សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ APPF លើកទី២៨ នៅប្រទេសអូស្រ្តាលី “យន្តការសភាមានសារៈសំខាន់ ក្នុងការកសាងសន្តិភាព ហើយកម្ពុជាគំាទ្រនយោបាយពហុនិយម”

20200113.18

ប្រទេសអូស្រ្តាលី ៖  សម្តេចពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា  ក្នុងនាមប្រធានវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក  ដែលហៅកាត់ថា AP​​PF លើកទី២៧ បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២០។

សម្តេចបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បងក្នុងការបង្ការ និងផ្សះផ្សារជម្លោះព្រមទាំងប្រែក្លា​យពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបវេទិកា APPF ថា អំណាចរបស់សភាស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យការសម្រេចចិត្តលើថវិកា និ​ងការចូលរួមរបស់សហគមន៍មូលដ្ឋាន ។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាច ដល់ការចូលរួមរបស់ប្រជាជន ក្នុងនយោបាយពិភពលោក ។

កិច្ចប្រជុំ AP​PF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ​២​០​២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី ។

ពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តា​លី​ និងជា​ប្រធាន AP​PF លើកទី២៨ ដោយមានមូលបទ “ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់” ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រ​ធា​ន AP​PF លើកទី២៧ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩ ។

សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រា​យ​បញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត ។

សម្តេចបានជម្រាប APPF ថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុ​ង​គោលដៅរួមចំណែកសម្រេច បាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែក ចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអ​ភិ​​​វឌ្ឍប្រកបដោយចីរភាព ។

នៅចំពោះមុខប្រតិភូចូលរួម ទំាងសមាជិក និងអ្នកសង្កេតការណ៍ប្រមាណ ៣០ប្រទេស លោក តូនី ស្មីត ក៏បានលើកឡើងពីតួ​នា​​​ទីដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋ ដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ ។

ប្រធាន A​PP​F លើកទី២៨ បានស្នើដល់សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការស្រឡាញ់ជុំវិញបញ្ហាសន្តិសុ​ខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេចលើវិស័យទំាងអស់នោះ នឹងបម្រើដល់ផលប្រយោជន៍ប្រជាជន នៅក្នុងតំបន់ និងសកលលោក ។

សូមជម្រាបថា វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនា​យ​ក​រ​ដ្ឋមន្រ្តីជប៉ុន លោក Y​as​uh​​​i​r​o N​a​k​as​one ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជម្រុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក ។

អង្គការសភាមួយនេះ មានសមាជិកសរុបចំនួន ២៧ប្រទេស មានប្រទេសអូស្រា្តលី កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី ស​ហ​ព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រ​ជុំ​កោះ​ម៉ា​រ​ស​ល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ ។

លោក តូនី ស្មីត បានស្វាគមន៍ដល់បណ្តាប្រទេសផ្សេងទៀត ចូលជាសមាជិក APPF ជាពិសេសបណ្តាប្រទេស ដែលជាកោះនៅជុំវិ​ញ​ប្រទេសអូស្ត្រាលី ។ ប្រធានរដ្ឋសភាអូស្រ្តាលី បានគូសបញ្ជាក់ថា APPF បានផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រ​តិ​ប​ត្តិការមួយដ៏ស្មោះត្រង់ ក្នុងការដោះស្រាយបញ្ហារួមជូនពលរដ្ឋ ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1480 នាក់

ម្សិលមិញ 991 នាក់

សរុប 679172 នាក់