កើត​ឡើង ព្រោះ​ជា​កប្ប​ដែល​សូន្យ​ចាក​បុគ្គល​អ្នក​មាន​គុណ​វិសេស ។ សម​ដូច​មធុរត្ថវិលាសិនី អដ្ឋកថា ពុទ្ធវំស​បាន​បញ្ជាក់​ច្បាស់​ថា «ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេច​ចក្រពត្តិ មិន​កើត​ឡើង​ក្នុង​សុញ្ញកប្ប​សោះ​ឡើយ» ។

តាម​នៅ​ក្នុង​អដ្ឋកថា និង​ដីកា​មាន​បញ្ជាក់​ថា បន្ទាប់​ពី​កប្ប​នេះ​ទៅ មាន​ព្រះបច្ចេកពុទ្ធ​បាន​សម្រេច​ជា​បច្ចេក​ពោធិញ្ញាណ​ពិត​ប្រាកដ ។ បើ​មាន​ព្រះបច្ចេកពុទ្ធ​ពិត​មែន បន្ទាប់​ពិ​កប្ប​នេះ​ទៅ​នោះ ដូច្នោះ​ស​ឲ្យ​ឃើញ​ថា កប្ប​នោះ​គឺ​ជា អសុញ្ញកប្ប ។ ធម្មនិយាម ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេច​ចក្រពត្តិ មិន​មាន​សោះ​ឡើយ​ក្នុង​សុញ្ញកប្ប ។

នៅ​ក្នុង​អដ្ឋកថា​ធម្មបទយមក​វគ្គ​ទេវទត្ត​វត្ថុ​អដ្ឋកថា​បញ្ជាក់​ថា «មែន​ពិត ភិក្ខុ​ទេវត្ត​នោះ​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​ព្រះនាម អដ្ឋិស្សរៈ ក្នុង​ទីបំផុត​នៃ​មួយ​សែន​កប្ប​អំពី​ភទ្ទកប្ប​នេះ​ទៅ» ។

នៅ​ក្នុង​មិលិន្ទបញ្ហា​បញ្ជាក់​ថា ត្រង់​ពាក្យ​ថា ភិក្ខុ​ទេវត្ត​រួច​ផុត​អំពី​នរក​នោះ​ហើយ​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​ព្រះនាម អដ្ឋិស្សរៈ សចក្ដី​ថា «ភិក្ខុ​ទេវត្ត​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​ព្រះនាម​អដ្ឋិស្សរៈ​ក្នុង​ទី​បំផុត​អាយុ​កប្ប​ដែល​មនុស្ស​មាន​អាយុ​មួយ​សែន​ឆ្នាំ អំពី​មនុស្ស​អាយុ​កប្ប​ ១០ ឆ្នាំ ក្នុង​ខាង​ដើម​នោះ​ឯង​នៃ​អារោហនកប្ប​ដទៃ​អំពី​ភទ្ទកប្ប​នេះ​ទៅ» ។

សូម​បញ្ជាក់​ថា ក្នុង​ ១ កប្ប មាន  គឺ «អារោហនកប្ប» និង «ឱរោហនកប្ប» ចែក​ចេញ​ជា ចំណែក​យ៉ាង​នេះ ចាប់​តាំង​ពី​មនុស្ស​មាន​អាយុ ១០ ឆ្នាំ រហូត​ដល់ ១ អសង្ខេយ្យ ឈ្មោះ អារោហនកប្ប ៣ ចំណែក ចាប់​តាំង​ពី​មនុស្ស​មាន​អាយុ ១ អសង្ខេយ្យ​ធ្លាក់​ចុះ​មក​ដល់​មនុស្ស ១០ ឆ្នាំ ឈ្មោះ​ថា ឱរោហនកប្ប មាន​ ៣ ចំណែក ទាំងអស់​មាន ៦ ចំណែក ។ ភិក្ខុ​ទេវទត្ត​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​បន្ទាប់​ពី​ភទ្ទកប្ប​នេះ​ទៅ ១ សែន​កប្ប ។

