ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ បានចាប់ផ្ដើមការប្រកួតហើយនៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដោយវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ

20200118.1

ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ បានចាប់ផ្ដើមការប្រកួតហើយនៅព្រឹ​ក​​​ថ្ងៃទី១៨ ខែមករានេះ ដោយវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ បានចេញដំណើរមុនគេ តាំងពីម៉ោង ៤​ទៀ​ប​​ភ្លឺ នៅទីលានប្រជល់ដំរី ហើយត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន មុនបញ្ចប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្អែក ។

 

ក្នុងឱកាសចូលរួមពិធីចេញដំណើរការរត់ចម្ងាយឆ្ងាយខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NO​CC) តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួម និងគាំទ្រព្រឹត្តិការណ៍កីឡាទេសចរណ៍បែ​ប​​​ផ្សងព្រេងនេះ ហើយលោកបានអំពាវនាវឲ្យពួកគេបន្ដការគាំទ្រ និងចូលរួមកាន់តែច្រើនបន្ថែមទៀត នាឆ្នាំក្រោយៗ ។ ប​ន្ថែ​ម​​​លើនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបង្ហាញនូវសុទិដ្ឋិនិ​យមខ្ពស់ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបា​ន​​​បង្ហាញនូវស្នាមញញឹម អមដោយភាពសប្បាយរីករាយ ក្នុងការចូលរួមរត់ចម្ងាយឆ្ងាយរហូតដល់ទៅ ១២៨គីឡូម៉ែត្រ ក្នុងនោះក៏​មា​នកីឡាករកម្ពុជា ៣រូបចូលរួមដែរ ។

ពិសេសគឺជនបរទេស ដែលបានអរគុណកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង នៅតំបន់អង្គរ ជាតំបន់បេតិកភណ្ឌដ៏ល្អឯក ហើ​យមានការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋ ។ ទន្ទឹមជាមួយគ្នាលោក Jean Claude មន្ដ្រីបច្ចេករៀបចំព្រឹត្តិការណ៍ An​gk​o​​r Ultra Trail បានបញ្ជាក់ថា ឆ្នាំនេះការប្រកួតមានលក្ខណៈល្អប្រសើរ និងទាក់ទាញជាងឆ្នាំមុន ដ្បិតការចុះឈ្មោះកើនដល់ទៅ ១​​​០% ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺកំណើននៃការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលនាំឲ្យព្រឹត្តិការណ៍កីឡាផ្សងព្រេងនេះ មានកំ​ណើ​​​នអ្នកចូលរួមជាបន្ដបន្ទាប់ ។ មិនតែប៉ុណ្ណោះលោកក៏បានបង្ហើបគម្រោងបង្កើតវិញ្ញាសារត់ចម្ងាយ ៨គីឡូម៉ែត្រនាឆ្នាំក្រោយ ដើ​​​ម្បីទាក់ទាញអ្នកចូលរួមកាន់តែច្រើនទៀតផង ។

 

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2020 គឺមានវិញ្ញាសាប្រកួត ដូចជារត់ ១២៨គីឡូម៉ែត្រ, ៦៤​គីឡូ​ម៉ែ​ត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដោយមានអ្នកចូលរួមសរុប ១,២៥៥នាក់ មកពី ៤៥ប្រទេស ។ ចំពោះវិ​ញ្ញា​​​សារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ត្រូវចំណាយពេលរត់ប្រមាណ ២៤ម៉ោង ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែមករា ។ ឯពិធីបំពាក់មេ​ដាយ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ហើយមានការចូលរួមពីលោកជំទាវស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 946 នាក់

ម្សិលមិញ 610 នាក់

សរុប 739270 នាក់