ព្រះចៅអធិការវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិផ្សព្វផ្សាយពីព្រឹត្តិការណ៍បុណ្យមួយចំនួន ដើម្បីអោយពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា

09.12.19.HENG.21

ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យមួយចំនួន ដើម្បីឱ្យពុទ្ធបរិស័ទចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីសន្សំមហាកុសលសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា តំណាងគណៈសង្ឃនាយក និងជាប្រធានសមាគមសមណនិស្សិតកម្ពុជា ព្រះចៅអធិការវត្តខ្មែរទាំង៨ នៅដែនដីពុទ្ធភូមិមានព្រះថេរៈដីកាឱ្យដឹងថា វត្តខ្មែរពុទ្ធភូមិ គ្រោងធ្វើកម្មវិធីឆ្លងមហាកុដ្ឋនៅនៅ ខែកុម្ភៈ ឆ្នាំ២០២០ នាពេលខាងមុខនេះ បន្ទាប់ពីសាងសង់រួចកាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ កន្លងមកនេះ ។


ព្រះតេជគុណមានសង្ឃដីកាទៀតថា មហាកុដ្ឋនេះមានកម្ពស់៣ជាន់ មាន៥១បន្ទប់ សម្រាប់ទទួលស្វាគមន៍ពុទ្ធបរិស័ទ ទៅស្នាក់អាស្រ័យនៅក្នុងដែនដីពុទ្ធភូមិ ចន្លោះពី៤៨០នាក់ ទៅ៥០០នាក់ ដោយបានចំណាយថវិកាសាងសង់រហូតដល់ជាង ៧៥ម៉ឺនដុល្លា ។


ព្រះតេជព្រះគុណបន្តថា ចំពោះវត្តខ្មែរលុមពនី ដែលជាទីស្ថានព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ នៅពេលនេះកំពុងស្ថាបនាគម្រោងសាងសង់ព្រះចូឡាមនីចេតិយក្នុងទម្រង់រចនាបទខ្មែរ ដែលមានកម្ពស់៣៥ម៉ែត្រ គ្រោងចំណាយថវិកាចន្លោះពី៦០ម៉ឺន ទៅ៧០ម៉ឺនដុល្លា ។ បច្ចុប្បន្ន ព្រះចូឡាមនីចេតិយនេះ សាងសង់សម្រេចបានចំនួន៧០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅពេលឆាប់ៗនេះ ។ បន្ថែមពីនេះទៀត គឺគម្រោងតម្លើងព្រះសុវណ្ណកោដ្ឋ ធ្វើអំពីមាសសុទ្ធចំនួន១០៨តម្លឹង ដើម្បីតម្កល់ព្រះសិរីរឹកធាតុព្រះសមា្មសម្ពុទ្ធបរមគ្រូនៃយើង ។


នាឱកាសនោះដែរ ព្រះតេជព្រះគុណក៏បានផ្សព្វផ្សាយអំពីកម្មវិធីធម្មយាត្រា ស្វែងរក បុ​ណ្យ​​ទៅកាន់ដែនដីពុទ្ធភូមិនៅក្នុងខែកុម្ភៈខាងមុខនេះ ដើម្បីទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ ដំណើរទស្សនៈកិច្ចនៅតំបន់ព្រៃហេមពាន្វ និងចូលរួមសម្ពោធមហាកុដ្ឋនៅវត្តគយាក្នុងបំណងបង្កើនផល្លានិសង្ឃសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ។

ព្រះតេជព្រះគុណមានសង្ឃដីកាបន្ថែមថា កម្មវិធីធម្មយាត្រាស្វែងរកបុណ្យនេះមានរយៈពេល១៨ថ្ងៃទៅ ២០ថ្ងៃ ដោយម្នាក់ៗគ្រោងចំណាយថវិកាជាង១០០០ដុល្លា ។
ព្រះតេជព្រះគុណមានសង្ឃដីកាអៈអាងថា ការចូលរួមចាប់មគ្គផលទៅតាមកម្លាំងសទ្ធាជ្រះថ្លាគាំទ្របុណ្យ និងកសាងសមិទ្ធិផលនៅក្នុងវត្តទាំង៨ស្ថិតក្នុងដែនដីពុទ្ធភូមិនេះ មិនត្រឹមតែ បង្ហាញពីការរីកចម្រើនវិស័យព្រះពុទ្ធសាសនា នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទំាងបានបង្ហាញពីវប្បធម៌ខ្មែរដ៏ល្អផូរផង់ នៅក្នុងដែនដីពុទ្ធភូមិថែមទៀតផង ។ ពិសេសទៀតនោះ គឺពុទ្ធបរិស័ទនឹងទទួលបានអនិសង្ឃជាច្រើន ដោយតាមព្រះពុទ្ធអង្គសម្តែង ពីពពួកហ្វូងមនុស្ស និងទេវត្តាតាមថែរក្សា បានសេចក្តីសុខសេចក្តីចម្រើន មានជោគមានជ័យ ហើយទៅអនាគតជាតិ ក្លាយជាស្តេចចក្រពាត់អាកាសាក់ ទេវត្តា៨៤០០​០​ពាន់ជាតិ បានទៅជាសាកាក់ទេវរាជ និងតុសិតាទេវរាជជាដើម ។

សូមបញ្ជាក់ថា ព្រះទេវសត្ថា បណ្ឌិត ពឿយ មេត្តា បានផ្តួចផ្តើមកសាងវត្តខ្មែរក្នុងដែនដីពុទ្ធភូមិ ចាប់តំាងពីឆ្នាំ២០០៤មក ដែលរហូតមកដល់ពេលនេះ មានរយៈពេល១៤ឆ្នាំហើយ ដែលមានវត្តខ្មែរចំនួន៨ ដោយវត្តខ្លះមានព្រះវិហារ និងវត្តខ្លះទៀតកំពុងចាប់ផ្តើមសាងសង់ ក្នុងទម្រង់រចនាបទខ្មែរបុរាណ ៕

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1194 នាក់

ម្សិលមិញ 696 នាក់

សរុប 889337 នាក់