ឯកឧត្តម ថោង ខុន (ពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំ២០១៩នេះ សង្ឃឹមថាទទួលបានលទ្ធផលល្អជាងបណ្ដាខេត្តនានានៅជាប់មាត់សមុទ្រនាឆ្នាំកន្លងទៅ)

19.12.19.HENG.31

ខេត្តកំពត ៖ ឯកឧត្តម ថោង ខុន បានសង្ឃឹមថាពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំ២០១៩នេះ នឹងទទួលបានលទ្ធផលល្អជាងបណ្ដាខេត្តនានានៃឆ្នាំកន្លងទៅ ហើយភ្ញៀវទេសចរក៏នឹងចូលរួមកម្សាន្តមានការកើនឡើងថែមទៀតផងដែរ ។

ការលើកឡើងបែបនេះ របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តមថោង ខុននៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចចុងក្រោយរបស់គណៈកម្មការអន្តរក្រសួង នៅសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូឆ្នាំ ២០១៩ ដោយមានវត្តមានឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។

ឯកឧត្តមថោង ខុន ក៏បានសម្ដែងការកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរខេត្តកំពតក្នុងដំណើរការអនុវត្តគម្រោងផែនការ ឆ្ពោះទៅកាន់ការរៀបចំនៃព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»  នៅខេត្តកំពតដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

ឯកឧត្តម ថោង ខុន ក៏បានលើកទឹកចិត្តដល់គណៈកម្មការ ក្នុងការនាំយកផលិតផល កសិផលដែលមានក្នុងស្រុក និងម្ហូបអាហារដាក់បង្ហាញតាំងលក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន តាមដែលអាចធ្វើបានដើម្បីបង្ហាញពីអត្តសញ្ញាណខេត្ត ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកំពតនេះដែរ ។

ឯកឧត្តម ថោង ខុន  បានបន្តទៀតថា ការជំរុញឲ្យមានការតាំងបង្ហាញរូបភាព វីដេអូស្តីពីផលិតផលទេសចរណ៍នានា ដូចជាសហគមន៍ទេសចរណ៍ រមណីយដ្ឋានជាដើម គឺដើម្បីជាការបង្ហាញឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានឃើញ និងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នាពិនិត្យលើការងារសេសសល់ពីនេះទៅដល់ថ្ងៃប្រារព្ធពិធីបុណ្យសមុទ្រ ។ ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សានូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់  សម្រាប់ប្រតិភូដែលមកចូលរួមពិធីបុណ្យសមុទ្រ សម្រួលការធ្វើដំណើររបស់ក្រុមសិល្បករ សិល្បការិនី កីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិឲ្យបានល្អ ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញសាជាថ្មី ដល់អនុគណៈកម្មការ ត្រូវចុះទៅដល់ភោជនីយដ្ឋាន អាហាដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ បូទិច បឹងកាឡូ ដើម្បីប្រាប់ឲ្យពូកគាត់ដាក់បង្ហាញ បញ្ចីរាយនាមមុខម្ហូបអាហារ សេវានានា និងត្រូវដាក់តម្លៃឲ្យបានត្រឹមត្រូវ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្នុងឱកាស ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩ ខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរ និង ប្រជាពលរដ្ឋចូលរួមទស្សនាមិនតិចជាង ៥០ម៉ឺននាក់ឡើយ ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមជាវ តាយអភិបាល ខេត្ត ក៏បានឲ្យដឹងអំពីលទ្ធផលការងារសម្រេចបានរបស់អនុគណៈកម្មការខេត្តទាំង៦ រួមមាន ៖ ការងារ ពិព័រណ៌ សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ ការងាររៀបចំមហោស្រព ម្ហូបអាហារ ភេសជ្ជៈ និងអនាម័យបរិស្ថាន ការងាររៀបចំប្រារព្ធពិធីនិងហេដ្ឋារចនាសម្ព័ន្ធ ការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះបន្ទាន់ និងការងារ ខ្លឹមសារពិធីការ និង កិច្ចប្រជុំពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រមានរយៈ ពេល ៣ថ្ងៃគឺ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ ខែធ្នូនេះ ក៏មានកម្មវិធី កម្សាន្តជាច្រើនដូចជា ការសម្ដែងសិល្បៈ របាំ ចម្រៀង មានការតាំងពិព័រណ៌ វិថីម្ហូបអាហារ ព្រឹត្តិការណ៍កីឡាលើគោក លើទឹក និងការប្រកួតក្បាច់គុនជាដើម ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 101 នាក់

ម្សិលមិញ 671 នាក់

សរុប 1337520 នាក់