របាយការណ៍ពី UN ឲ្យដឹងថា ការកើនឡើងខ្ពស់នៃសីតុណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំតៗទៅមុខទៀត និងបានព្រមានថា គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើន ដែលបង្កឡើងដោយសាតែការកើនឡើងខ្ពស់នៃសីតុណ្ហភាព

so20200116.11

ហ្សឺណែវ ៖ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា អំឡុងទសវត្សរ៍ឆ្នាំ២០១០ មានសី​តុណ្ហភាព​ក្តៅខ្លាំងបំផុត និងបានព្រមានថា គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើន ដែលបង្កឡើងដោយសាតែការកើនឡើងខ្ពស់នៃសីតុ​ណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំតៗទៅមុខទៀត ។ នេះបើតាមការដកស្រង់ការផ្សាយ ចេ​ញ​ពី​សា​​រព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ។

អង្គការឧតុនិយមពិភពលោក WMO របស់ UN ដែលបានចេញរបាយការណ៍របស់ខ្លួន យោងទៅតាមការសិក្សានៃក្រុមអ្នកស្រា​វជ្រាវអន្តរជាតិបានឲ្យដឹងថា ការរកឃើញរបស់អង្គការ ក៏ដូចទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើល ស្ថានភាពអាកាសធាតុនៃ​សហភាពអឺរ៉ុប ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយបង្ហាញថា ២០១៩ គឺជាឆ្នាំក្តៅបំផុតទីពីរចាប់តាំងពីមានការកត់ត្រា​ទុកមក ហើយឆ្នាំដែលក្តៅជាងគេបង្អស់គឺឆ្នាំ២០១៦ ។

ប្រធានអង្គការ WMO លោក ផេតធើរី ថាអាឡាស (Petteri Taalas) បាននិយាយថា ឆ្នាំ២០២០នេះ បានចាប់ផ្តើមឡើងពីចំ​ណុ​ច​ដែលឆ្នាំ២០១៩ បានបន្សល់ទុក គឺលោកចង់សំដៅទៅលើមហន្តរាយភ្លើងឆេះនៅអូស្រ្តាលី ដែលបានបន្តវាយប្រហារប្រទេសនោះ​ជាច្រើនខែមកហើយ ។ អ្នកវិទ្យាសាស្រ្តក៏បានព្រមានដែរថា ភ្លើងឆេះព្រៃរយៈពេលយូរ និងក្នុងកម្រិតធ្ងន់ធ្ងរខ្លាំងបែបនេះនៅ​អូស្រ្តាលី អាចនឹងក្លាយជារឿងកើតមានឡើងជាប្រចាំតែម្តង ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មិនអាចត្រូវកាត់បន្ថយទេ​នោះ ។ ចំណែកលោក Taalas បានបន្តថា គ្រោះធម្មជាតិធ្ងន់ធ្ងរបង្កឡើងដោយសីតុណ្ហភាពយ៉ាងដូច្នេះ នឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២០ និងនៅក្នុងទសវត្សរ៍ខាងមុខៗទៀត ព្រោះតែកំណើននៃកម្រិតឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិ​យា​កា​ស​ ​។

គួរជម្រាបថា បើតាមអង្គការ WMO សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកកំឡុង ០៥ឆ្នាំ (២០១៥-២០១៩)និង ១០ឆ្នាំ (២​០​១​០-២០១៩) គឺខ្ពស់បំផុតមិនធ្លាប់មាន ហើយចាប់តែពីទសវត្សរ៍ឆ្នាំ១៩៨០ មកទសវត្សរ៍បន្ទាប់ៗទៀតសុទ្ធតែមាន សីតុណ្ហភាពខ្ពស់​ជាងទសវត្សរ៍មុនៗ ហើយវាទំនងជានឹងបន្តបែបនេះទៀត ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1511 នាក់

ម្សិលមិញ 991 នាក់

សរុប 679203 នាក់