រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ តុល្យការចុងក្រោយ ជនរងគ្រោះសរុប ៥៩នាក់ ស្លាប់៣៦នាក់ រងរបួស ២៣នាក់

20.01.05.0

ខេត្តកែប ៖ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ ។

រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី ) ចាប់ពីថ្ងៃ ទី​០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១ៈ៣៥នាទីថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ​២​០២០ ។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប​៥៩​នា​ក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួ​ន០​៦​នា​ក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់) ។

រដ្ឋបាលខេត្តកែបបញ្ជាក់ទៀតថា ចំពោះជនរងគ្រោះបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ដើម្បីទទួល​យក​ស​ព​ទៅធ្វើបុណ្យតាមប្រពៃណី ។

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានសម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុ រយៈពេល​២ថ្ងៃ​២​យ​ប់ និងបានឧបត្ថម្ភជាសម្ភារៈថវិកាផងនោះ គឺពិតជាបានបង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូ​ន​កម្មករជាជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បងប្អូន គ្រប់ក្រុមការងារទាំងអ​ស់​ ​ដែលចូលរួមក្នុងបេសកកម្មរុករកជនរងគ្រោះ ដោយឧបទ្ទវហេតុដ៏សែនអាក្រក់នេះ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកែប ក៏សូមគោរពថ្លែងអំណរគុណ ចំពោះក្រុមការងារជួយសង្គ្រោះទាំងអស់ ដែលបានចំណាយពេ​ល​​​​​វេលា ប្រើអស់កម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយសង្គ្រោះជនរងគ្រោះចេញពីគំនរបាក់បែកនៃអគារដួលរលំនេះ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 159 នាក់

ម្សិលមិញ 1548 នាក់

សរុប 820918 នាក់