ក្រោយពីផ្ទុះឡើងនូវជំងឺ រលាកសួតមិនស្គាល់អត្ដសញ្ញាណ នៅទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន !!! ក្រសួងសុខាភិបាល បំពាក់ម៉ាស៊ីនស្កេនកំដៅ នៅតាមអាកាសយានដ្ឋានទាំង៣របស់កម្ពុជា រួមមានភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប

20200112.37,1

ភ្នំពេញ ៖ ក្រោយពីផ្ទុះឡើងនូវជំងឺ រលាកសួតមិនស្គាល់អត្ដសញ្ញាណ នៅទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន, ជាវិធានការប​ន្ទា​ន់មួយសម្រាប់កម្ពុជាដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ, ក្រសួងសុខាភិបាលកម្ពុជា បានដាក់បំពាក់ម៉ា​ស៊ីនស្កេនកំដៅ នៅ​តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមានភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ។

លើសពីនោះ ក្រសួងសុខាភិបាល បានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរ​ពេ​ទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ដោយត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផ​ង​ដែ​រ ។

ជាងនេះទៅទៀត ក្រសួងក៏បានផ្សព្វផ្សាយ ជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥ រាជធានី-ខេត្ត ឲ្យត្រៀ​ម​លក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ និងកំពុងពង្រឹងការងារតា​ម​ដា​នជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង បានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះជានិច្ច ។

 

លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង បានថ្លែងឱ្យដឹងថា “ក្រសួងសុខាភិបាល ក្រោមការដឹក​នាំ​របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានកំពុងយកចិត្ដទុកដាក់ខ្ពស់ និងតាមដានដោយយកចិត្តទុកដាក់បំផុត នូវស្ថានភាពនៃកា​រ​កើតមានករណីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពី អង្គការសុខភាពពិភពលោកប្រចាំនៅក​ម្ពុ​ជា ដែលករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទី​ក្រុ​ង​វូ​ហា​ន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួនមានអ្នកជំងឺពីរ-បីនាក់មានរោគស​ញ្ញា​ហ​ត់​ ហើយថតកាំរស្មីអ៊ិចបង្ហាញថា មានដំបៅសួតទាំងសងខាង” ។

លទ្ធផលទទួលបានពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្តាសាយបក្សី ឬ​ជំ​​​ងឺ​ផ្តាសាយបង្ករដោយវីរុសអាដេណូ (adenovirus) ឬជំងឺ MERS ឬក៏ជំងឺផ្លូវដង្ហើមដទៃទៀតនោះឡើយ ។ ការអង្កេតស្រាវជ្រាវ​ដោ​យមន្ទីរពិសោធន៍ នៃប្រទេសចិន កំពុងបន្តធ្វើទៀត ដើម្បីស្វែងរកអត្តសញ្ញាណ នៃជំងឺរលាកសួតចម្លែកនេះ ។

 

តាមរយៈបាយកការណ៍របស់ អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុ​តា​ងណាមួយ បញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ ហើយក៏មិនទាន់មានការចម្លង ទៅបុគ្គលិកសុខាភិបាលនោះដែរ ។ នៅ​ពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមីសាស្រ្ត និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃ​វីរុស ។

 

សូមជម្រាបថា គិតត្រឹមម៉ោង៨ ព្រឹកនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខេត្តវូហាន បានរាយការណ៍ថា មានអ្នកជំងឺសរុបចំនួ​ន​៥៩​នា​​​ក់ ដែលមានជំងឺរលាកសួតដោយសារវីរុស ដែលមិនស្គាល់អត្តសញ្ញាណ ក្នុងនោះមាន៧នាក់មានជំងឺធ្ងន់ធ្ងរ ហើយអ្នកជំងឺដ​ទៃ​ទៀត មានស្ថានភាពហ្នឹងនរ ។ នាពេលបច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុងទទួលការព្យាបាល ដោយដាក់ឲ្យនៅដាច់ដោយ​ឡែ​ក​ពី​គេ មិ​នទាន់មានអ្នកស្លាប់នោះទេ ។

ក្នុង​ចំណោមអ្នកជំងឺ៥៩នាក់ អ្នកជំងឺដំបូងបានចាប់ផ្តើមឈឺ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងអ្នកជំងឺចុងក្រោយបង្អស់បានចាប់​ផ្តើមឈឺ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។ អ្នកប៉ះពាល់ជាមួយអ្នកជំងឺមាន១៦៣នាក់ ដែលកំពុងតាមដានសម្រាប់ ការស​ង្កេ​ត​ផ្នែកវេជ្ជសាស្ត្របន្ត ។ ការធ្វើអង្កេតអេពីដេមីសាស្ត្របានបង្ហាញថា អ្នកជំងឺខ្លះជាឈ្មួញកណ្តាល ឬជាអ្នកលក់ផ្ទាល់ (ម្ចាស់ផ្ទាល់) ឬ​អ្នកបំរើសេវាផ្ទាល់ នៅផ្សារលក់គ្រឿងសមុទ្រហួណាន ដែលជាទីផ្សារលក់គ្រឿងសមុទ្របោះដុំដ៏ធំជាងគេក្នុងខេត្តនេះ ដែលមា​ន​​​តូបលក់គ្រឿងសមុទ្រ ជាង៦០០តូប និងមានអ្នកបំរើការងារចំនួន១៥០០នាក់ មានសត្វព្រៃក៏ត្រូវបានដាក់លក់ នៅផ្នែកខ្លះនៃ​ទី​ផ្សារនេះដែរ ។

 

បច្ចុប្បន្ននេះក្រសួងសុខាភិបាលកម្ពុជា កំពុងបន្តតាមដានស្ថានភាពនៃជំងឺនេះនៅក្នុងតំបន់ ដោយមានការប្រឹក្សាយ៉ាងជិត​សិ​ទ្និ ជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ហើយមកទល់នឹងពេលនេះ កម្ពុជាមិនទាន់មានករណីជំងឺបែបនេះ កើ​តមាននោះទេ ។

 

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវសូមឲ្យអ្នកធ្វើដំណើរដែលទៅ ឬវិ​ល​ត្រឡប់មកពីទីក្រុងវ៉ូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុ​ខ​​​ភាពផ្ទាល់ខ្លួន ដោយអនុវត្តនូវវិធានការការពារខ្លួនសាមញ្ញៗមួយចំនួន ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1634 នាក់

ម្សិលមិញ 991 នាក់

សរុប 679326 នាក់