ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ខេត្តកំពង់ស្ពឺ

10.12.19.HENG.4

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់​គុ​ន​កងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំការស្វាយគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  ការដំណើរការវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ រហូតឈានដល់ការបិទវគ្គហ្វឹកហ្វឺននាថ្ងៃនេះ គឺជាការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវគោលការណ៍របស់ក្រសួងការពារជាតិ និងផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋាន ក្នុងការផ្សព្វផ្សាយ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងក៏ជាផ្នែកមួយនៃការរួបរួមសាមគ្គីរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន របស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងមោទនភាពក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសក​ម្មភាពជាក់ស្តែង ធ្វើឱ្យសៀវភៅឯកសារក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្លាយទៅជាឯកសាររស់រវើក ជាពិសេសធ្វើឱ្យចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លាយទៅជាការពិតជាជំហានៗ ដោយយើងបានចាប់ផ្តើមចាក់គ្រឹះបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ បន្ថែមលើមូលដ្ឋានឯកសារដែលយើងបានចងក្រងរួចមកហើយ។

 

នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពរបស់កូនខ្មែរ កើតឡើងពីការរួមគ្នារបស់បុព្វបុរសខ្មែរក្នុងការចងក្រងបទពិសោធន៍ជាក្បួនប្រយុទ្ធ ការរួមគ្នារបស់កូនខ្មែរជំនាន់ក្រោយដើម្បីស្រាវជ្រាវចងក្រងសំយោគឡើងវិញ, និងការរួមគ្នារបស់កងកម្លាំងប្រ​ដា​ប់អាវុធយើងក្នុងចាប់ផ្តើមហ្វឹកហាត់  ប្រើប្រាស់ ហើយយើងនឹងរួបរួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត ស​ម្រា​​​ប់​កូនខ្មែរ និងយោធិននៃកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់ ។

 

សៀវភៅក្បាច់គុណកងយោធពលខេមរភូមិន្ទ គឺជាឯកសារមូលដ្ឋានគ្រឹះនៃមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ កើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយធ្វើសំយោគពីក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ ក្រោមកិច្ចសហការរវាងកងយោធពលខេមរភូមិន្ទ ជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី គឺសហព័ន្ធកីទ្បាគុនល្បុកតោកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា។ សៀវភៅក្បាច់គុននេះ ជាឯកសារហ្វឹកហ្វឺនពិសេសមួយ ខុសពីឯកសារយុទ្ធវិធីដទៃទៀតត្រង់ថា ខ្លឹមសារសៀវភៅនេះពុំមានធាតុផ្សំពីបរទេសនោះឡើយ គឺកើតឡើងពីការខិតខំរៀបចំចងក្រងដោយកូនខ្មែរសុទ្ធសាធ តាមរយៈការប្រមូលផ្តុំឯកសារបុរាណ និងសិល្បៈប្រយុទ្ធដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើង ។

 

 

ទស្សនៈវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ និងគុណធម៌ថ្លៃថ្នូរ ។ ចំពោះកងយោធពលខេមរភូមិន្ទ ការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ដោយផ្អែកលើមូលដ្ឋានឯកសារ ដែលបានចងក្រងឡើងមកនេះ គឺមិនត្រឹមតែពង្រឹងបាននូវសមត្ថភាពប្រើប្រាស់យុទ្ធវិធី រួមផ្សំជាមួយក្បាច់គុនក្នុងការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ស័ក្តិសមជាឆ្អឹងខ្នងដ៏រឹងមាំនៃខឿនការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្បាច់​គុ​ន​បុ​រាណរបស់បុព្វបុរសរស់រានមានជីវិតឡើងវិញ និងបង្កើតបានជាអត្តសញ្ញាណជាតិ និងអត្តសញ្ញាវប្បធម៌សម្រាប់កងយោធពលខេមរភូមិន្ទយើង ។

 

កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ វគ្គហ្វឹកហ្វឺនដែលកំពុងដំណើរការបិទនាពេលនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចំបាច់ចំពោះមុខក្នុងការកសាងធនធានមនុស្សជាគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ បម្រើឱ្យការបំពេញភារកិច្ចបណ្តុះបណ្តាលបន្តនៅតាមបណ្តាសាលាហ្វឹកហ្វឺន និងគ្រប់បណ្តាកងឯកភាពក្នុងកងយោធពលខេរមភូមិន្ទ។ ជោគជ័យនៃវគ្គហ្វឹកហ្វឺននេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរវាងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ រួមជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្យមានរាយកាយរឹងមាំ ប្រាជ្ញាស្មារតីភ្លឺថ្លា សមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សំណូមពរដល់សហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី បន្តកិច្ចសហការជួយបង្ហាត់បង្រៀនក្បាច់គុនកងយោធពលខេមរភូមិន្ទក្នុងជួរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបណ្តាគ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ហើយសូមប្រើប្រាស់សៀវភៅឯកសារក្បាច់គុនកងយោធព​ល​ខេមរភូមិន្ទ ដែលត្រូវបានសំយោ​គ​ចងក្រងឡើងមកនេះ ជាមូលដ្ឋានគ្រឹះ ជាបទដ្ឋានរួមក្នុងការហ្វឹកហាត់ដើម្បីធានាបាននូវនិរន្តរភាព និងឯកភាពក្នុងការហ្វឹកហាត់ក្បាច់គុននេះ ។

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1203 នាក់

ម្សិលមិញ 696 នាក់

សរុប 889346 នាក់