ក្នុង​អដ្ឋកថា​ខុទ្ទកនិកាយ មង្គលសូត្រ និង​អដ្ឋកថា​សុត្តនិបាត​ចូឡវគ្គ​បញ្ជាក់​ថា «ព្រះនាម​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មលាការៈ​នុ៎ះ​នឹង​ត្រាច់​ទៅ​ក្នុង​មនុស្ស​លោក ទេវលោក ក្នុង​ទីបំផុត​មួយ​សែន​កប្ប​នឹង​សម្រេច​ជា​ព្រះបច្ចេកពុទ្ធ​មាន​នាម​ថា សុមនិស្សរៈ ដោយ​អានុភាព​នៃ​ការ​បូជា​ចំពោះ​តថាគត​នេះ ។ ម្នាល​អានន្ទ​សុមនមាលា​ការៈ​បូជា​ជីវិត​ចំពោះ​តថាគត ហើយ​ធ្វើ​នូវ​ការ​បូជា​ផ្កា តែង​តែ​មិន​ទៅ​កាន់​ទុគ្គតិ​អស់​មួយ​សែន​កប្ប ត្រាច់​ទៅ​ក្នុង​ទេវតា និង​មនុស្ស​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​ព្រះនាម​សុមនៈ» ។

ក្នុង​អដ្ឋកថា​សទ្ធម្មប្បជ្ជោតិកា អដ្ឋកថា ចូឡនិទ្ទេស និង​ក្នុង​អភិធម្មាវតារអភិនវដីកា​បញ្ជាក់​ថា «ក្នុង​អនាគត​កាល​នឹង​មាន​ព្រះបច្ចេកពុទ្ធ​ព្រះនាម អដ្ឋិស្សរៈ នឹង​មាន​ព្រះបច្ចេកពុទ្ធ​ព្រះនាម សុមនិស្សរៈ» ។

ក្នុង​បបញ្ចសូទនី អដ្ឋកថា មូលបណ្ណាសក សីហនាទវគ្គ​ចូឡសីហនាទសូត្រ​បញ្ជាក់​ថា «ម្នាល​អានន្ទ​អ្នក​ចូរ​មើល​សត្វ​ទីទុយ​នេះ​ចុះ សត្វ​ទីទុយ​នេះ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​តថាគត​ផង ចំពោះ​ភិក្ខុ​សង្ឃ​ផង ត្រាច់​ទៅ​ហើយ​ក្នុង​ទេវតា និង​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ជា​ព្រះបច្ចេកពុទ្ធ​ព្រះនាម​សោមនស្ស ក្នុង​មួយ​សែន​កប្ប (បន្ទាប់​អំពី​ភទ្ទកប្ប​នេះ​ទៅ)» ។

នៅ​ក្នុង​គម្ពីរ​មូល​បណ្ណាសកដីកា​ឈ្មោះ លីនត្ថប្បកាសិនីខៃ ពន្យល់​ថា «ត្រង់​ពាក្យ​ថា ស្ថិត​នៅ​នមស្ការ សេចក្ដី​ថា សត្វ​ទីទុយ​នោះ​តែង​នមស្ការ​ថ្វាយ​បង្គំ​ដោយ​ការ​បំពេញ​បច្ចេក​ពោធិ​បារមី​អស់ ២ អសង្ខេយ្យ (រួច​មក​ហើយ) ផង តែង​នមស្ការ​ដោយ​បំពេញ​វត្ត​ជុំវិញ​ក្នុង​ព្រះពុទ្ធ​សាសនា​ផង និង​ដោយ​សេចក្ដី​ជ្រះថ្លា​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ​ផង» ។

ការ​ពិនិត្យ​សង្កេត​ឲ្យ​បាន​ច្បាស់​លាស់​តាម អដ្ឋកថា ដីកា​ទាំង​អស់​នេះ​ទៅ​ឃើញ​ថា បន្ទាប់​ពី​ភទ្ទកប្ប​នេះ​ទៅ មិន​មែន​សុញ្ញកប្ប​រហូត​ដល់​មួយ​អសង្ខេយ្យ​នោះ​ឡើយ ៕

ពុទ្ធប្បកិណ្ណកក័ណ្ឌពុទ្ធប្បកិណ្ណកក័ណ្ឌ

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 159 នាក់

ម្សិលមិញ 671 នាក់

សរុប 1337578 នាក់