លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមវិធានការកែទម្រង់មុតស្រួច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម

so20200116.01

រាជធានីភ្នំពេញ ៖ បញ្ហាពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិត ការបង្កើនឱកាសការងារ ការបង្កើនខ្សែសង្វាក់ផលិតកម្ម និងសេវាកម្ម ព្រមទាំងទាក់ទាញដល់ការវិនិយោគ គឺជាចំណុចសំខាន់ៗ ក្នុងការពិនិត្យ និងពិភាក្សាលើ​កា​រ​ធ្វើវិសោធនកម្ម ក្នុងច្បាប់ស្តីពីការងារ ។

តំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណា​ង​អ​ង្គ​ទូ​ត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO) សរុប៨៥រូប បានមកជួបជុំគ្នាពិ​និ​ត្យ និងពិភាក្សា ផ្តល់យោបល់ជាធាតុ ចូលប្រកបដោយគុណប្រយោជន៍ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដែលមានអា​យុ​​ជាង ២ទសវត្ស ឱ្យបន្តឆ្លើយតបនឹងការវិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ។

ក្នុងឱកាសថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២០ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្របតាមវិ​ធា​នការកែទម្រង់មុតស្រួច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារបានបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើ​​​​​​​​វិសោធនកម្មច្បាប់ ស្តីពីការងារឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម ។

បន្ទាប់ពីបានបញ្ចប់ការសិក្សាជាបឋមលើភាពចាំបាច់ និងអត្ថប្រយោជន៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រសួងបាន​ស​​​​​​​​ហការជាមួយអ្នកជំនាញរបស់អង្គការ ILOរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី១ ដើម្បីពិភាក្សាអំពីលទ្ធភា​ព​​​លើ ៖

១. ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី១វេនជាប្រ​ចាំ​​​​​ ។ ដូចបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ចុះ​​​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួង ការកែសម្រួលនេះមានគោលបំណង បង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូ​ច​ជា​​​​​​​ រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋទៅ​​​តាមជម្រើស និងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង ។ ត្រង់ចំណុចនេះលោក​បា​នបញ្ជាក់ដែរថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី១វេនម្តងម្កាល គឺត្រូវបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរ​មា​ន ។

២. ការលុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅ និ​ងការអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ។ ការកែសម្រួលនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេ​ដ្ឋ​កិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទំាងក្នុងតំបន់ និងសកលលោ​ក​។ ក្រសួងនឹងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាថាផលប្រយោជន៍ របស់កម្មករនិយោ​ជិតគ្រប់រូប មិនត្រូវបានកាត់ប​ន្ថ​យ​ ។

៣. ការពង្រីកវិសាលភាពសេវាកម្ម របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល ដូចការដោះស្រាយវិវាទ​កា​រងាររួមដែរ ដោយមូលហេតុថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួល​បា​នការទុកចិត្តពីគ្រប់ភាគី ។ ចំណុចនេះត្រូវបានលើកយក មកធ្វើការសិក្សាលម្អិត បន្ទាប់ពីការវិភាគលើទិន្នន័យនៃការដោះស្រាយវិវាទការងារ ដែលក្នុងនោះចំនួននៃវិវាទការងារបុគ្គលមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផ្អែកលើលក្ខណៈពិសេសនៃវិវាទការងារ ភាគច្រើននៃវិវាទការងារបុគ្គលតែងតែត្រូវបានបញ្ចប់ ដោយភាគីមិនប្តឹងទៅតុលាការមានសមត្ថកិច្ចនោះ​ទេ បើទោះបីជាករណីមិនសះជាក៏ដោយ ។

ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកា​ន់​​​​តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយទាំងវិវាទកា​រងារបុគ្គល គឺ​ជាដំណោះស្រាយដ៏ប្រសើរ។

ចំណុចទាំង៣ខាងលើនេះ គឺជាចំណុចអាទិភាពដែលក្រុមការងារបានសិក្សា និងរៀបចំដាក់ជូនអង្គសិក្ខាសាលាពិនិត្យ និងពិ​ភា​​​ក្សារួមគ្នា ដើម្បីទទួលបានការឯកភាពគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយកាន់តែល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិកា​រងា​រ​ ​និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគីពិភាក្សាឱ្យបានផុសផុលប្រកបដោយវិជ្ជាជីវៈក្នុងស្មារតីទទួលខុសត្រូវរួម ដើ​​​ម្បីធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។ ទន្ទឹមគ្នានេះដែរ ក្រសួងការងារបានត្រៀមខ្លួនរួចជាស្រេច ក្នុង​កា​របន្តកិច្ចសហការជាមួយដៃគូសង្គមនិងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិ​ស័​យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់  ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1494 នាក់

ម្សិលមិញ 991 នាក់

សរុប 679186 នាក់