សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យមន្ដ្រីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាំងពីផ្ដើមចេញពន្លក កុំចាំផ្ទុះធំទើបដោះស្រាយ ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី

20200110.10

ខេត្តរតនគិរី ៖ ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ​២​០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីទាំងអស់ដែ​លជាអ្នកផ្ដល់សេវា ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាំងពីផ្ដើមចេញពន្លក កុំចាំផ្ទុះធំហើយទើបនាំគ្នាខំដោះស្រាយ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា “ បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងតាមរយៈវេទិការសាធារណៈ ឬក៏តា​ម​រយៈ នៃការប្រមូលព័ត៌មានផ្សេងៗទៀត ដូចជាចុះតាមផ្ទះផ្ទាល់ជាដើម យើងបូករួមជាបញ្ហាទៅវាមានប៉ុន្មាន អញ្ចឹងយើងចា​ត់វិធានការដោះស្រាយ  បញ្ហាខ្លះយើងលឺហើយ  បើមិនដោះស្រាយយើងមិនយកចិត្តទុកដាក់  ថ្ងៃណាមួយវាអាចផ្ទុះធំឡើង  ដែលនាំឲ្យ​មានការខាតបង់ច្រើនពិបាកដោះស្រាយ ”  ។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃបានគូសបញ្ជាក់ទៀតថា សម្រាប់បញ្ហាទាំងឡាយណាដែលក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋានខិត​ខំដោះស្រាយហើយ  ប៉ុន្ដែនៅមិនអាចដោះស្រាយបាននោះ  ត្រូវតែបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីមានវិ​ធានការដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងការអូសបន្លាយ  ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបញ្ហាប្រឈមនៅក្នុ​ងខេត្តដែលខ្លួនទទួលខុសត្រូវជាប់ជាប្រចាំ  ហើយតាមមូលដ្ឋានស្រុក  ឃុំ  ក៏ត្រូវតែធ្វើបច្ចុប្បន្នភាពដូចគ្នាផងដែរ ដើ ម្បីរកឲ្យឃើញថា បញ្ហាអ្វីខ្លះដែលបានដោះស្រាយរួចរាល់ ហើយបញ្ហាខ្លះទៀតដែលមិនទាន់បានដោះស្រាយចេញ ។

ផ្អែកលើមូលដ្ឋាននេះ សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវរួមគ្នាជាមួយរដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងសមត្ថកិច្ច ដើម្បីរៀបចំផែនការសកម្មភាព  ត្រូវកំណត់ឲ្យបានជាក់លាក់នូវអង្គភាពទទួលខុសត្រូវ ក្នុងការអនុវត្តស​កម្មភាពនីមួយៗ  ហើយក្រុមការងារថ្នាក់ជាតិ   ក៏ត្រូវបែងចែកការទទួលខុសត្រូវក្នុងការតាមដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្ត  ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាត្រូវបានផ្ទេរភារកិច្ច  លោក លី ធុជ  ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស  ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយលោក ជៀង អុំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ហើយត្រូវបានប្រកាសជាផ្លូវការនៅព្រឹកមិញនេះ  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 122 នាក់

ម្សិលមិញ 525 នាក់

សរុប 951165 នាក់